ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នកទទួលប្រាក់ ដែលគេផ្ទេរឲ្យច្រឡំ បើមិនឲ្យគេវិញ អាចមានទោសស្មើនឹងបទលួច
29, Sep 2021 , 10:30 am        
រូបភាព
លោក កុយ គន្ធី មេធាវី នៃក្រុមមេធាវីធម្មសាស្ត្រ
លោក កុយ គន្ធី មេធាវី នៃក្រុមមេធាវីធម្មសាស្ត្រ
តើអ្នកទទួលបានប្រាក់ ដែលគេ ផ្ញើឲ្យច្រឡំ មានសិទ្ធិយកប្រាក់នោះ ទៅធ្វើជារបស់ខ្លួនដែរ ឬទេ? បើច្បាប់ មិនចែងឲ្យយកប្រាក់ ដែលគេផ្ញើឲ្យច្រឡំនោះ ទៅធ្វើជាកម្មសិទ្ធិ តែអ្នកទទួល បែរជាយកទៅធ្វើជាកម្មសិទ្ធិ ដោយមិនព្រមប្រគល់ឲ្យម្ចាស់ដើមវិញ តើនឹងមានទោសយ៉ាងណា? លោកមេធាវី កុយ គន្ធី ផ្តល់ចម្លើយលម្អិត ដោយភ្ជាប់ជាមួយឧទាហរណ៍ផងដែរ អំពីចម្ងល់នេះ។


មានករណីជាច្រើន ដែលលើកឡើងក្នុងបណ្តាញសង្គមទាក់ទងនឹងការផ្ទេរប្រាក់ដោយភាន់ច្រឡំតាមទូរស័ព្ទ ហើយអ្នក ដែលទទួលប្រាក់នោះប្រកែកមិនផ្ទេរត្រឡប់មកវិញ ឬ ជួនកាលបានដកប្រាក់ដែលផ្ទេរដោយភាន់ច្រឡំនោះយកទៅបាត់ ដោយមិនឆ្លើយតបនឹងម្ចាស់ប្រាក់ ទោះបីម្ចាស់ប្រាក់ ព្យាយាមយ៉ាងណាក៏ដោយ ក៏អ្នកទទួលប្រាក់នោះ នៅតែលាក់អត្តសញ្ញាណរបស់ខ្លួន។

ករណីខាងលើនេះ អាចខុសពីករណីលួច ឬ ករណីរំលោភលើទំនុកចិត្ត។ ក្នុងករណីលួច ម្ចាស់ប្រាក់មិនមានបំណងឲ្យប្រាក់ទៅអ្នកលួចទេ តែអ្នកលួចបានដកហូតប្រាក់ម្ចាស់ប្រាក់ដោយអំពើទុច្ចរិតផ្សេងៗ ក្នុងចេតនាយកប្រាក់នោះមកធ្វើជារបស់ខ្លួន។ រីឯនៅក្នុងករណីរំលោភលើទំនុកចិត្តវិញ ម្ចាស់ប្រាក់បានទុកដាក់ប្រាក់ជាមួយបុគ្គលម្នាក់ទៀត ដូចជាឲ្យថែទាំ តែបុគ្គលម្នាក់ទៀតនោះ បែរជាបង្វែរប្រាក់នោះទៅប្រើប្រាស់ក្នុងផ្លូវផ្សេង ដោយមិនប្រគល់ប្រាក់នោះឲ្យម្ចាស់វិញ។ «ថ្វីបើការទទួលយកប្រាក់ ដែលគេផ្ញើឲ្យច្រឡំ មានលក្ខណៈខុសពីអំពើលួច តែក៏អាចចាត់ចូលជាអំពើលួចដែរ អាស្រ័យលើកាលៈទេសៈនៅជុំវិញការកិបទុកប្រាក់ដែលទទួលនោះ»។

សព្វថ្ងៃនេះ ប្រតិបត្តិការផ្ទេរប្រាក់ ជារឿយៗត្រូវបានធ្វើតាមប្រព័ន្ធអេឡិចត្រូនិច ជាពិសេស ការផ្ទេរតាមទូរស័ព្ទ។ ទោះបីនៅក្នុងប្រព័ន្ធផ្ទេរតាមទូរស័ព្ទ មានការសួរឲ្យអ្នកផ្ទេរបញ្ជាក់ពីចំនួនទឹកប្រាក់ដែលត្រូវផ្ទេរនិងលេខគណនីនៃអ្នកទទួល និងមានបង្ហាញពីឈ្មោះម្ចាស់គណនីនៃអ្នកទទួលក្តី មានពេលខ្លះ ដោយការធ្វេសប្រហែស ឬ មិនយកចិត្តទុកដាក់ក្នុងការផ្ទៀងផ្ទាត់នឹងសំណួររបស់ប្រព័ន្ទផ្ទេរតាមទូរស័ព្ទ ឬ ដោយហេតុផលនៃការមិនប៉ិនប្រសប់ក្នុងការប្រើ  អ្នកផ្ទេរបែរជាចុចច្រឡំលេខគណនី រួចចុចផ្ទេរតែម្តង។ ក្រោយមកទើបដឹងថាខ្លួនផ្ទេរខុសមនុស្សដែលត្រូវទទួលប្រាក់។ ចំណែកអ្នកដែលទទួល ពេលបានឃើញប្រាក់ចូលក្នុងគណនីរបស់ខ្លួន ក៏ហាក់ដូចជាអរ ដោយនៅស្ងៀមៗ បានប្រាក់មកទទេៗ។ មានពេលខ្លះ ដោយខ្លាចអ្នកផ្ទេរទាមទារឲ្យបង្វិលប្រាក់ឲ្យម្ចាស់វិញ អ្នកទទួលនោះ ក៏ស្រវាស្រទេញ ទៅបើកប្រាក់នោះពីធនាគារ ហើយលាក់ខ្លួនមិនឆ្លើយតបនឹងការអំពាវនាវរបស់ម្ចាស់ប្រាក់ឲ្យប្រគល់ប្រាក់ឲ្យគេវិញ។

អំពើទទួលប្រាក់ដោយគ្មានមូលហេតុ (មានន័យយថានៅស្ងៀមៗស្រាប់តែបាន) ដូចជាបុគ្គលអ្នកទទួលមិនបានផ្តល់សេវា ឬ មិនបានប្រគល់ទំនិញឲ្យអ្នកផ្ទេរប្រាក់សោះ ឬ ប្រាក់ដែលផ្ទេរនោះមិនមែនជាអំណោយមកឲ្យខ្លួន អំពើនេះ បើតាមច្បាប់ គេហៅថា “សេចក្តីចម្រើនដោយឥតហេតុ”។ អ្នកដែលទទួលប្រាក់ដែលគេផ្ទេរមកដោយច្រឡំ គឺជាអ្នកដែលទទួលសេចក្តីចម្រើនដោយឥតហេតុ។ បុគ្គលដែលទទួលនោះ មានកាតព្វកិច្ចត្រូវប្រគល់ឲ្យម្ចាស់ប្រាក់វិញ។

មាត្រា៧៣៦ នៃក្រមរដ្ឋប្បវេណី ចែងថា ទោះបីជាគ្មានមូលហេតុលើផ្លូវច្បាប់ក៏ដោយ បុគ្គលដែលបានទទួលផលប្រយោជន៍ដោយសារទ្រព្យសម្បត្តិ ឬ ពលកម្មរបស់អ្នកដទៃ ហើយធ្វើឲ្យកើតមានការបាត់បង់ផលប្រយោជន៍ដល់អ្នកដទៃ ដោយសារការទទួលនោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ត្រឹមកម្រិតដែលផលប្រយោជន៍នោះមាន។...

ដូចបានឃើញក្នុងមាត្រា៧៣៦ ខាងលើ អ្នកទទួលប្រាក់ជាទ្រព្យសម្បត្តិរបស់អ្នកដទៃ ដែលគេគ្មានបំណងឲ្យមកខ្លួន ដែលការទទួលប្រាក់នេះ ធ្វើឲ្យអ្នកផ្ទេរដោយច្រឡំបាត់បង់ផលប្រយោជន៍របស់ខ្លួន អ្នកទទួលត្រូវសងត្រឡប់ទៅឲ្យម្ចាស់ប្រាក់វិញ តែក្នុងចំនួនដែលគេច្រឡំផ្ទេរមក គឺមិនគិតពីការប្រាក់ទេ។

ម្យ៉ាងវិញទៀត មាត្រា៧៣៧ នៃក្រមរដ្ឋប្បវេណី បញ្ជាក់ថា អ្នកទទួលប្រាក់ដែលដឹងថាខ្លួនគ្មានមូលហេតុផ្លូវច្បាប់ដើម្បីទទួលប្រាក់នោះ ហើយនៅតែកិបទុកប្រាក់នោះ អ្នកទទួលនោះ មានករណីយកិច្ច សងប្រាក់ទៅម្ចាស់វិញទាំងដើមទាំងការ។

ឧទាហរណ៍៖ លោក ចិត្រា ទទួលប្រាក់ដែលគេផ្ទេរដោយច្រឡំចំនួន១ពាន់ដុល្លារ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ គាត់ដឹងថា គាត់គ្មានមូលហេតុណាមួយដើម្បីទទួលប្រាក់នោះទេ (ដូចជា អ្នកផ្ទេរមិនបានជំពាក់ប្រាក់ខ្លួន ជាដើម)។ ម្ចាស់ប្រាក់រកគាត់ឃើញថា ជាអ្នកទទួល នៅថ្ងៃ៣០ កញ្ញានោះដែរ ហើយទាមទារឲ្យលោកចិត្រា ប្រគល់ប្រាក់មកឲ្យគាត់វិញ តែលោក ចិត្រា ប្រកែកមិនព្រមប្រគល់ឲ្យ។ លុះដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២១ ទើបគាត់ព្រមសងម្ចាស់ប្រាក់វិញ ដូច្នេះ លោក ចិត្រា ត្រូវសងប្រាក់១ពាន់ដុល្លារផង និងចុងការគិតពីថ្ងៃ៣០ ខែកញ្ញា មកទល់ថ្ងៃ៣១ ខែធ្នូ។

មាត្រា៧៣៧នេះ ចែងថា បុគ្គលដែលបានទទួលផលប្រយោជន៍ ដូចបានកំណត់នៅក្នុងមាត្រា៧៣៦ (លក្ខខណ្ឌ និង អានុភាពនៃសេចក្តីចម្រើនដោយឥតហេតុ) ខាងលើ ក្នុងករណីដែលបានដឹងថាគ្មានមូលហេតុលើផ្លូវច្បាប់... បុគ្គលដែលបានទទួលផលប្រយោជន៍ មានករណីយកិច្ចត្រូវសងផលប្រយោជន៍ដែលមាននៅពេលបានដឹង និង ការប្រាក់ គិតចាប់ពីពេលដែលបានដឹង រហូតដល់ពេលសង។

ចុះក្នុងករណីដែលអ្នកទទួលដឹងថា ខ្លួនគ្មានមូលផ្លូវច្បាប់ត្រូវទទួលប្រាក់ដែលផ្ទេរច្រឡំ ហើយប្រកែកមិនព្រមសងវិញ តើអ្នកផ្ទេរមានដំណោះស្រាយផ្លូវច្បាប់យ៉ាងណាដើម្បីទទួលបានប្រាក់មកវិញ ហើយអ្នកទទួលប្រាក់នោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់យ៉ាងណាដែរ?

អ្នកផ្ទេរអាចប្តឹងជាបណ្តឹងរដ្ឋប្បវេណីដើម្បីទាមទារប្រាក់ដែលផ្ទេរច្រឡំមកវិញ។ តែបើអ្នកទទួលមានគំនិតទុច្ចរិតចង់កេងយកប្រាក់នោះ ដោយដឹងថាខ្លួនគ្មានមូលហេតុលើផ្លូវច្បាប់ក្នុងការទទួលប្រាក់នោះ អ្នកទទួលនោះអាចមានការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌមួយជាន់ទៀត បន្ថែមលើសំណងជាប្រាក់។ «បើអ្នកទទួលប្រាក់ដឹងថា ប្រាក់នោះជាប្រាក់របស់គេ ហើយប្រើល្បិចទុច្ចរិតដើម្បីយកមកធ្វើជារបស់ខ្លួន អ្នកទទួលនោះ អាចទទួលរងការចោទប្រកាន់ពីបទលួច»។

មាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ ចែងថា អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬ វត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ មាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ កំណត់ថា អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល។

សរុបមក អ្នកទទួលប្រាក់ដែលគេផ្ទេរមកដោយច្រឡំ ត្រូវតែផ្ទេរត្រឡប់ឲ្យទៅម្ចាស់ដើមវិញ ទោះបីម្ចាស់ប្រាក់ដឹងថា គេបានច្រឡំ ឬ មិនទាន់ដឹងថាច្រឡំក៏ដោយ ដើម្បីចៀសវាងការទទួលខុសត្រូវតាមផ្លូវច្បាប់ជាយថាហេតុ៕

Tag:
 ច្បាប់
  ផ្ទេរប្រាក់ច្រឡំ
© រក្សាសិទ្ធិដោយ thmeythmey.com