សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) ត្រូវបានគេចាត់ទុកថា ជាអង្គការពហុភាគីដ៏ជោគជ័យបំផុតក្នុងតំបន់អាស៊ី ជាពិសេសក្នុងការរក្សាសន្តិសុខ និងសន្តិភាពក្នុងតំបន់។ ចំណុចសំខាន់មួយ ដែលធ្វើឱ្យអាស៊ានខុសពីអង្គការក្នុងតំបន់ផ្សេងៗក្នុងការបញ្ឈប់, ដោះស្រាយ និងបញ្ចៀសជម្លោះក្នុងតំបន់ នោះ គឺមាគ៌ាអាស៊ាន។
មាគ៌ាអាស៊ាន គឺជាគោលការណ៍មួយរបស់អាស៊ានដែលគ្រប់សេចក្ដី សម្រេចទាំងអស់របស់ប្រទេសសមាជិកត្រូវផ្អែកលើវិធាននេះ ដែលមានវប្បធម៌សន្ទនា និងការចរចារហូតដល់ភាគីទាំងអស់ពេញចិត្តនឹងលទ្ធផល។ ការណ៍នេះ បាននាំឱ្យប្រទេសសមាជិកចុះសម្រុងគ្នា ហើយបានរក្សាសន្តិភាពតំបន់រហូតមកដល់ពេលពេលបច្ចុប្បន្ន។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ចំនួន ៤នៃមាគ៌ាអាស៊ាន ដែលនឹងត្រូវយកមកបកស្រាយ។
១. ការមិនជៀតជ្រែកកិច្ចការផ្ទៃក្នុង
ធម្មនុញ្ញអាស៊ានមាត្រា ២(ក) និង ២(ខ) បានចែងថា សមាជិកអាស៊ានទាំងអស់ ត្រូវតែគោរព ឯករាជ្យភាពនៃប្រទេសនីមួយៗ និងមិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងឡើយ។ ដូច្នេះរាល់បញ្ហា ក្នុងស្រុកទាំងអស់ដូចជា ការប្រជែងអំណាចនយោបាយជាដើម គួរតែត្រូវបានដោះ ស្រាយដោយរដ្ឋាភិបាលរបស់ប្រទេសនីមួយៗ។ សមាជិកអាស៊ានបានអនុវត្តគោលការណ៍នេះ តាំងពីការបង្កើតអង្គការមកម្ល៉េះ ដើម្បីធានាអធិបតេយ្យភាពរបស់រដ្ឋ ក៏ដូច ជាបង្ហាញការគោរពជំហរស្មើភាពគ្នាសម្រាប់ប្រទេសសមាជិកទាំងអស់។
២. ការទូតបែបស្ងៀមស្ងាត់
ទំនាក់ទំនងការទូតស្ងៀមស្ងាត់ ឬការទូតបែបទន់ភ្លន់ (Quiet Diplomacy)។ ក្នុងការបញ្ជៀសជម្លោះធំៗ ក្នុងចំណោមរដ្ឋសមាជិកដែលអាចបង្កជាសង្គ្រាម និងកាត់បន្ថយភាពតានតឹងរវាងភាគីជម្លោះទ្វេភាគី អាស៊ាន បានអនុវត្តនយោបាយការទូតស្ងៀមស្ងាត់ ដែលបានលើកបញ្ហាមកពិភាក្សាតែជាមួយភាគីជម្លោះ ដើម្បីរកដំណោះស្រាយដោយស្ងប់ស្ងាត់ ជាជាងបញ្ចេញការពិភាក្សាទាំងនោះជាសាធារណៈ។
៣. ការមិនប្រើកម្លាំងអាវុធ
ទោះបីជាជម្លោះតានតឹងយ៉ាងណាក្ដីក៏សមាជិកអាស៊ានមិនត្រូវប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយជម្លោះនោះទេ។ អាស៊ានចូលចិត្តប្រើវិធីសាស្រ្តក្រៅផ្លូវការ ដើម្បីទប់ស្កាត់ការរីកធំឡើង នៃជម្លោះ។ ឧទាហរណ៍ ជាជាងការលូកដៃចូលរឿងមនុស្សធម៌ ឬអន្តរាគមន៍ដោយប្រើយោធា ក្នុងករណីពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស អាស៊ាននឹងជួយជាជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌។
៤. ការឯកភាពគ្នាដោយកុងសង់ស៊ីស
ចំណុច៤ នៃមាគ៌ាអាស៊ាន គឺការឯកភាពគ្នាដោយកុងសង់ស៊ីស ( Consensus)។
ប្រទេសសមាជិកអាស៊ាននីមួយៗ មានសិទ្ធិស្មើគ្នា ក្នុងការសម្រេចចិត្តលើសេចក្តីសម្រេចណាមួយ។ ក្នុងការដោះស្រាយវិបត្តិ ឬបញ្ហា វាត្រូវមានការយល់ស្របពី សមាជិកទាំង១០ ហើយប្រសិនបើប្រទេសមួយណាជំទាស់ នោះសេចក្ដីសម្រេច នឹងមិនត្រូវបានអនុម័តឡើយ។
សរុបមកវិញ គោលការណ៍ទាំងបួនខាងលើ ពិតជាបានជួយឱ្យអាស៊ានបន្តកិច្ចការរបស់ ខ្លួនដោយរលូន និងជោគជ័យក្នុងការរក្សាស្ថិរភាពតំបន់។ ទោះជាយ៉ាងនេះក្តី អ្នកសង្កេតការណ៍អន្តរជាតិភាគច្រើន អះអាងថា អាស៊ានមិនបានបង្កើតស្នាដៃ ជាដុំកំភួនគួរឱ្យកត់សម្គាល់នោះឡើយ។ ពេលខ្លះ អាស៊ានត្រូវបានចាត់ទុកថាជាអង្គការក្នុងតំបន់ ដែលគ្មានប្រសិទ្ធភាព៕