ជាតិ
សង្គមជាតិ
ដាក់ខ្លួន ជាលក្ខណៈរបស់អ្នកចេះ
27, Nov 2022 , 6:06 pm        
រូបភាព
មនុស្សម្នាក់ៗ មានការយល់ដឹងផ្សេងៗពីគ្នា។ អ្នកផ្សេងអាចមិនដឹងនូវអ្វីដែលយើងដឹង ហើយអ្វីដែលយើងមិនដឹង អ្នកផ្សេងអាចដឹង។ នៅក្នុងលោក មានអ្វីៗច្រើនរាប់មិនអស់ ដែលយើងពុំបានដឹង។ កុំថាឡើយ ដល់ទៅអ្វីៗក្នុងលោក សូម្បីអ្វីៗ ក្នុងសង្គម ដែលយើងរស់នៅ ក៏យើង មិនអាចយល់ មិនអាចដឹងអស់ផង។


ព្រះពុទ្ធ ទ្រង់សម្តែងថា៖ អ្វីដែលតថាគតសម្តែង ប្រៀបដូចជាស្លឹកឈើពីរ-បីសន្លឹកក្នុងព្រះហស្តតថាគតប៉ុណ្ណោះ ប៉ុន្តែអ្វី ដែលតថាគត បានដឹង ហើយមិនបានសម្តែង ប្រៀបដូចជាស្លឹកឈើ ដែលជ្រុះលើព្រះធរណីរាប់មិនអស់ដូច្នេះដែរ។
 
អ្នកបា្រជ្ញវិទ្យាសាស្រ្តសម័យទំនើប អ៊ីសាក់ ញូតុន ពោលថា៖ អ្វី ដែលយើងដឹង គឺទឹកមួយតំណក់ អ្វីដែលយើង មិនដឹង គឺមហាសាគរ។ 

ទស្សនវិទូសម័យបុរាណ សូក្រាត បន្សល់ទុកពាក្យមួយឃ្លា ដែលគេរាល់គ្នានៅចង់ចាំដល់សព្វថ្ងៃថា៖ ខ្ញុំ ដឹងតែម្យ៉ាងប៉ុណ្ណោះ គឺខ្ញុំ មិនដឹងអ្វីទាំងអស់។ 
 
សុភាសិតខ្មែរ អប់រំថា៖ ចេះឯងឲ្យក្រែងចេះគេ ចេះឯងប៉ុនទន្លេ ចេះគេប៉ុនសមុទ្រ។  
 
ព្រះពុទ្ធដីកាទាំងអស់ បើគិតជាសៀវភៅ មានដល់ទៅ១១០ក្បាល។ សៀវភៅ១១០ក្បាល គឺជាចំនួនដ៏ច្រើន ដែលបច្ចុប្បន្ន សឹងតែពុំមានអ្នកប្រាជ្ញព្រះពុទ្ធសាសនារូបណា ចេះចាំព្រះពុទ្ធដីកាអស់ឡើយ ហើយទោះជាចេះចាំអស់ ក៏មិនប្រាកដថា យល់អស់ដែរ។ តែព្រះពុទ្ធដីកាក្នុងសៀវភៅទាំង១១០ក្បាល គឺជាចំនួនដ៏តិចតួច បើប្រៀបធៀបនឹងអ្វីៗក្នុងធម្មជាតិ។ 
 
អ៊ីសាក់ ញូតុន ជាអ្នកប្រាជ្ញ ដែលរកឃើញច្បាប់ទំនាញផែនដី និងបង្កើតទ្រឹស្តីផ្នែករូបវិទ្យាផ្សេងទៀត ឲ្យមនុស្សលើពិភពលោកសិក្សារៀនសូត្រ ហើយទ្រឹស្តីរបស់គាត់ ជាបង្អែកដ៏ធំ សម្រាប់អ្នកវិទ្យាសាស្រ្ត តែគាត់ បែរជានិយាយថា អ្វីដែលមនុស្សក្នុងលោកដឹង រួមទាំងអ្វីដែលគាត់ជាអ្នកប្រាជ្ញដឹងផង គឺគ្រាន់តែជាតំណក់ទឹកមួយតំណក់ប៉ុណ្ណោះ។   
 
សូក្រាត ជាអ្នកប្រាជ្ញ ដែលពេញទីក្រុងអាថែន គ្មានអ្នកនិយាយឈ្នះ ក្នុងការវែកញែករកហេតុផល និងសច្ចធម៌ ហើយទស្សនៈរបស់គាត់ ត្រូវមនុស្សលោក យកមកសិក្សាតាំងពីបុរាណកាល រហូតដល់បច្ចុប្បន្នកាល តែគាត់ បែរជាដាក់ខ្លួនថា គាត់មិនដឹងអ្វីទៅវិញ។ 
 
បុរាណាចារ្យខ្មែរ បានដាស់តឿនកូនចៅ កុំឲ្យក្អេងក្អាងនឹងចំណេះរបស់ខ្លួន ទោះជាបានរៀនសូត្រដល់កម្រិតណាក៏ដោយ ពីព្រោះថា ជួនកាល ចំណេះដឹងរបស់យើងប៉ុនទន្លេ តែចំណេះដឹងរបស់គេ អាចប៉ុនសមុទ្រ គ្រាន់តែគេមិនបញ្ចេញ។ 
 
ព្រះពុទ្ធដីកា ពំនោលរបស់អ្នកប្រាជ្ញ និង សុភាសិតខ្មែរខាងលើ ល្មមធ្វើឲ្យយើងភ្ញាក់ខ្លួនថា ចំណេះដឹងក្នុងខ្លួនយើង គឺតិចតួចណាស់ ដូច្នេះពុំគួរមានមោទនភាពជ្រុលហួសហេតុលើខ្លួនឯង ហើយមិនឲ្យតម្លៃលើការចេះដឹងរបស់អ្នកដទៃនោះទេ។ 
 
កុំអាងបានរៀនសូត្រដល់ថ្នាក់ខ្ពស់ កុំអាងបានអានសៀវភៅច្រើនក្បាល កុំអាងមានបទពិសោធការងារយូរឆ្នាំ កុំអាងបានមើលខ្សែភាពយន្តនេះ-ខ្សែភាពយនោះ ក៏យល់ថា ខ្លួនដឹងគ្រប់យ៉ាង ខ្លួនដឹងច្រើនជាងគេ ការគិតរបស់ខ្លួនវិសេសវិសាលលើសគេ ឬការគិតរបស់គេ មិនដល់ខ្លួន។ 
 
ពាក្យអប់រំមួយឃ្លា បានពោលថា ចូរធ្វើជាមនុស្សទឹកកន្លះកែវ កុំធ្វើជាមនុស្សទឹកពេញកែវ។ ចូរដាក់ខ្លួន ហើយបន្តការរៀនសូត្រជានិច្ច។ ការរៀនសូត្រ គ្មានទីបញ្ចប់ឡើយ៕ 
 

Tag:
 ទស្សនៈ
  ចំណេះដឹង
© រក្សាសិទ្ធិដោយ thmeythmey.com