ជាតិ
រថយន្ត
​​ហាង Antique Cambodiaនៅ​​សៀមរាប លក់ឡាន និងទោចក្រយានចាស់ៗដែលភាគ​​​ច្រើន​នាំ​ចូល​ពី​​ជប៉ុន
13, Jun 2022 , 7:59 pm        
រូបភាព
សៀមរាប៖ ហាង Antique Cambodia នៅ​ក្រុង​សៀមរាប លក់សម្ភារចាស់ៗ ដែល​ស្ទើតែ​ទាំងអស់​ត្រូវនាំ​ចូល​ពី​ប្រទេស​ជប៉ុន។ ហាងនេះ​ក៏​មាន​ទិញ-លក់​រថយន្ដដែរ ជាពិសេស​ឡានដែល​មាន​អា​យុកាលចាប់ពី៣០ឆ្នាំឡើង​ទៅ។ ភាគច្រើន ​ជារថយន្ដ​បង្វិល​កង់​ទាំង៤។ ប៉ុន្តែ​ក៏មាន​ឡាន​ផ្សេងដែរ ដូចជាម៉ាក MERCEDES-BENZ ប្រភេទ W123 ម៉ូឌែល 300D ពណ៌ប្រផេះ មួយគ្រឿង ដែល​មាន​អាយុកាល៤០ឆ្នាំ​ហើយ។ គឺជាប្រភេទ W123 ​ជំនាន់​ទី២។ វា​មាន​ផ្លាកលេខ​ភ្នំពេញ ក៏ប៉ុន្តែ​ម្ចាស់​ហាង​លក់​វត្ថុបុរាណ​នេះ បាន​ទិញ​វា​ពី​ខេត្ត​បាត់ដំបង​មក។ ម្ចាស់មុន​បាន​ទុកវា​ចោល​រយៈពេល​ពី៦ ទៅ៨ឆ្នាំ ក្នុង​ព្រៃ ដែល​ធ្វើ​ឱ្យ​វា​ជិះ​មិន​កើតទេ។
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាង ទស្សនាបទយកការណ៍ ដែល​រៀបចំដោយ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 
 
 
យ៉ាងណាក៏ដោយ ម្ចាស់​ហាង Antique Cambodia មាន​បំណង​​ធ្វើ​ឱ្យ​វា​អាច​ជិះ​បាន។ មិន​ត្រឹមតែ​ប៉ាននេះ​ទេ គាត់​ចង់​ធ្វើ​ទំនើបកម្ម​តែ​ម្ដង ដើម្បី​រថយន្ដ​នេះ​ស្អាត​ដូច​ដើម។ អាស្រ័យ​តាម​ប្រភេទឡាន និងឆ្នាំ​ផលិត ជួសជុលរថយន្ដ​មួយគ្រឿងទាំង​មូល ត្រូវ​ចំណាយ​ប្រមាណ​ពី២០លាន ទៅ៤០លាន​រៀល។ អ្វី​ដែលថ្លៃ​ណាស់​ក្នុង​ប្រទេស ​គឺ​នាំ​ចូល​គ្រឿង​បន្លាស់​បុរាណ ដែល​ពិបាក​ឃើញពី​បរទេសមក ពីព្រោះ​គ្រឿងខ្លះ​​ធ្ងន់ណាស់ ហើយ​ក៏​ត្រូវ​បង់​ពន្ធ​ថែម​ទៀត។
 
ប្រសិនបើគិត​ទាំង​ S123 (គូទវែង) F123 (គូទវែងណាស់) C123 (ទ្វារ២) និង V123 (សាស៊ីវែង) MERCEDES-BENZ ប្រភេទ 123 ត្រូវ​បាន​ផលិត​អស់ ២ ៦៩៦ ៩១៥ គ្រឿង ពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ​១៩៨៦។ ក៏ប៉ុន្តែ​ម៉ូឌែល 300D ត្រូវបាន​ឈប់​ផលិត​ឆ្នាំ​១៩៨៥។ ទាំង​អស់​មាន​៣ជំនាន់។ ជំនាន់​ទី​២ ត្រូវ​បាន​ផលិត​ពី​ចុងឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨២។


 
MERCEDES-BENZ ជា​ក្រុមហ៊ុន​អាល្លឺម៉ង់ បង្កើតឡើង ​ឆ្នាំ​១៩២៦ ដោយ​លោក DAIMLER Paul លោក BENZ Carl និងលោក JELLINEK Emil ដែល​កូន​ស្រី​ឈ្មោះ Mercédès ។ បច្ចុប្បន្នគឺជា​កម្មសិទ្ធ​របស់​ក្រុម​សម្ភ័ន្ធ DAIMLERCHRYSLER ។ 
 
ហាង Antique Cambodia ក៏លក់​ទោចក្រយានយន្ដ​បុរាណ​ដែរ។ ក្នុង​នោះ មាន​កង់​ម៉ាស៊ីនជាច្រើន​គួរសម ជាពិសេស​ម៉ាក VÉLOSOLEX ។ ពេលនេះមាន​ VÉLOSOLEX ប្រភេទ 3800 ពណ៌​ខ្មៅ មួយគ្រឿង។ វាមាន​អាយុកាល៥០ឆ្នាំ​ហើយ។ វា​មាន​កំលាំងម៉ាស៊ីន ៤៩CC​​​ ។
VÉLOSOLEX 3800 គឺ​ជា​ប្រភេទ VÉLOSOLEX ដែលពេញ​និយម​ជាងគេ។ ត្រូវបាន​ផលិត​វា​ពី​ឆ្នាំ​១៩៦៦ រហូតដល់​ឆ្នាំ​១៩៨៨។ វាមាន​ទំងន់​ក្រោម ៣០​គីឡូក្រាម។ ទោះ​បី​ជា​មិន​ប្រើ​កំលាំង​ជើងក៏ដោយ វា​អាច​ជិះ​បាន​ដល់ល្បឿន​៣៥គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។ ឆ្នាំ​១៩៧៤ ក្រុមហ៊ុន MOTOBÉCANE ទិញ​ក្រុមហ៊ុន SOLEX វិញ។ ពី​ដំបូង រហូតដល់​ឆ្នាំ​១៩៧៤ SOLEX បានផលិត VÉLOSOLEX 3800 អស់ជាង១លាន​គ្រឿង!
 
តាំង​ពី​ឆ្នាំ​១៩៦៧ រហូតដល់​សព្វថ្ងៃ​នេះ នៅ​ទីក្រុង​រែន ប្រទេស​បារាំង មាន​ព្រឹត្តិការណ៍​ជិះកង់​ម៉ាស៊ីន VÉLOSOLEX ប្រណាំង! កីឡាករ​ប្រណាំង​បែកចែកតាម VÉLOSOLEX គ្រឿង​ពី​ដើមទាំងអស់ (៤០​គីឡូម៉ែត្រ​ក្នុង​១ម៉ោង) គ្រឿងពី​ដើម​ខ្លះ កែ​ច្នៃ​បន្តិច និង​កែច្នៃ​ទាំង​ស្រុង (១០០​គីឡូម៉ែត្រ​ក្នុង​១ម៉ោង)។


 
នៅ​ឥណ្ឌូចិន មាន VÉLOSOLEX តាំង​ពី​ក្រុមហ៊ុន​បារាំង Jean Comte ចាប់ផ្ដើម​នាំ​ចូល ប្រភេទ 45CC ​ឆ្នាំ​១៩៥០។ រហូត​ដល់​ឆ្នាំ​១៩៧៥ ក្រុមហ៊ុន Jean Comte ចែកចាយ​កង់ម៉ាស៊ីន​ VÉLOSOLEX ដោយ​​មាន​ហាង​ផ្សេងៗ ជាពិសេស​នៅ​ប្រទេស​កម្ពុជា ស្ថិត​នៅ​ផ្ទះ​លេខ១១ មហាវិថី Doudard de la Grée (បច្ចុប្បន្ន ព្រះ​នរោត្តម) រាជធានីភ្នំពេញ។ សម័យនោះ ក៏​មាន​ហាង​មួយ​ទៀតរបស់​ម្ចាស់​តែមួយ​ផ្លាក​យីហោ PHNOM PENH CYCLES ផ្ទះ​លេខ​៧២ វិថី​ចន្ទរាជា (ផ្លូវ១៥)។
 
ត្រូវបានផលិត VÉLOSOLEX ពីឆ្នាំ​១៩៤៦ រហូត​ដល់​ឆ្នាំ​១៩៨៨។ ឆ្នាំ​២០១០ ត្រូវបានបង្កើត​ e-Solex ដែល​ជា​ប្រភេទកង់​អគ្គិសនី។ ឆ្នាំ​២០១១ ត្រូវបានបង្កើត​ Solexity ដែល​ជា​ប្រភេទកង់​អគ្គិសនីដូចគ្នា។ ក្រុមហ៊ុន SOLEX ត្រូវបាន​បង្កើត​ឡើងនៅ​ប្រទេស​បារាំង ​ឆ្នាំ​១៩០៥ និង​រំលាយ​ឆ្នាំ​២០១៩។ កាល​ពី​ដំបូង SOLEX ផលិត​តែគ្រឿង​ម៉ាស៊ីន​ប៉ុណ្ណោះ។ សូម​បញ្ជាក់​ថា​ពាក្យ vélo មាន​ន័យ​ថា កង់៕
 










អត្ថបទទាក់ទង នឹង MERCEDES-BENZ W123 300D :
 

Tag:
 ឡាន
 យានយន្ត
 រថយន្ត
 ទោចក្រយានយន្ត
 ឡានបុរាណ
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com