កីឡាជាតិ
ជាតិ
សម្តេច នរោត្តម ច័ក្រពង្ស់៖ ធុរកិច្ចបុត្រទី៨លើក្លិប Saint-Etienne គឺជាការវិនិយោគឯកជនសុទ្ធសាធ
22, Sep 2021 , 7:59 am        
រូបភាព
រូបឆ្វេង ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ និងព្រះបិតា កាលពីឆ្នាំ២០០៩ និងរូបថតខាងស្តាំ ព្រះអង្គ រ៉ាវីចក្រ នាពិធីមួយនៅក្រុងប៉ារីស កាលពីឆ្នាំ២០២០។ Getty Image
រូបឆ្វេង ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ និងព្រះបិតា កាលពីឆ្នាំ២០០៩ និងរូបថតខាងស្តាំ ព្រះអង្គ រ៉ាវីចក្រ នាពិធីមួយនៅក្រុងប៉ារីស កាលពីឆ្នាំ២០២០។ Getty Image
សម្តេច នរោត្តម ច័ក្រពង្ស់ នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ទ្រង់បានចេញសេចក្តីថ្លែង ការណ៍ពាក់ព័ន្ធនឹង ព័ត៌មាននៃសំណើរទិញក្លិបបាល់ទាត់បារាំង AS Saint-Etienne ពីសំណាក់ព្រះអង្គម្ចាស់នរោត្តម រ៉ាវីចក្រ បុត្រទី៨របស់ព្រះអង្គ។
 
«ធុរកិច្ចរបស់ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ គឺជាការវិនិយោគជាលក្ខណៈឯកជនសុទ្ធសាធ ហើយមិនមានពាក់ព័ន្ធនឹងបុគ្គល ឬស្ថាប័នណាមួយនៅក្នុងប្រទេសកម្ពុជា ក្រៅពីព្រះអង្គម្ចាស់ផ្ទាល់»។ នេះជាការបញ្ជាក់របស់សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់។
ដូចក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី២០ ខែកញ្ញា ផងដែរ សម្តេច ច័ក្រពង្ស់ បានឆ្លើយតបទៅនឹងការផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដោយភ្ជាប់គោរមងារ «រជ្ជទាយាទ» (Prince Heritier ជាភាសាបារាំង ឬ Crown Prince ជាភាសាអង់គ្លេស) សម្រាប់ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ។
 
«បុត្រាខ្ញុំ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ជាកូនទី៨របស់ខ្ញុំ និងជាព្រះអង្គម្ចាស់មួយអង្គក្នុងចំណោមព្រះអង្គម្ចាស់ខ្មែរជាច្រើនព្រះអង្គទៀតក្នុងរាជវង្សានុវង្ស។ គ្មានព្រះអង្គម្ចាស់កម្ពុជាណា ដែលត្រូវបានតែងតាំងជាព្រះអង្គម្ចាស់គ្រប់គ្រងរាជសម្បត្តិបន្ត ឬទទួលគោរមងារ ព្រះរជ្ជទាយាទ ដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ»។
 
ជាមួយគ្នានេះ សម្តេចព្រះមហិស្សរា បានស្នើសុំចំពោះសារព័ត៌មានអន្តរជាតិចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលអាចប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លែថ្នូនៃរបបរាជានិយមកម្ពុជា។
 
ព័ត៌មាននៃការដាក់សំណើរទិញក្លិប Saint-Etienne នៃក្របខណ្ឌកំពូល Ligue 1 របស់បារាំង ពីសំណាក់ព្រះអង្គម្ចាស់នរោត្តម រ៉ាវីចក្រ ត្រូវបានផ្សព្វផ្សាយដំបូងដោយកាសែតបារាំង Le Parisien។ កាសែតបានលើកឡើងពីទឹកប្រាក់ចំនួន១០០លានអឺរ៉ូ។
 

សម្តេច នរោត្តម ច័ក្រពង្ស់ (ស្តាំ) ជាមួយបុត្រាបុត្រីនាក្រុងប៉េកាំង ក្នុងនោះមានព្រះអង្គម្ចាស់ នរោត្តម ពុទ្ធពង្ស (ទី២ពីស្តាំ) និងព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ (ឆ្វេង)។ ប្រភព Norodom Buddhapong

ព្រះអង្គម្ចាស់ នរោត្តម ពុទ្ធពង្ស ដែលជាបុត្រាច្បងរបស់សម្តេច នរោត្តម ច័ក្រពង្ស់ បានអះអាងប្រាប់ ហិរញ្ញវត្ថុធុរកិច្ចនេះ គឺ​ធ្វើ​ជាមួយដៃគូនៅអឺរ៉ុបសុទ្ធសាធ គ្មានអ្វីពាក់ព័ន្ធនឹងនយោបាយនៅកម្ពុជា ឬចិននៅពីក្រោយ ដូចជាការលើកឡើងរបស់មនុស្សមួយចំនួននោះឡើយ»។
 
ព្រះអង្គ បានបញ្ជាក់បន្ថែមថា៖ «ព័ត៌មានលម្អិតផ្សេងៗ មានតែប្អូនខ្ញុំ Titi [ព្រះនាមក្រៅរបស់ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ] ប៉ុណ្ណោះ ដែលអាចបញ្ជាក់បាន ប៉ុន្តែបច្ចុប្បន្ន គាត់មមាញឹកខ្លាំងលើកិច្ចការនេះ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com