ជាតិ
កម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ កំពុងហក់ឡើងជាបន្តបន្ទាប់ 25, Sep 2021 , 3:00 pm
× ភ្នំពេញ៖ កម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ កំពុងហក់ឡើងជាបន្តបន្ទាប់ ខណៈកម្ពស់ទឹកនៅបឹងទន្លេសាប-ស្ថានីយក្រគរ-កំពង់លួង មានកម្ពស់ ៤.៥៧ម៉ែត្រ ខ្ពស់ជាងម្សិលមិញ ០.០៧ម៉ែត្រ។ នេះបើតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ចេញផ្សាយនៅព្រឹកថ្ងៃទី២៥ កញ្ញា។
ភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឱ្យកម្ពស់ទឹកនៅតាមដងទន្លេហក់ឡើងខ្លាំង។ ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹករបស់នាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ បញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ កញ្ញានេះ ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់ ៧.៤០ម៉ែត្រ កើនឡើង១.០២ម៉ែត្រ ធៀបនឹងថ្ងៃទី២៤ កញ្ញា។
ចំណែកស្ថានីយទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់ ១៥.៦៩ម៉ែត្រ កើនឡើង០.៧២ម៉ែត្រ និងស្ថានីយទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់ ៩.៤៧ម៉ែត្រ កើនឡើង ០.១១ម៉ែត្រ។ ដោយឡែក ស្ថានីយទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ ៦.០៧ម៉ែត្រ កើនឡើង ០.០៧ម៉ែត្រ និងស្ថានីយទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់ ៤.៣៦ម៉ែត្រ កើនឡើង ០.០៤ម៉ែត្រ។
សម្រាប់ស្ថានីយទន្លេបាសាក់-កោះខែលវិញ ទឹកមានកម្ពស់ ៥.៥២ម៉ែត្រ កើនឡើង០.០៤ម៉ែត្រ និងស្ថានីយទន្លេសាប-ព្រែកក្ដាម ទឹកមានកម្ពស់ ៥.១៨ម៉ែត្រ កើនឡើង០.០៣ម៉ែត្រ។ បើតាមនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ ការហក់ឡើងកម្ពស់ទឹកនៅតាមស្ថានីយខាងលើនេះ មិនទាន់ដល់កម្រិតប្រុងប្រយ័ត្ននៅឡើយទេ។
សូមបញ្ជាក់ថា ការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២១ កញ្ញា បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២-២៨ កញ្ញា រាជធានីភ្នំពេញ និងខេត្តចំនួន ១១ នឹងអាចកើតមានជំនន់ទឹកភ្លៀង៕
Tag:
អាកាសធាតុ
ទន្លេមេគង្គ
ទន្លេសាប
ទន្លេបាសាក់
© រក្សាសិទ្ធិដោយ thmeythmey.com