ជាតិ
លោក ឡឹក ទឹតសុធារ អនុបណ្ឌិតកសិកម្មពីបារាំង ឈរឈ្មោះជាចៅសង្កាត់ តាមបណ្ដាំបណ្ឌិត កែម ឡី
11, Mar 2022 , 10:58 am        
រូបភាព
ភ្នំពេញ៖ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក ទឹតសុធារ បានសម្រេចឈរឈ្មោះជាបេក្ខជនចៅសង្កាត់ ខណ្ឌដង្កោរ រាជធានីភ្នំពេញ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។ លោក ឡឹក ទឹតសុធារ ដែលបញ្ចប់អនុបណ្ឌិតកសិកម្ម និងបរិស្ថានពីបារាំង សម្រេចចិត្តឈរឈ្មោះចៅសង្កាត់ ដោយអនុវត្តតាមអនុសាសន៍របស់លោកបណ្ឌិត កែម ឡី ស្ថាបនិកបក្ស ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៧ ដោយសារឃាតករបាញ់សម្លាប់។

លោក ឡឹក ទឹតសុធារ បានបញ្ជាក់ថា ការឈរឈ្មោះចៅសង្កាត់នេះ គឺលោកចង់យកបទពិសោធន៍ និងចំណេះជំនាញ ដែលខ្លួនធ្លាប់បានបម្រើការងារនៅតាមស្ថាប័នអង្គការជាតិ និងអន្តរជាតិ ទៅអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ជាពិសេសលោក ក៏ចង់តបស្នងទៅលោកបណ្ឌិត កែម ឡី បិតាស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលចង់ឃើញបញ្ញវន្តនៅកម្ពុជា យកចំណេះដឹងខ្លួន ទៅដឹកនាំថ្នាក់មូលដ្ឋាន ចាប់ពីភូមិ ស្រុក ឃុំ ខេត្ត ដល់ថ្នាក់ជាតិ។
 
សូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសន៍រវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក លោក ឡឹក ទឹតសុធារ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដូចតទៅ៖




សម្រាប់លោក ទឹតសុធារ ការសម្រេចចិត្តឈរឈ្មោះធ្វើជាចៅសង្កាត់ ឬមេឃុំនេះ វាទាមទារឱ្យបញ្ញវន្ត ជាពិសេសយុវជនទាំងអស់ លះបង់ចិត្តចង់បានលាភសក្ការៈ លុយកាក់ និងផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីអាចទៅដឹកនាំមូលដ្ឋានបានល្អ។ ក្នុងន័យនេះលោក ទឹតសុធារ បានអះអាងថា រូបលោកធ្លាប់មានបទពិសោធន៍ការងារតាមអង្គការ រយៈពេល១៥ឆ្នាំ ដោយទទួលបានប្រាក់ខែខ្ទង់ពាន់ដុល្លារ ប៉ុន្តែលោកសុខចិត្តលះបង់ប្រាក់ខែខ្ពស់នេះ មកឈរឈ្មោះបោះឆ្នោតជាចៅសង្កាត់វិញ ដោយសារចង់យកចំណេះដឹង មកអនុវត្តនៅមូលដ្ឋានផ្ទាល់។
 
និយាយបែបនេះ លោក ទឹតសុធារ ក៏មិនទាមទារឱ្យយុវជនទាំងអស់ ធ្វើដូចខ្លួនដែរ ។ អនុបណ្ឌិតកសិកម្ម និងបរិស្ថានពីបារាំងរូបនេះ ក៏យល់ថា បញ្ញវន្ត និងយុវជន ត្រូវការពេលវេលារកប្រាក់ចំណូលខ្ពស់ និងធនធានទ្រព្យសមុ្បត្តិសិន ព្រោះវាជាកត្តាជីវភាព ដែលតម្រូវមកបែបនេះ។ តែយ៉ាងណាលោក រំពឹងថា ក្រោយបញ្ញវន្ត និងយុវជន ឆ្លងកាត់ការងារល្អ និងមានធនធានគ្រប់គ្រាន់ហើយ ពួកគេគួរតែងាកមកជួយមូលដ្ឋានខ្លួនវិញ តាមរយៈការឈរឈ្មោះជាចៅសង្កាត់ និងមេឃុំជាដើម។
 
ក្រៅពីបញ្ចប់ថ្នាក់អនុបណ្ឌិតកសិកម្ម និងបរិស្ថានពីបារាំង ហើយ លោក ឡឹក ទឹតសុធារ ក៏បញ្ចប់ជំនាញគ្រប់គ្រងគ្រោះមហន្តរាយពីអាមេរិក និងជំនាញត្រួតពិនិត្យ និងវាយតម្លៃ ពីប្រទេសកាណាដាទៀតផង។
 

Tag:
 ឡឹក ទឹតសុធារ
  បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com