ជាតិ
អ្នកដឹកជញ្ជូនជាង២០០ ត្រូវបានអាជ្ញាធរសៀមរាបអនុញ្ញាតឱ្យចេញ-ចូលក្នុងតំបន់ក្រហម
21, Sep 2021 , 10:38 am        
រូបភាព
សៀមរាប៖ អ្នកដឹកជញ្ជូនចំនួន២២៣នាក់ ត្រូវបានរដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឱ្យដឹកស្បៀងអាហារនៅតំបន់ក្រហម ក្រោយពីពួកគេបានតេស្ដអវិជ្ជមានជំងឺកូវីដ-១៩។
 
ក្រុមអ្នកដឹកជញ្ជូន ត្រូវបានអាជ្ញាធរខេត្តប្រមូលសំណាកនៅថ្ងៃទី២០ កញ្ញា ដើម្បីសម្របសម្រួលការដឹកជញ្ជូនអាហារដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ។ អាជ្ញាធរបានរៀបចំសម្រួលដល់ការបញ្ជាទិញទំនិញ ជាស្បៀងអាហារចាំបាច់មួយចំនួនដល់ពលរដ្ឋ។ 
 
«រដ្ឋបាលខេត្តបានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃ ដល់គេហដ្ឋានប្រជាពលរដ្ឋ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត។ អ្នកដែលត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូន គឺត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩។ មកទល់ពេលនេះ មានអ្នកដឹកជញ្ជូនចំនួន ២២៣នាក់ បានធ្វើតេស្តរកកូវីដ-១៩ ទទួលបានបានលទ្ធផលអវិជ្ជមាន ដែលមកពីក្រុមការងារតោះទៅលេងសៀមរាប ដែលជាក្រុមដឹកជញ្ជូនគាំទ្រដោយរដ្ឋបាលខេត្ត ក្រុមហ៊ុនហ្វូតភេនដា ញុំា២៤ និងក្រុមហ៊ុនដឹកជញ្ជូនវីង»។ នេះជាខ្លឹមសារដែលផ្សាយដោយរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២១ កញ្ញា។
 

រូបភាពរដ្ឋបាលខេត្តសៀមរាប

ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោក ភឿន គឹមលី មានប្រសាសន៍ថា អាជ្ញាធរបានរៀបចំស្ដង់លក់អាហារចំនួន២ទីតាំង ទីមួយ នៅមុខមន្ទីរពាណិជ្ជកម្ម និងទីពីរ នៅក្នុងបរិវេណមន្ទីរបក្ស ដែលនៅទីនោះ មានក្រុមការងារសម្រាប់សម្របសម្រួលការបញ្ជាទិញរបស់ប្រជាពលរដ្ឋ និងរៀបចំដឹកជញ្ជូនដល់គេហដ្ឋានរបស់ប្រជាពលរដ្ឋ។ 
 
រដ្ឋបាលខេត្ត នឹងបន្តធ្វើតេស្តដល់អ្នកដឹកជញ្ជូនទៀត ហើយចំពោះអ្នកសេសសល់ និងមានផែនការធ្វើតេស្ត តាមរយៈពេលកំណត់ណាមួយ។ សម្រាប់អ្នកដឹកជញ្ជូន អាចតម្រូវឱ្យធ្វើតេស្ត ៧ថ្ងៃ ១០ ថ្ងៃម្តង ឬ១៥ថ្ងៃម្តង អាស្រ័យលើបច្ចេកទេស ឬការកំណត់របស់សុខាភិបាល៕


រូបភាពរដ្ឋបាលខេត្តសៀមរាប


© រក្សាសិទ្ធិដោយ thmeythmey.com