ជាតិ
សង្គមជាតិ
វប្បធម៌លួចចម្លងស្នាដៃគួរ​ត្រូវ​បញ្ចប់!
25, Sep 2021 , 4:59 pm        
រូបភាព
ភ្នំពេញ៖ ចាប់តាំងពីប្រព័ន្ធបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង ​ក្នុងសតវត្សរ៍ទី​២១នេះមក ការលួចចម្លងស្នាដៃ​ពីគ្នា​ទៅវិញទៅមក​ មានការកើនឡើងជាលំដាប់។ ការលួចចម្លងស្នាដៃ​អ្នកដទៃ មាន​ន័យស្មើនឹង​ការលួចទ្រព្យសម្បត្តិ។ ប្រសិន​បើគេនិយាយក្នុងវិស័យសារព័ត៌មានវិញ ដើម្បីអាចផលិតអត្ថបទព័ត៌មានបានមួយ ក្រុមហ៊ុន ត្រូវចំណាយថវិកា​ច្រើន​រយដុល្លារអាម៉េរិក។

 
អំពើលួច មិនថា ជាការលួចទ្រព្យសម្បត្តិជាក់ស្តែង ឬ​ការលួច​កម្មសិទ្ធិបញ្ញា ឬការលួច​អត្ថបទសំណេរធម្មតាទេ សកម្មភាព​ទាំងអស់នេះ សុទ្ធសឹងជាអំពើខុសច្បាប់។ 
សម្រាប់អ្នកជំនាញផ្នែកដំណឹង ឬព័ត៌មាន ការលួចស្នាដៃអ្នកដទៃ មានន័យស្មើនឹង​ការលួចទ្រព្យសម្បត្តិ ពីព្រោះ​ទម្រាំ​ផលិត​បាន​អត្ថបទ​មួយ ឬស្នាដៃអ្វីមួយ ក្រុមហ៊ុន​ត្រូវ​ការ​ចំណាយប្រាក់សម្រាប់​កិច្ចការទាំងនេះ។ អ្នកជំនាញផ្នែកព័ត៌មាន ​​នៅ​ក្នុងប្រទេសកម្ពុជា​ បាន​កត់សម្គាល់ឃើញថា ចាប់តាំង​ពីប្រព័ន្ធ​បច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង​ នៅ​ក្នុងពិភពលោក និង​នៅ​ក្នុងប្រទេសកម្ពុជា​មក ការលួចចម្លងស្នាដៃ ​មាន​ការកើនឡើងមិនឈប់ឈរ។ 
 
ទង្វើមិនស្របច្បាប់នេះ ​ជំរុញ​ឱ្យក្រុមហ៊ុនដែល​ជាអ្នកផលិតព័ត៌មាន​ស្របច្បាប់​មួយចំនួន​ប្រឈម​នឹង​ការខាតបង់ប្រាក់យ៉ាងច្រើន ពីព្រោះស្ថាប័ន​មិនស្មោះត្រង់​មួយចំនួន ​មិនបាន​ជួល​បុគ្គលិក​ដើម្បី​ផលិត​ដំណឹងច្រើនទេ តែ​គេ​ជួល​បុគ្គលិក​ម្នាក់ ឬពីរនាក់​ ដើម្បី​ចាំ«ចាប់​»​ឬ«លួច»ដំណឹងពីស្ថាប័នដទៃទៀតប៉ុណ្ណោះ។ ស្ថាប័នខ្លះ ​ចាប់​យកដំណឹងគេ​មកដាក់​ក្នុងស្ថាប័នខ្លួនឯង ​ដោយមិន​បាន​ជូនដំណឹង​ដល់ម្ចាស់​ដើម សូម្បីតែ​មួយម៉ាត់ក៏គ្មានដែរ​ (អ្នកចាប់​យកព័ត៌មាន​គួរចរចាជាមួយម្ចាស់ដើមជាមុនសិន)។ 
 
ការលួចចម្លងកាន់តែច្រើន ក្រុមហ៊ុនស្របច្បាប់ដែលត្រូវចំណាយថវិកាផលិតព័ត៌មាន ប្រឈមនឹងការក្ស័យធន ហើយបើក្រុមហ៊ុនព័ត៌មានស្របច្បាប់ក្ស័យធន នោះសេរីភាព​សារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិ នឹង​កាន់តែរួមតូចជាងមុន។ 
 
សូមបញ្ជាក់ថា តាម​ផ្លូវច្បាប់​ ស្ថាប័នព័ត៌មាន​​មួយ​អាច​ដកស្រង់​ព័ត៌មា​ន ពីស្ថាប័ន​ព័ត៌មាន​ផ្សេងទៀតបាន  ប៉ុន្តែ​គេអាចដកស្រង់​បាន ​តែ​មួយផ្នែក​តូចណាមួយ​​​ដោយសង្ខេប ​(មួយភាគ​បី)​ មកផ្សព្វផ្សាយបន្ត​ប៉ុណ្ណោះ។ គេអាច​ធ្វើ​យ៉ាងនេះ​បាន​ ប៉ុន្តែ​អ្នកដកស្រង់​ត្រូវ​ស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ​ដោយបង្ហាញ​ប្រភពដើមរបស់គេ។ នេះគឺជាអ្វីដែល​ប្រទេសជឿនលឿនគោរព​ច្បាប់​បាន​ និង​កំពុង​ប្រតិបត្តិ។ 
 
ការស្តីបន្ទោសខាងលើ ​ធ្វើ​ឡើងចំពោះតែ​ស្ថាប័នព័ត៌មាន ដែល​ត្រូវ​ប្រកួត​ប្រជែងគ្នា​ និង​ធ្វើ​អាជីវកម្មដូចគ្នាតែ​ប៉ុណ្ណោះ។ សម្រាប់​អ្នកទទួលព័ត៌មាន (អ្នកអាន ស្តាប់ ឬទស្សនា)  ពួកគេ​អាចដកស្រង់​ ឬ​ផ្តិតចម្លង​​ឯកសារគ្រប់បែបយ៉ាង ​ដើម្បីរក្សា​ទុក​​ដោយសេរី ដោយគ្រាន់តែ​រក្សា​ប្រភពដើមប៉ុណ្ណោះ។ 
 
អ្នកវិភាគសង្គមសេដ្ឋកិច្ច​អត្ថាធិប្បាយថា ការលួចចម្លង​ស្នាដៃអ្នកដទៃ​ មិនត្រឹមតែ​ធ្វើ​ឱ្យ​អ្នកលួច​ចម្លង​ អាច​ជាប់ទោស​ប៉ុណ្ណោះទេ ប៉ុន្តែ​បើនិយាយ​ពីក្រមសីលធម៌វិញ ពួកគេ​កំពុងប្រឈម​នឹង​ភាពខ្មាសអៀនចំពោះខ្លួនឯង និង​ប្រឈម​នឹង​កង្វះ​សតិសម្ប​ជញ្ញៈទៀតផង៕ 
 
 
 
 
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com