ជាតិ
ពីនេះ ពីនោះ
អត្ថន័យ​នៃពាក្យ «គុណ, គុន, គន់, គណ, គន្ធ»
06, Feb 2023 , 7:29 am        
រូបភាព
ផ្អែក​តាម​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត សារព័ត៌មានថ្មីៗ សូម​លើកយកពាក្យ «គុណ, គុន, គន់, គណ, គន្ធ» មកពន្យល់ ដើម្បី​ឲ្យមិត្តអ្នកអាន​ប្រើ​ប្រាស់បាន​ត្រឹម​ត្រូវ។
 
«គុណ» មានន័យថា ដំណើរធ្វើ​ឲ្យ​ចម្រើន​កើនឡើង។ គុណ ១០ ជា ២០; លេខគុណ ។ សេចក្ដីចម្រើន; ថ្នាក់, ជាន់; លក្ខណៈ; ចំណែក; សេចក្ដីល្អ; សភាព, បែបបទ...។ សភាវធម៌ដែលចម្រើនឡើងដោយលក្ខណៈរបស់ខ្លួន គួរគោរព តបស្នងនឹងខានពុំបាន : គុណមាតា, គុណបិតា, គុណគ្រូ, គុណលោកអ្នកមានឧបការៈលើខ្លួន ។ ធម៌ដែលគួរនឹក គួររំពឹងដល់: គុណព្រះពុទ្ធ–ព្រះធម៌–ព្រះសង្ឃ ។ 
 
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អានថា គុណ : ដូចជា គុណកថា ការថ្លែង, និយាយ, ចរចាអំពីគុណ : គុណកថានេះពីរោះណាស់ គួរតែស្ដាប់ ។ ពាក្យ​ផ្សេងទៀត​មាន​ដូចជា គុណកម្ម, គុណជាត ឬ គុណជាតិ, គុណធម៌, គុណនាម, គុណបទ, គុណភាព, គុណវិបត្តិ, គុណវិសេស, គុណវុឌ្ឍិ, គុណសព្ទ, គុណសម្បត្តិ។
 
«គុន» សំដៅ​លើ​ឈ្មោះសិល្បខាងគ្រឿងអាវុធ សម្រាប់ចូលប្រឡូកលោតហក់តយុទ្ធផ្ទាល់ខ្លួន, ជាចំណេះវិសេសម្យ៉ាងរបស់អ្នកចម្បាំង ពីក្នុងសម័យបុព្វបុរសរាល់ប្រទេស។ គុនដំបង, គុនដាវវែង, គុនដាវខ្លី, គុនខែល, គុនកាំបិតគ្រលុក. . . ។
 
«គន់» មានន័យថា រកមើល; តែកម្រនិយាយដាច់តែឯង ច្រើននិយាយថា គយគន់ ឬ គន់មើល . . . ។ គន់គូរ ពិចារណាដោយក្បួនវេទ មានវាយលេខជាដើម។ ហោរាគន់គូរ ។ គយគន់ ចាំមើល, ឃ្លាំមើល។ គយគន់រំពៃ ។
 
«គណ» គឺ​ពួក; ក្រុម; បន; ហ្វូង ។ មេគណ គឺមេពួក, មេក្រុម; នៅកម្ពុជរដ្ឋក្នុងសម័យសព្វថ្ងៃនេះប្រើជាសមណស័ក្ដិរបស់បព្វជិតដែលមានព្រះរាជក្រមឲ្យតាំងជាអធិបតីលើពួកបព្វជិតក្នុងខែត្រក្រៅ; ត្រូវសម្ដេចព្រះសង្ឃនាយក ឬសម្ដេចព្រះសង្ឃរាជតាមគណៈ តាំងជាឋានានុក្រម ទីព្រះគ្រូសិន, តមកសម្ដេចព្រះប្រមុខរដ្ឋទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំងជាទីព្រះរាជាគណៈ សម្រាប់សមណស័ក្ដិទីមេគណ តាមការសូមនៃ អភិបាលខេត្ត។
 
រៀងភ្ជាប់ជាមួយនឹងសព្ទឯទៀតឲ្យជាបទសមាសតាមរបៀបវេយ្យាករណ៍ សំសង្ក្រឹត-បាលី ត្រូវរៀងជា «គណៈ»  រដ្ឋមន្ត្រីគណៈ ក្រុមនៃរដ្ឋមន្ត្រី; សង្ឃគណៈ ក្រុមនៃភិក្ខុសង្ឃ; ប៉ុន្តែតាមទម្លាប់ខ្មែរយើង, ច្រើនតែប្រើរៀងបទសមាស សំ. បា. ត្រឡប់យកបទក្រោយជាមុនវិញ សម្រួលឲ្យងាយអាន ងាយថា, រៀងត្រឡប់បទជា គណៈរដ្ឋមន្ត្រី, គណៈសង្ឃ វិញ, ក៏នៅតែមានន័យថា ក្រុមរដ្ឋមន្ត្រី, ក្រុមភិក្ខុសង្ឃ ដែរ។
 
«គន្ធ» អាន​ថា គន់-ធ  ដែលមានន័យថា ក្លិន; គ្រឿងក្រអូប (សម្រាប់ប្រើតែក្នុងកាព្យ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. គ័ន-ធៈ, ដូចជា គន្ធជាត (គ័ន-ធៈ-ជាត ) ក្លិន; គ្រឿងក្រអូប ។ គន្ធពាណិជ ឬ គន្ធវាណិជ (គ័ន-ធៈ-ពានិច, —វានិច ) អ្នកលក់គ្រឿងក្រអូប, អ្នកលក់ទឹកអប់ ឬ ប្រេងក្រអូបផ្សេងៗ ។ គន្ធពិដោរ (គ័ន-ធៈ— ឬ គន់-ធៈ— ) ក្លិនក្រអូបល្អ, ក្លិនក្រអូបឈ្ងប់, ក្រអូបល្វេងល្វើយ។ គន្ធរស (គ័ន-ធៈ-រស់) ទឹកក្រអូប, ទឹកអប់ ។ ល ។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com