ជាតិ
រថយន្ត
ក្រសួងសាធារណការស្នើ UNDP ឲ្យជួយបង្កើតស្ថានីយសាកថ្មយានយន្តអគ្គិសនី៥ទីតាំង
06, Jan 2022 , 10:25 am        
រូបភាព
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត ក្រសួង
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត ក្រសួង
ដោយ: រួបរួម
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីរបាយការណ៍យុទ្ធសាស្ត្រយានយន្តអគ្គិសនី នាអំឡុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង កាលពីថ្ងៃទី៥ ខែមករា។


អត្ថបទទាក់ទង


ទាក់ទងនឹងយុទ្ធសាស្ត្រយានយន្តអគ្គិសនី លោក ស៊ុន ចាន់ថុល បានអះអាងថា ក្រសួងបានស្នើទៅកម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ (UNDP) ឲ្យជួយបង្កើតស្ថានីយសាកថ្មចំនួនប្រាំទីតាំង ដែលក្នុង នោះទីតាំងទី១ឋិតនៅទីស្តីការក្រសួង និងទីតាំងបួនកន្លងទៀតស្ថិតនៅតាមបណ្ដារាជធានី-ខេត្តនានា។

បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ នេះជាការចាប់ផ្ដើមជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ដោយបានស្វែងរកថវិកាទិញរថយន្តដើរដោយថាមពលអគ្គិសនីចំនួនពីរគ្រឿង ដើម្បីជាការនាំមុខ និងជាការបង្ហាញថាក្រសួងកំពុងប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនី។

កាលពីដើមខែវិច្ឆិកា កន្លងមក ឯកអគ្គរាជទូតអូស្ត្រាលី និងចក្រភពអង់គ្លេស រួមជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា បានពិភាក្សាគ្នាស្តីអំពីអនាគតនៃយានយន្តអគ្គិសនីនៅប្រទេសកម្ពុជា។ កិច្ចពិភាក្សា បានផ្តោតទៅលើការពង្រីកទីផ្សារអន្តរជាតិរបស់យានយន្តអគ្គិសនី និងភាពសម្បូរបែបថ្មីនៃយានយន្តអគ្គិសនីមួយចំនួននៅកម្ពុជា មានដូចជា Jaguar I-Pace, Onion (e-tuks tuks) និង Thada (e-moped)។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា វិស័យដឹកជញ្ជូនរួមចំណែកជាងពាក់កណ្តាលនៃការប្រើប្រាស់ថាមពលសរុបនៅកម្ពុជាក្នុងឆ្នាំ២០១៨ ដូច្នេះការផ្គត់ផ្គង់អគ្គិសនីដល់វិស័យនេះ ជាជំហានដ៏សំខាន់មួយក្នុងការកាត់បន្ថយការបំភាយកាបូននៅក្នុងប្រទេស។
 
ស្ថានីយ៍សាកថ្ម អាចតម្លើងបាននៅតាមផ្ទះ ការិយាល័យធ្វើការ ឬទីសាធារណៈ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចសាកថ្មរថយន្តបានដោយងាយ។ ទាក់ទងករណីនេះដែរ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានកត់សម្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធសាកថ្មឆ្លាត អាចជួយឲ្យសង្គមមានតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការនៃបណ្តាញចែកចាយអគ្គិសនី។
 
បើតាមលោក ស៊ុន ចាន់ថុល ក្រសួងសាធារណការ កំពុងរៀបចំគោលនយោបាយ និងជំនួយសម្រាប់យានយន្តអគ្គិសនី ជាពិសេសហេដ្ឋារចនាសម្ព័ន្ធទាំងមូលនៅក្នុងប្រទេស ដូចជាស្ថានីយ៍សាកថ្ម កន្លែងផ្តល់សេវាកម្ម គ្រឿងបន្លាស់ កម្មករជំនាញ និងកន្លែងបន្សល់ថ្ម ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com