ជាតិ
បើប្រកាសទទួលទេសចរវ៉ាក់សាំងលឿន កម្ពុជាអាចលក់កញ្ចប់ទេសចរណ៍ ដោយមិនពឹងថៃឬវៀតណាម 25, Sep 2021 , 3:30 pm
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា
× ភ្នំពេញ៖ កម្ពុជា អាចលក់កញ្ចប់សេវាកម្មទេសចរណ៍ដោយឯករាជ្យ ដោយមិនបាច់ផ្គួបជាមួយកញ្ចប់ទេសចរណ៍ថៃ ឬវៀតណាមនោះទេ ប្រសិនបើរដ្ឋាភិបាលកម្ពុជា ប្រកាសបើកទេសចរណ៍វ៉ាក់សាំងបានលឿននោះ។ នេះជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍។ សម្រាប់លោកស្រី ឆាយ ស៊ីវលីន កម្ពុជា ក៏អាចក្លាយជាគោលដៅទី១ សម្រាប់ទេសចរបរទេសដែរ បើការបើកទទួលទេសចរណ៍ចាក់វ៉ាក់សាំងអាចធ្វើទៅបានក្នុងពេលឆាប់ៗនោះ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ស្នើឱ្យរដ្ឋាភិបាល ប្រកាសពីកាលបរិច្ឆេទទទួលទេសចរណ៍វ៉ាក់សាំងឱ្យបានឆាប់ ដើម្បីឱ្យកម្ពុជា អាចលក់កញ្ចប់សេវាទេសចរណ៍ដោយមិនបាច់ផ្គួបជាមួយប្រទេសថៃ ឬវៀតណាមដូចមុនៗទៀត។ ការស្នើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airport កាលពីថ្ងៃទី២៣ កញ្ញា កន្លងទៅ។ ទន្ទឹមនឹងការស្នើនេះ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏បានអះអាងដែរថា វិស័យឯកជនបានត្រៀមខ្លួនរួចរាល់ ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរដែលចាក់វ៉ាក់សាំង។
បើតាមលោកស្រី ឆាយ ស៊ីវលីន កន្លងមក កម្ពុជាគ្មានលទ្ធភាពបើកកញ្ចប់ទេសចរណ៍ផ្ទាល់ខ្លួន សម្រាប់លក់ឱ្យទេសចរអន្តរជាតិទេ។ កញ្ចប់ទេសចរណ៍ត្រូវរៀបចំផ្គួបជាមួយប្រទេសជិតខាង ដូចជាថៃ និងវៀតណាមជាដើម ដែលធ្វើឱ្យកម្ពុជាស្ថិតជាជម្រើសទី២ ឬទី៣សម្រាប់ទេសចរអន្តរជាតិ។ ក្នុងស្ថានភាពដែលប្រទេសថៃ បើកតំបន់ទេសចរណ៍តិចតួចនៅឡើយ ហើយវៀតណាម លើកពេលទទួលទេសចរណ៍វ៉ាក់សាំង លោកស្រី ឆាយ ស៊ីវលីន យល់ថា នេះជាឱកាសសម្រាប់កម្ពុជា បើកកញ្ចប់ទេសចរណ៍ដោយឯករាជ្យ។
បើមានការប្រកាសផ្លូវការកាន់តែឆាប់ នោះកម្ពុជា អាចក្លាយជាជម្រើសទី១ សម្រាប់ទេសចរបរទេសដែរ។ នេះជាការបន្ថែមរបស់លោកស្រី ឆាយ ស៊ីវលីន ហើយបានបន្តដូច្នេះថា៖ «ពីមុនយើងត្រូវលក់កញ្ចប់ទេសចរណ៍ជាមួយប្រទេសជិតខាង ដែលធ្វើឱ្យកម្ពុជា ក្លាយជាជម្រើសទី២ ឬទី៣ ហើយទេសចរមកកម្ពុជា ក៏មានរយៈពេលខ្លីដែរ។ ប៉ុន្តែបើយើងបើកទេសចរណ៍វ៉ាក់សាំង បានក្នុងពេលឆាប់ៗនេះ ឬខែ១១ខាងមុខ វាជាឱកាសសម្រាប់កម្ពុជា ដើម្បីរៀបចំកញ្ចប់ទេសចរណ៍តែឯង។ ដូច្នេះទេសចរមានពេលសម្រាក និងដើរកម្សាន្តបានយូរ ហើយការចំណាយលើការដើរលេងក៏ច្រើនដែរ»។
ការបើកទទួលទេសចរណ៍ដែលចាក់វ៉ាក់សាំងរួចមកដើរកម្សាន្តនៅកម្ពុជា ជាក្ដីសង្ឃឹមរបស់វិស័យឯកជន អាជីវករ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍។ សម្រាប់អ្នកស្រី ឆាយ ស៊ីវលីន ការប្រកាសបើកទេសចរណ៍វ៉ាក់សាំងក្នុងខែវិច្ឆិកាខាងមុខ ជាពេលដ៏ល្អបំផុតដែលកម្ពុជា មានលទ្ធភាពទាក់ទាញទេសចរបានច្រើន។ ប្រធានសមាគមន៍ទេសចរណ៍ពន្យល់ថា នៅអំឡុងត្រីមាសទី៤ វាពេលដែលកម្ពុជាមានសក្តានុពលទេសចរណ៍ខ្លាំង ខណៈវាជារដូវរងារនៅតំបន់អឺរ៉ុប។
សូមរំឭកថា នាពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងឱ្យកុមារពីអាយុ៦ ដល់១២ឆ្នាំ កាលពីកាលថ្ងៃ១៧កញ្ញា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីគម្រោងបើកទេសចរ វ៉ាក់សាំងនេះ ដែលតម្រូវឱ្យភ្ញៀវអន្តរជាតិចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះ។ ភ្ញៀវទេសចរ ក៏មិនចាំបាច់ធ្វើចត្តាឡីស័ក តែនៅសណ្ឋាគារទេ គឺទេសចរអាចដើរកម្សាន្តនៅតំបន់នោះបាន៕
Tag:
ThmeyThmey25
ឆាយ ស៊ីវលីន
ទេសចរណ៍វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com