ជាតិ
សេដ្ឋកិច្ច
លោក គង់ វិបុល ដកអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារពីក្រុមហ៊ុនមួយដែលលួចបន្លំប្រាក់ពន្ធរដ្ឋ
06, Apr 2022 , 11:06 am        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
ភ្នំពេញ៖ អគ្គនាយកពន្ធដារ លោក គង់ វិបុល បានដកអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ពីក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សឺលូសិន ឯ.ក (FEDTAX BUSINESS SOLUTION CO.,LTD) ព្រោះតែក្រុមហ៊ុននេះ ​បានកេងបន្លំប្រាក់ពន្ធសា្ថប័នរដ្ឋ និងផ្តល់សេវាមិនត្រឹមត្រូវ ដែលនាំឱ្យអតិថិជនប្រព្រឹត្តខុសច្បាប់ និងបទបញ្ញត្តិនានា ស្តីពីពន្ធដារ។
 
ក្រុមហ៊ុន FEDTAX BUSINESS SOLUTION ដែលបានប្រព្រឹត្តល្មើសច្បាប់ និងបទ​ប្បញ្ញត្តិនានាស្តីពីពន្ធដារ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ សម្រេចដកអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ នាថ្ងៃទី៥ មេសា ឆ្នាំ២០២២។ បើតាមសេចក្តីជូនដំណឹងរបស់​អគ្គនាយកដ្ឋានពន្ធដារ ក្រុមហ៊ុននេះ​បានកេងបន្លំប្រាក់ពន្ធរបស់រដ្ឋ និងអតិថិជន រួមទាំងមានចេតនា ធ្វើឱ្យរាំងស្ទះដល់ការកំណត់ និងការប្រមូលពន្ធជាតិទៀត។ 
 
លោក គង់​ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា ក្រុមហ៊ុន FEDTAX BUSINESS SOLUTION បានផ្តល់សេវាមិនត្រឹមត្រូវ ដែលនាំឱ្យអតិជនប្រព្រឹត្តខុសច្បាប់ និងបទបញ្ញត្តិនានាស្តីពីពន្ធដារ, ធ្វើសកម្មភាពលួចបន្លំប្រាក់ពន្ធ, ធ្វើការជាមួយរដ្ឋបាលសារពើពន្ធប្រកបដោយភាពមិនស្មោះត្រង់​ និងមិនចូលរួមចំណែកទប់ស្កាត់បទល្មើសកេងបន្លំប្រាក់ពន្ធ តាមរយៈការផ្តល់ព័ត៌មានដល់រដ្ឋបាលសារពើពន្ធ។ លើសពីនេះ ក្រុមហ៊ុននេះ ក៏មិនប្រកាស និងបង់ពន្ធក្រុមហ៊ុនខ្លួនឯងឱ្យបានត្រឹមត្រូវ តាមច្បាប់ និងបទប្បញ្ញត្តិ និងផ្តល់សេវាប្រកាសពន្ធឱ្យអតិថិជន គឺមានពុំមានវិជ្ជាជីវៈ និងសុចរិតភាពថែមទៀត។ 
 
កាលពីថ្ងៃទី១៧ មីនា លោក គង់ វិបុល លើកឡើងថា​ កម្លាំងមានសមត្ថកិច្ច ចាប់បានជនខិលខូចមួយក្រុម ដែលបានបន្លំប្រាក់ពន្ធជាតិ ជិត៩០លានដុល្លារ តាមរយៈការស៊ីឈ្មួលឈរឈ្មោះបើកក្រុមហ៊ុន បង្កើតវិក្កយបត្រខ្យល់ ដើម្បីកាត់កង និងកេងបន្លំពន្ធរដ្ឋ។​ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាររូបនេះ បានអះអាងថា៖ «ការក្លែងបន្លំប្រាក់ពន្ធរដ្ឋនេះ គឺមានពាក់ព័ន្ធនឹងជនជាតិចិន ដោយក្រុមបក្ខពួកទាំងនោះ បានចេញវិក្កយបត្រចំនួន៩៩២ ដែលមានទឹកប្រាក់ពន្ធ៨៩លានដុល្លារ» ។
 
ជាមួយនេះ លោក គង់ វិបុល បានអំពាវនាវដល់ភ្នាក់ងារផ្តល់សេវាកម្មពន្ធដារ ក៏ដូចជាសហគ្រាសទាំងអស់  ដែលមានជាប់ព័ន្ធពាក់នឹងការក្លែងបន្លំឯកសារ ដើម្បីគេចវេះពន្ធ ឱ្យដកខ្លួន និងអនុវត្តឱ្យបានត្រឹមត្រូវ ចៀសវាងការរងទោសទណ្ឌផ្សេងៗ៕ 
 
 
 

Tag:
 ពន្ធដារ
  គង់ វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com