ជាតិ
វីដេអូ
ពាក្យ«មិនបោះបង់» បានប្រែអ្នកស្រី សៅបូរីណា ពីបុគ្គលិកផ្នែកលក់ ទៅជានាយិកាក្រុមហ៊ុន
21, Sep 2021 , 8:59 am        
រូបភាព
អ្នកនាង ប៉េងទី សៅបូរីណា នាយិកាប្រតិបត្តិក្រុមហ៊ុន Phnomlist
អ្នកនាង ប៉េងទី សៅបូរីណា នាយិកាប្រតិបត្តិក្រុមហ៊ុន Phnomlist
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ អ្នកស្រី ប៉េងទី សៅបូរីណា ជានាយិកាប្រតិបត្តិក្រុមហ៊ុនផ្តល់សេវាកម្មការងារ Phnomlist។ នាយិការូបនេះ ប្រើពេល៥ឆ្នាំ ដើម្បីកែប្រែវាសនារបស់ខ្លួន តាមរយៈភាពស្មោះត្រង់ ភាពអំណត់ចំពោះកិច្ចការងារ និងចេះរៀបចំផែនការសម្រាប់ជីវិត។ លើសពីនេះ អ្វីដែលធ្វើឱ្យអ្នកស្រី ទទួលបានភាពជោគជ័យក្នុងការងារ គឺកើតឡើងដោយសារ «ការមិនបោះបង់»។ 
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី និងអ្នកស្រី ប៉េងទី សៅបូរីណា ដូចតទៅ៖
 
 
អ្នកស្រី ប៉េងទី សៅបូរីណា ជានាយិកាប្រតិបត្តិក្រុមហ៊ុន Phnomlist ដែលផ្តោតលើការផ្តល់សេវាកម្មការងារ ដល់ធនធានមនុស្សកម្ពុជា ជាពិសេសយុវវ័យ។ ក្រៅជានាយិកាប្រតិបត្តិក្រុមហ៊ុន អ្នកស្រីក៏ជាអ្នកដឹកនាំក្រុមហ៊ុនពីរផ្សេងទៀត ក្នុងពេលតែមួយ។ ក្នុងវិស័យការងារ ទម្រាំអ្នកស្រីមកដល់ចំណុចនេះ អ្នកស្រីបានតស៊ូក្នុងជីវិត និងឃ្លាតឆ្ងាយពីគ្រួសារ ដើម្បីទៅបន្តការសិក្សាផ្នែកអភិវឌ្ឍអាជីវកម្ម នៅប្រទេសកូរ៉េ ក្រោមការជួយឧបត្ថម្ភថវិកាមួយចំនួនពីគ្រួសារ ដែលមានជីវភាពលំបាក។
 
ស្រ្តីសម្បុរស មាឌស្តើងរូបនេះ តែងបើកចិត្តទទួលការស្ថាបនាពីអ្នកជុំវិញ និងមានភាពស្មោះត្រង់ចំពោះស្ថាប័ន ខិតខំប្រឹងប្រែងធ្វើការសន្សំបទពិសោធន៍  រួមទាំងសាងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ អ្នកស្រី  សៅបូរីណា បានចាប់ផ្តើមការងារដំបូងជាបុគ្គលិកផ្នែកលក់។ ការងារដំបូងនេះហើយ ដែលផ្តល់ឱកាសឱ្យស្ត្រីវ័យ ២៧ឆ្នាំរូបនេះ លត់ដំខ្លួន និងសន្សំពិសោធន៍ រហូតទទួលបានការជឿជាក់ និងទុកចិត្តឱ្យដឹកនាំស្ថាប័ន។ អ្នកស្រី សៅបូរីណា សង្កត់ធ្ងន់ថា៖ «ខ្ញុំមានគោលដៅច្បាស់លាស់ ព្រោះស្រឡាញ់ការងារនេះ មិនចង់ប្តូរការងារតាមអារម្មណ៍ទេ ហើយទោះមានរឿងអ្វី ក៏មិនត្រូវបោះបង់ឡើយ ព្រោះរាល់ការផ្លាស់ប្ដូរ មិនសុទ្ធតែជួបរឿងវិជ្ជមានទេ»។


 អ្នកនាង ប៉េងទី សៅបូរីណា នាយិកាប្រតិបត្តិក្រុមហ៊ុន Phnomlist

នៅក្នុងតួនាទីជាអ្នកគ្រប់គ្រង អ្នកស្រី សៅបូរីណា បានបែងចែករបៀបដឹកនាំ និងកិច្ចសហការសម្រាប់បុគ្គលិក និងដៃគូ ដោយឡែកពីគ្នា។ សម្រាប់ការគ្រប់គ្រងបុគ្គលិកផ្ទាល់ អ្នកស្រី តែងផ្តល់ឱកាសឱ្យពួកគេសម្រេចចិត្តលើការងារ និងសហការគ្នាក្នុងការស្វែងរកចំណូលចូលស្ថាប័ន។ ចំពោះកិច្ចសហការជាមួយនឹងដៃគូអាជីវកម្មវិញ អ្នកស្រី ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាពការងារ ពោលគឺព្យាយាមបំពេញរាល់ចំណុចខ្វះខាតរបស់ក្រុមហ៊ុន ដែលបានផ្តល់ជូនទៅឱ្យអតិថិជន។ មិនតែប៉ុណ្ណោះអ្នកស្រី តែងតែរក្សាប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងបន្តកសាងទំនុកចិត្តពីអតិថិជនបន្ថែមទៀត។
  

 អ្នកនាង ប៉េងទី សៅបូរីណា នាយិកាប្រតិបត្តិក្រុមហ៊ុន Phnomlist

មានបទពិសោធន៍យូរឆ្នាំ នៅក្នុងការងារជ្រើសរើសបុគ្គលិក ស្ត្រីរូបនេះ ក៏បានចែករំលែកពីគន្លឹះជ្រើសរើសបុគ្គលិកសម្រាប់ម្ចាស់អាជីវកម្មដទៃផងដែរ។ សម្រាប់អ្នកស្រី សៅបូរីណា ម្ចាស់អាជីវកម្មមិនគួរជ្រើសរើសបុគ្គលិក២ប្រភេទ គឺបុគ្គលិកដែលផ្លាស់ប្តូរការងារញឹកញាប់ និងបុគ្គលិកដែលផ្តល់សម្លឹងលុយជារឿងសំខាន់ជាងការងារ។ អ្នកស្រីពន្យល់ថា បុគ្គលិកទាំង២ប្រភេទនេះ នឹងនាំការរីកចម្រើនដល់ក្រុមហ៊ុនឡើយ៕ 
 

  អ្នកនាង ប៉េងទី សៅបូរីណា នាយិកាប្រតិបត្តិក្រុមហ៊ុន Phnomlist

 
 
 
 

Tag:
 SME
  គំនិតថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com