ជាតិ
រថយន្ត
កម្ពុជា គ្រោងដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនី ច្រើនជាង១៥ទីតាំងនៅភ្នំពេញ និងតាមខេត្ត
25, Jan 2022 , 6:59 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ (រូបភាព៖ ហ្វេសប៊ុកក្រសួង)
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ (រូបភាព៖ ហ្វេសប៊ុកក្រសួង)
ភ្នំពេញ៖ កម្ពុជាគ្រោងសាងសង់ស្ថានីយសាកថ្មយានយន្តអគ្គិសនី ច្រើនជាង១៥ទីតាំង នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត និងតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ ក្រៅពីនេះ កម្ពុជាក៏ស្វាគមន៍ការវិនិយោគពីវិនិយោគិន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការយានយន្តអគ្គិសនីផងដែរ។
 
កម្ពុជា មានគម្រោងសាងសង់ស្ថានីយសាកថ្មយានយន្តដើរដោយថាមពលអគ្គិសនី(EV) ច្រើនជាង ១៥ ទីតាំង នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ នេះបើតាមប្រសាសន៍របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាជំនួបពិភាក្សាលើគោលនយោបាយគាំទ្រ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) កាលពីថ្ងៃទី២៤ ខែមករា។
 


បើតាមលោក ស៊ុន ចាន់ថុល ក្រសួងសាធារណការ កំពុងសហការជាមួយ UNDP ក្នុងការដំឡើងស្ថានីយសាកថ្មEV ចំនួន៥ទីតាំង ដោយក្នុងនោះ មួយទីតាំងនៅទីស្តីការក្រសួងសាធារណការ និង៤ទីតាំងទៀត នៅតាមបណ្តាខេត្ត។ ក្រៅពីកិច្ចសហការនេះ ក្រសួងក៏មានគម្រោងដំឡើងស្ថានីយសាកថ្ម EV ចំនួន១០ទីតាំងនៅក្រុងភ្នំពេញ ដោយសហការជាមួយវិស័យឯកជន ខណៈគម្រោងដំឡើងស្ថានីយថ្ម EV នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងដាក់ឱ្យប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ២០២២នេះ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ PTT។
 
ក្រៅពីអះអាងពីការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានទូលំទូលាយ លោករដ្ឋមន្ត្រី ក៏គូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ដំណើរការយានយន្តអគ្គិសនីនៅកម្ពុជា ពីវិនិយោគិនទាំងក្នុងនិងក្រៅស្រុក។
 
ជុំវិញការដំឡើងស្ថានីយសាកថ្ម EV នេះដែរ គណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានស្នើឱ្យក្រសួង ពិនិត្យ និងសម្របសម្រួលលើការងារបច្ចេកទេស ពាក់ព័ន្ធនឹងការដំឡើងឧបករណ៍ស្តង់ដាររួម ដែលអាចឱ្យយានយន្តអគ្គិសនីគ្រប់ប្រភេទ សាកថ្ម EVs នៅស្ថានីយសាកថ្មមួយណាក៏បាន។ ប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ក៏ស្នើឱ្យក្រសួងសាធារណការ រៀបចំគោលនយោបាយសម្រាប់យានយន្តអគ្គិសនីផងដែរ។
 


ជាការឆ្លើយតបរដ្ឋមន្ត្រីក្រសួងសាធារណៈ លើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធធ្វើការជាមួយអ្នកជំនាញក្រោមឱវាទក្រសួង ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព សំដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី និងចូលរួមកាត់បន្ថយការបំភាយឧស្ម័នការបូនិក ទៅក្នុងបរិយាកាស។ 
 
កន្លងមក លោក ស៊ុន ចាន់ថុល  ធ្លាប់បានបញ្ជាក់ថា ក្រសួងសាធារណការ កំពុងរៀបចំគោលនយោបាយ និងជំនួយសម្រាប់យានយន្តអគ្គិសនី ជាពិសេសហេដ្ឋារចនាសម្ព័ន្ធទាំងមូលនៅក្នុងប្រទេស ដូចជាស្ថានីយ៍សាកថ្ម កន្លែងផ្តល់សេវាកម្ម គ្រឿងបន្លាស់ កម្មករជំនាញ និងកន្លែងបន្សល់ថ្មជាដើម៕
 
 
 
 

Tag:
 យានយន្តអគ្គិសនី
  EV
  ស្ថានីយសាកថ្ម
© រក្សាសិទ្ធិដោយ thmeythmey.com