ជាតិ
រថយន្ត
លោក តាំង ណាំសែ ចង់រក្សាឡាន Volkswagenបុរាណ ឱ្យបន្តមានវត្តមាននៅទឹកដីបាត់ដំបង
14, Feb 2022 , 8:29 pm        
រូបភាព
លោក តាំង ណាំសែ ជាម្ចាស់យានបុរាណ ១០គ្រឿង ក្នុងនោះមានរថយន្ដ១គ្រឿង ម៉ាក VOLKSWAGEN ប្រភេទទី១ ពណ៌ពងមាន់ ដែលផលិតនៅចន្លោះឆ្នាំ១៩៦១ ដល់១៩៦៨។ ឡាននេះ ប្រហែលជានៅក្រុងបាត់ដំបងតាំងពីដើមមក ប៉ុន្តែដោយសារត្រូវបានគេបោះវាចោល វាមិនមានផ្លាកលេខដើមទេ។ ទោះយ៉ាងណាលោក ណាំសែ បានទិញវាធ្វើទំនើបកម្ម។ កាលពីឆ្នាំ២០១៧ រថយន្ដបុរាណនេះ ត្រូវបានគេជួលសម្រាប់ថតភាពយន្ដ មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ហើយដាក់ផ្លាកលេខដូចសម័យសង្គ្រាមស៊ីវិល នៅរាជធានីភ្នំពេញ : ភ្ព2. 2231 ។ ក្រៅពីរថយន្តនេះ លោក តាំង ណាំសែ មានកង់ជប៉ុន២គ្រឿង ម៉ាក NITTO ប្រភេទប្រៃសណីយ៍ និងម៉ាក ZEBRA ប្រភេទ Sunny។ កង់ម៉ាស៊ីន ៥គ្រឿង គឺម៉ាក VÉLOSOLEX ប្រភេទ 3300 ម៉ាក MOBYLETTE ប្រភេទ AV37 និងប្រភេទ AV85 ឬ88 និងម៉ាកជប៉ុន HONDA ប្រភេទ PC ២គ្រឿង។ ក្រៅពីកង់បុរសរូបនេះ មានម៉ូតូ២គ្រឿង ម៉ាក HONDA ប្រភេទCB និងម៉ាក VESPA ប្រភេទ Sprint។


 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖
 
 
នៅទូទាំងពិភពលោក ប្រហែលជាប្រភេទឡានបុរាណ ដែលនៅសេសសល់ច្រើនជាងគេ គឺជារថយន្ដម៉ាក VOLKSWAGEN ប្រភេទទី១។ ដូច្នេះក្នុងចំណោមឡានបុរាណ ដែលត្រូវបាននាំចូលមកប្រទេសកម្ពុជា ច្រើនជា VOLKSWAGEN ប្រភេទទី១ដែរ។ រថយន្ដ VOLKSWAGEN ប្រភេទនេះ មានឈ្មោះផ្លូវការថាប្រភេទទី១ ពីព្រោះជាប្រភេទដំបូងគេបង្អស់ ដែលក្រុមហ៊ុន VOLKSWAGEN បានផលិតចាប់ពីឆ្នាំ១៩៣៨ ដល់ឆ្នាំ១៩៧៨ និង រហូតដល់ឆ្នាំ២០១៩ នៅប្រទេសប្រេស៊ីល។ ក៏ប៉ុន្តែគ្មាននរណាហៅវាដូចនេះទេ! តាមភាសានីមួយៗ រថយន្ដនេះមានឈ្មោះហៅថា Käfer (ភាសាអាល្លឺម៉ង់) Coccinelle (ភាសាបារាំង) Escarabajo (ភាសាអេស្ប៉ាញ) Beetle (ភាសាអង់គ្លេស) Kever (ភាសាហូឡង់) Maggiolino (ជាភាសាអ៊ីតាលី) Fusca (ភាសាព័រទុយហ្គាល់)។ល។ ដែលអាចបកប្រែថាសត្វខ្ញុង ពីព្រោះវាមានរាងដូចសត្វល្អិតនេះ។ នៅកម្ពុជាវិញ ចាស់ៗហៅថា ឡានអណ្ដើក។


 
VOLKSWAGEN ប្រភេទទី១ ត្រូវបានដំឡើងប្រមាណ ២១លានគ្រឿង តាមរោងចក្រនានានៅប្រទេសអាល្លឺម៉ង់ ហើយនៅប្រទេសនានាក្នុងទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាម៉េរិក។ មុនសង្គ្រាម នៅប្រទេសកម្ពុជា មានឡាន VOLKSWAGEN ប្រភេទទី១ ច្រើនគួរសម ប៉ុន្តែសព្វថ្ងៃនៅសេសសល់តិចតួចប៉ុណ្ណោះ។ ម៉ាក VOLKSWAGEN ត្រូវបានបង្កើតឡើងនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩៣៧ ដោយពលរដ្ឋអូទ្រីសមួយរូបឈ្មោះ PORSCHE Ferdinand ដែលក៏បានបង្កើតម៉ាក PORSCHE ដែរ។ ជាភាសាអាល្លឺម៉ង់ពាក្យ VOLKS មានន័យថា ប្រជាជន និងពាក្យ WAGEN មានន័យថាឡាន៕
 





អត្ថបទទាក់ទង
 
 

Tag:
 តាំង ណាំសែ
 រថយន្ត
 ឡានបុរាណ
  Volkswagen
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com