ជាតិ
បើស្នាដៃយើងត្រូវបានគេលួច តើម្ចាស់កម្មសិទ្ធិបញ្ញាមានសិទ្ធិអ្វីខ្លះតាមផ្លូវច្បាប់?
25, Sep 2021 , 5:21 pm        
រូបភាព
លោកមេធាវិ កុយ គន្ធី នៃក្រុមមេធាវីធម្មសាស្ត្រ
លោកមេធាវិ កុយ គន្ធី នៃក្រុមមេធាវីធម្មសាស្ត្រ
ការលួចចម្លងស្នាដៃនិពន្ធ ដែលធ្វើឱ្យប៉ះពាល់ខ្លាំងផ្នែកសីលធម៌ វិជ្ជាជីវៈ នៅតែមានកម្រិតធ្ងន់ធ្ងរនៅកម្ពុជា។ ការលួចចម្លងបោះពុម្ព ការលួចកែច្នៃពីស្នាដៃដើម លើអត្ថបទសរសេរក្ដី លើចម្រៀងក្តី ឬម៉ាកយីហោក្ដី បានកើតឡើងជារៀងរាល់ថ្ងៃ។ ដើម្បីស្វែងយល់លើប្រធានបទ កម្មសិទ្ធិបញ្ញា លោកមេធាវិ កុយ គន្ធី នៃក្រុមមេធាវីធម្មសាស្ត្រ នឹងបង្ហាញទិដ្ឋភាពផ្លូវច្បាប់ជូនលោកអ្នក។
 
 
ក. តើសិទ្ធិអ្នកនិពន្ធមានន័យយ៉ាងណា?
 
សិទ្ធិអ្នកនិពន្ធគឺជាប្រភេទមួយនៃកម្មសិទ្ធិបញ្ញាដែលការពារទៅលើលើស្នាដៃដើមរបស់អ្នកនិពន្ធ ដូចជាស្នាដៃនិពន្ធសៀវភៅ ភាពយន្ត ចំរៀង កម្មវិធីកំព្យូទ័រ រូបថត ជាដើម។ 
 
ខ. តើអ្នកនិពន្ធទទួលបានសិទ្ធិអ្វីខ្លះ?
 
សិទ្ធិអ្នកនិពន្ធបង្កើតបានជាសិទ្ធិពីរគឺ សិទ្ធិសេដ្ឋកិច្ច (ឬហៅថាសិទ្ធិបេតិកភណ្ឌ) និងសិទ្ធិសីលធម៌។  សិទ្ធិសេដ្ឋកិច្ចគឺជាដែលម្ចាស់ស្នាដៃអាចលក់ដូរទៅអោយភាគីទីបីបាន។ ឧទាហរណ៍ អ្នកនិពន្ធសៀវភៅអាចទាញយកប្រយោជន៍ផ្នែកសេដ្ឋកិច្ចពីស្នាដៃរបស់ខ្លួនតាមរយៈការលក់សៀវភៅ ឬការផ្តល់សិទ្ធិអោយអ្នកបោះពុម្ភសៀវភៅដើម្បីធ្វើការលក់ជាថ្នូរនឹងបង់ថ្លៃសួយសារណាមួយ។  
 
ចំណែកឯសិទ្ធិសីលធម៌ សំដៅលើសិទ្ធិលើអត្តសញ្ញាណអ្នកបង្កើត ឬអ្នកសំដែង សិទ្ធិជំទាស់ការធ្វើឲ្យបាត់បង់តម្លៃស្នាដៃ និងសិទ្ធិហាមឃាត់មិនអោយអ្នកណាម្នាក់ធ្វើការកែក្រឡៃស្នាដៃរបស់ខ្លួនបាន។ តាមសិទ្ធិសីលធម៌ម្ចាស់ស្នាដៃមានសិទ្ធិជំទាស់នឹងការយកទំនុកច្រៀងដែលអ្នកនិពន្ធបាននិពន្ធមកធ្វើការកែប្រែ បន្ថយខ្លឹមសារ ឲ្យខុសពីស្នាដៃដើម។ ឧទាហរណ៍ ការយកទំនុកបទលោក ស៊ិន ស៊ីសាមុត មកដូរទំនុកថ្មី ជាដើម។ គេមិនអាចយកទំនុកបទណាមួយរបស់គាត់មកដូរជាទំនុកផ្សេង ដោយទុកតែទំនុកភ្លេងបានទេ។
 
គ. តើគេតម្រូវអោយធ្វើការចុះបញ្ជីឬទេ?
 
ខុសគ្នាពីសិទ្ធិកម្មសិទ្ធិបញ្ញាផ្សេង ដូចជាម៉ាក ឬប្រកាសនីយបត្រតក្កកម្ម សិទ្ធិអ្នកពិពន្ធមិនចាំបាច់ត្រូវអោយមានការចុះបញ្ជីដើម្បីទទួលបានការការពារដោយច្បាប់នោះទេ ពោលគឺស្នាដៃរបស់អ្នកនិពន្ធត្រូវបានការពារដោយច្បាប់គិតចាប់ពីពេលដែលស្នាដៃនោះត្រូវបានបង្ហាញជាសាធារណៈ។  ប៉ុន្តែក្នុងករណីដែលអ្នកនិពន្ធចង់ចុះបញ្ជីក៏អាចធ្វើទៅបានដែរ ដោយត្រូវចុះបញ្ជីនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
 
ឃ. តើសិទ្ធិអ្នកនិពន្ធត្រូវការពាររយៈពេលប៉ុន្មានឆ្នាំ?
 
សិទ្ធិអ្នកនិពន្ធត្រូវបានការពារក្នុងពេលណាមួយអាស្រ័យទៅតាមប្រភេទនៃសិទ្ធិអ្នកនិពន្ធនោះ។  សម្រាប់កិច្ចការពារអ្នកសម្តែងមានរយៈពេល ៥០ឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិននៃការថតបញ្ចូលក្នុងហ្វូណូក្រាម ឬក្នុងករណីដែលពុំបានថតការសម្តែងបញ្ចូលក្នុងហ្វូណូក្រាម គឺគិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិនដែលការសម្តែងប្រព្រឹត្តទៅ។  រយៈពេលនៃកិច្ចការពារផលិតករហ្វណូក្រាមគឺ ៥០ឆ្នាំ គិតចាប់ដំណាច់ឆ្នាំប្រក្រតីទិនដែលបានបោះផ្សាយហ្វូណូក្រាម ឬក្នុងករណីពុំបានបោះផ្សាយហ្វូណូក្រាម គឺគិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិនដែលបានថតសម្លេងបញ្ចូលក្នុងហ្វូណូក្រាម។  រយៈពេលនៃកិច្ចការពារកម្មវិធីផ្សាយរបស់អង្គភាពទូរផ្សាយគឺ ៥០ឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិនដែលកម្មវិធីបានផ្សាយ។
 
ង. ក្នុងករណីមានការបំពានលើសិទ្ធិអ្នកនិពន្ធ តើអ្នកនិពន្ធមានសិទ្ធិអ្វីខ្លះតាមផ្លូវច្បាប់ដើម្បីការពារសិទ្ធិរបស់ខ្លួន?
 
ក្នុងករណីដែលសិទ្ធិអ្នកនិពន្ធត្រូវបានអ្នកដទៃបំពានដូចជាការលួចយកស្នាដៃទៅជួញដូរ ការប្រើប្រាស់ស្នាដៃមិនមានការអនុញ្ញាតពីម្ចាស់ស្នាដៃនោះ ម្ចាស់សិទ្ធិអ្នកនិពន្ធអាចធ្វើការការពារសិទ្ធិរបស់ខ្លួនក្នុងរូបភាពពីរដូចតទៅ៖
 
១. ហាមប៉ះពាល់ដល់សិទ្ធិខ្លួន ប្រសិនបើការប៉ះពាល់នោះអាចកើតឡើងក្នុងពេលឆាប់ៗ។
 
២. បង្គាប់អោយអ្នកដែលបំពានឈប់សកម្មភាពនោះ។ ក្នុងករណីនេះ ម្ចាស់សិទ្ធិអាចទាមទារសំណងជំងឺចិត្ត សងការខូចខាត និងប្រគល់មកវិញនូវវត្ថុតាង មានឧបករណ៍ ឬសម្ភារដែលជាប់រឿងហេតុព្រមទាំងប្រគល់នូវប្រាក់ចំណេញដែលបានមកពីអំពើខុសច្បាប់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com