អន្តរជាតិ
ក្រុម​រដ្ឋ​អ៊ីស្លាម​ Khorasan​ អាច​ជា​ក្រុម​ភេរវករ​អាហ្វហ្គានីស្ថាន​ដំបូង​គេ​ដែល​គំរាម​សហ​រដ្ឋ​អាមេរិក
24, Sep 2021 , 10:59 pm        
រូបភាព
រូបឯកសារ៖ ក្រុមវាយប្រយុទ្ធ​ជាមួយ​នឹង​ពួក​រដ្ឋអ៊ីស្លាម​ខេត្ត​ Khorasan នៅ​អាហ្វហ្គានីស្ថាន​កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ (SITE Intelligence Group)
រូបឯកសារ៖ ក្រុមវាយប្រយុទ្ធ​ជាមួយ​នឹង​ពួក​រដ្ឋអ៊ីស្លាម​ខេត្ត​ Khorasan នៅ​អាហ្វហ្គានីស្ថាន​កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ (SITE Intelligence Group)
ដោយ: VOA
គ្រោះថ្នាក់​ធំ​បំផុត​ចំពោះ​សហ​រដ្ឋ​អាមេរិក​និង​លោក​ខាងលិច​បន្ទាប់ពី​ការ​ដកទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​ អាច​ចេញ​មកពី​សាខា​អាហ្វហ្គានីស្ថាន​របស់​ក្រុម​ភេរវករ​រដ្ឋ​អ៊ីស្លាម មិនមែន​ក្រុមal-Qaida​ ទេ ​ទោះបី​ក្រុម​នេះ​មាន​ទំនាក់​ទំនង​យូរ​អង្វែង​ជាមួយ​តាលីបង់​ក៏​ដោយ។​
 
មន្រ្តី​អាមេរិក​ជាន់ខ្ពស់​ប្រឆាំង​ភេរវកម្ម​ម្នាក់​បាន​ប្រាប់​ក្រុម​សមាជិក​សភា​នៅ​ថ្ងៃ​ពុធ​ថា​ ខណៈក្រុម​ភេរវកម្ម​ទាំង​ពីរ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើការ​ពង្រីក​បណ្តាញ​ក្នុង​តំបន់ មាន​ការ​ចង្អុល​បង្ហាញ​ថា ​សាខា​ពួក​រដ្ឋអ៊ីស្លាម​ខេត្ត​ Khorasan ឬ​ ISIS-K កំពុង​មាន​ការ​ផ្លាស់ប្តូរ។​ ​
 
ក្នុង​អំឡុង​សវនាការ​អំពី​ការ​គំរាម​កំហែង​ចំពោះ​សហរដ្ឋ​អាមេរិក លោកស្រី ​Christine Abizaid​នាយិកា​មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​ភេរវកម្ម​បាន​និយាយ​ថា ​«កង្វល់​ផ្ទាល់​របស់​ខ្លួន​ជាក់លាក់​ណាស់​ គឺ​ទាក់ទង​នឹង​រដ្ឋអ៊ីស្លាម​ Khorasan ​និង​កម្រិត​ដែលក្រុម​នេះ​កំពុង​កសាង​កេរ្តិ៍​ឈ្មោះ បន្ទាប់​ពី​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ថ្ងៃទី​ ២៦​ ខែ​សីហា។ ​តើ​ពួក​នេះ​នឹង​ផ្តោត​មក​លើ​លោក​ខាងលិច មក​លើ​មាតុភូមិ​យើង​លើសពីមុន​ទេ»?​
 
ខណៈ​អាមេរិក​កំពុង​តែ​វីវក់​ជម្លៀស​មនុស្ស ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាលពី​ថ្ងៃទី​២៦​ ខែ​សីហា​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Hamid Karzai ​ក្នុង​ទីក្រុងកាប៊ុល​ បាន​សម្លាប់​ទាហាន​អាមេរិក​១៣​នាក់​ និង​ជនជាតិ​អាហ្វហ្គានីស្ថាន​ជាង​១៦០​នាក់។​
 
ការ​វាយ​ប្រហារ​នោះ​ត្រូវ​បាន​ក្រុម​រដ្ឋ​អ៊ីស្លាម​ខេត្ត​ Khorasan​ ប្រកាស​ទទួល​ខុសត្រូវ​យ៉ាង​ឆាប់​រហ័ស​ ​ដោយ​បាន​បង្ក​ឱ្យមាន​ការ​ព្រមាន​ជា​បន្តបន្ទាប់​អំពី​ការ​វាយ​ប្រហារ​បន្ថែម​លើ​អាកាស​យានដ្ឋាន​នេះ។
 
ក្រុមនេះ​ក៏​បាន​អះអាង​ទទួល​ខុស​ត្រូវ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែតលើអាកាស​យានដ្ឋាន​ ​ក្នុង​ពេល​បួន​ថ្ងៃ​ក្រោយ​មក​ ហើយ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បង្ការ​ការ​វាយ​ប្រហារ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ខេត្ត​ Khorasan​ បាន​នាំឱ្យ​សហ​រដ្ឋ​អាមេរិក​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅ​ថ្ងៃទី​២៩​ ខែ​សីហា​ នៅ​ទីក្រុង​កាប៊ុល​ ដែល​បាន​សម្លាប់​ជន​ស៊ីវិល​១០​នាក់​ក្នុង​នោះ​មាន​កុមារ​៧​នាក់។ ​
 
មន្រ្តី​យោធា​អាមេរិក​ជឿជាក់​ថា​ បច្ចុប្បន្ន​ពួក​រដ្ឋអ៊ីស្លាម​ខេត្ត​ Khorasan ​មាន​កម្លាំង​ស្នូល​យ៉ាងតិច​២.០០០​នាក់​នៅ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​ ប៉ុន្តែ​ផ្នែក​ស៊ើប​ការណ៍​បរទេស​ខ្លះ​គិ​ត​ថា​ ​អាច​មាន​ច្រើន​ជាង​នេះ៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com