ជាតិ
រថយន្ត
រថយន្ត Wolkswagen ចាស់មួយគ្រឿង ត្រូវបានដាក់តាំងនៅអាហារដ្ឋានមួយកន្លែងក្នុងក្រុងតាខ្មៅ
10, Jan 2022 , 7:59 pm        
រូបភាព
 កណ្តាល៖  លោក ឃិម លេនីន ជាម្ចាស់អាហារដ្ឋាន អេម នៅទីក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោក លេនីន យកទីធ្លាអាហារដ្ឋានដែលធំទូលាយ ដើម្បីតាំងយានយន្ដបុរាណ៤គ្រឿង ជាម៉ាក MERCEDES-BENZ ១គ្រឿង ម៉ាក WOLKSWAGEN ១គ្រឿង ម៉ាក CITROËN ១គ្រឿង និងម៉ាក 长江 ១គ្រឿងដែរ។ រថយន្ដ WOLKSWAGEN ប្រភេទទី១ ដែលផលិតចន្លោះឆ្នាំ១៩៦០ និង១៩៦៩ ដែលលោក ឃិម លេនីន ដាក់តាំងនេះ វាមានពណ៌ក្រហម លាយស ដែលមិនមែនជាពណ៌ដើមនោះទេ។ គាត់បានទិញវា ពីប្រទេសវៀតណាម ហើយជិះទៅដល់ខេត្តកោះកុង ឱ្យទៅមិត្តភក្តិរបស់ខ្លួនដាក់តាំង និងផ្សព្វផ្សាយហាងកាហ្វេ ដែលឈ្មោះថាCafé Laurent។ នេះជាមូលហេតុដែលមានពណ៌ក្រហមពាក់កណ្ដាល លើពណ៌សពីដើម និងក៏ជាមូលហេតុដែល មានអក្សរ Café Laurent បិតនៅសងខាងឡានដែរ។ វានៅមានគ្រឿងពីដើមស្ទើរតែទាំងអស់ លើកលែងតែកង់ទាំង៤ ដែលថ្មី។ ឥឡូវនេះលោក លេនីន បានយក WOLKSWAGEN ប្រភេទទី១នេះ មកតាំងនៅភោជនីយដ្ឋានរបស់ខ្លួន នៅក្រុងតាខ្មៅវិញ ប៉ុន្តែវាជិះមិនកើតទេ។
 
សូមទស្សនាវីដេអូខាងក្រោមនេះ៖
 
 
នៅទូទាំងពិភពលោក ប្រហែលជាប្រភេទឡានបុរាណ ដែលនៅសេសសល់ច្រើនជាងគេ គឺជារថយន្ដម៉ាក VOLKSWAGEN ប្រភេទទី១។ ដូច្នេះក្នុងចំណោមឡានបុរាណ ដែលត្រូវនាំចូលមកប្រទេសកម្ពុជា ច្រើនជា VOLKSWAGEN ប្រភេទទី១ដែរ។ រថយន្ដ VOLKSWAGEN ប្រភេទនេះ មានឈ្មោះផ្លូវការថាប្រភេទទី១ ពីព្រោះជាប្រភេទដំបូងគេបង្អស់ ដែលក្រុមហ៊ុន VOLKSWAGEN បានផលិតចាប់ពីឆ្នាំ១៩៣៨ និងរហូតដល់ឆ្នាំ១៩៧៨ (រហូតដល់ឆ្នាំ២០១៩ នៅប្រទេសប្រេស៊ីល!)។ ក៏ប៉ុន្តែគ្មាននរណាហៅវាដូចនេះទេ! ប្លែកមែន តាមភាសានីមួយៗរថយន្ដនេះមានឈ្មោះហៅថា Käfer (ភាសាអាល្លឺម៉ង់) Coccinelle (ភាសាបារាំង) Escarabajo (ភាសាអេស្ប៉ាញ) Beetle (ភាសាអង់គ្លេស)លឺ Kever (ភាសាហូឡង់) Maggiolino (ជាភាសាអ៊ីតាលី) Fusca (ភាសាព័រទុយហ្កាល)។ ល។ ដែលអាចបកប្រែថាសត្វខ្ញុង ពីព្រោះវាមានរាងដូចសត្វល្អិតនេះ។ អំពីខ្មែរយើងវិញ ចាស់ៗហៅថា ឡានអណ្ដើក។ ម៉ាក VOLKSWAGEN ត្រូវបានបង្កើតឡើងនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩៣៧ ដោយពលរដ្ឋអូទ្រីសមួយរូបឈ្មោះ PORSCHE Ferdinand ដែលក៏បានបង្កើតម៉ាក PORSCHE ដែរ។ ជាភាសាអាល្លឺម៉ង់ពាក្យ VOLKS មានន័យថា ប្រជាជន និងពាក្យ WAGEN មានន័យថាឡាន៕
 
អត្ថបទទាក់ទង
















 

Tag:
 យានយន្ត
  Wolkswagen
  តាំងលម្អ
  រថយន្តបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com