ជាតិ
ជំនន់ទឹកភ្លៀង​ បានជន់លិចកសិផល​ ៧ពាន់ហិកតា ក្នុងខេត្តបន្ទាយមានជ័យ ​
25, Sep 2021 , 9:55 am        
រូបភាព
ទិដ្ឋភាពជំនន់ទឹកភ្លៀង ក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ រូបភាពពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ទិដ្ឋភាពជំនន់ទឹកភ្លៀង ក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ រូបភាពពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ជំនន់ទឹកភ្លៀង បានជន់លិចដំណាំពលរដ្ឋប្រមាណ ៧ពាន់ហិកតា ក្នុងក្រុង និងស្រុកចំនួន៦ នៃខេត្តបន្ទាយមានជ័យ​។ តុល្យការនេះ គិតត្រឹមថ្ងៃទី២៤ កញ្ញា ដោយក្នុងចំណោមកសិផលទាំងនោះ មានដំណាំស្រូវប្រមាណ ៥ ០០០ហិកតា ចំណែកឯដំឡូងមី និងបន្លែបង្ការផ្សេងទៀតប្រមាណ២ ០០០ហិកតា។


លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា អាជ្ញាធរនៅមិនទាន់អាចសន្និដ្ឋានពីទំហំខូចខាតផលដំណាំពលរដ្ឋនៅឡើយទេ។
 
​គួរជម្រាបថា ក្នុងចំណោមក្រុង ស្រុកចំនួន៦ ដែលជួបប្រទះជំនន់ទឹកភ្លៀងនេះ ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត រងគ្រោះខ្លាំងជាងគេ ដោយសារភ្លៀងធ្លាក់ច្រើន និងមួយផ្នែកទឹកហូរធ្លាក់ពីផ្នែកខាងលើតាមបណ្ដោយដងស្ទឹងនៃស្រុកបរវេល ខេត្តបាត់ដំបង។ ​ជំនន់ទឹកភ្លៀងក្នុងស្រុកមង្គលបូរី មានពលរដ្ឋប្រមាណ៧០០គ្រួសារ ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព​ ខណៈនៅស្រុកភ្នំស្រុក អាជ្ញាធរបានជម្លៀសពលរដ្ឋ​៥៩គ្រួសារ ទៅ​ទីទួលសុវត្ថិភាព។
 
​សូមជម្រាបថា នៅព្រឹកថ្ងៃទី២១ ខែកញ្ញាកន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា រាជធានីភ្នំពេញ និងខេត្តចំនួន ១១ នឹងអាចរងជំនន់ទឹកភ្លៀង ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា៕


ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ រូបភាពពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

Tag:
 ThmeyThmey25
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com