ជាតិ
សេដ្ឋកិច្ច
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ តម្លៃជាង២០០លានដុល្លារ នឹងបញ្ចប់គម្រោងនៅខែតុលា
21, Sep 2021 , 6:11 pm        
រូបភាព
គំរូអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុងរបស់ក្រុមហ៊ុន Chinese Firm Tianjin Union Development Group (UDG) ។ រូបថត៖ AKP
គំរូអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុងរបស់ក្រុមហ៊ុន Chinese Firm Tianjin Union Development Group (UDG) ។ រូបថត៖ AKP
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃជាង២០០លានដុល្លារ នៅក្នុងខេត្តកោះកុង  នឹងសាងសង់រួចរាល់នៅក្នុងខែតុលា។ នេះបើតាមលើកឡើងរបស់លោក  ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ប្រាប់សារព័ត៌មានThmeyThmey។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា អាកាសយានដ្ឋាននេះ នឹង​ដាក់ឱ្យដំណើរការសាកល្បង នៅថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២១នេះ។​
 
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិនមួយ ឈ្មោះ Chinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា។​ ក្រុមហ៊ុននេះ បានសាងសង់អាកាសដ្ឋានអន្តរជាតិតារាសាគរ នៅលើផ្ទៃដី២១៨ហិកតា ក្នុងទំហំទឹកប្រាក់ជាង២០០ដុល្លារ​ ដែលជាដំណាក់កាលទីមួយ នៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រប្រទេសថៃ។  
 
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គ្រោងបញ្ចប់ការសាងសង់នៅក្នុងខែតុលា និងត្រៀមដាក់ឱ្យដំណើរសាងល្បង នៅថ្ងៃទី៣០ធ្នូ ឆ្នាំ២០២១។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នារសៀលថ្ងៃទី២១កញ្ញា ថា អាកាសយានដ្ឋាននេះ  ​មានសមត្ថភាពទទួលចុះចតយន្តហោះកម្រិត 4E ដែលជាកម្រិតប្រភេទយន្តហោះជិតដល់ខ្នាតធំបង្អស់។ 
 
« អាកាសយានដ្ឋានយើងនេះ គឺអាចទទួលបានយន្តហោះកម្រិតធំហើយ ប៉ុន្តែមិនមែនប្រភេទយន្ត​ហោះកម្រិតធំបង្អស់នោះទេ។ យន្តហោះប្រភេទ Boeing747 ក៏អាកាសយានដ្ឋានយើងអាចទទួលចុះចតបាន, យន្តហោះAirbus340 និង350 ក៏យើងទទួលយកបានដែរ»។ នេះជាការលើកឡើងរបស់លោក ចាន់សិរីវុត្ថា ដោយបានបន្ថែមថា​ អាកាសយានដ្ឋាននេះ  អាចទទួលបានយន្តហោះចំនួន១២ចំណត។ 
 
សម្រាប់គម្រោងប្រតិបត្តិការសាកល្បង នៃអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នាចុងឆ្នាំ២០២១ គឺត្រូវការប្រើពេលយ៉ាងហោចណាស់ពី៣ ទៅ៦ខែ មុននឹងឈាន​ដល់ការដាក់ដំណើរការជាផ្លូវការ។ បើតាមលោក ស៊ីន ចាន់សិរីវុត្ថា៕ 
 

Tag:
 អាកាសយានដ្ឋាន
  តារសាគរ
  កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com