ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្នុងដំណើរទស្សនកិច្ចលើកទី២ ប្រេសិតប្រធានអាស៊ាន អះអាងថា បានដឹងពីសភាពការមីយ៉ាន់ម៉ាច្រើនជាងមុន
03, Jul 2022 , 12:55 pm        
រូបភាព
(រាប់ស្ដាំដៃទី៥) លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតប្រធានអាស៊ាន ថតរូបជាមួយភាគីពាក់ព័ន្ធមីយ៉ាន់ម៉ា នៅទីក្រុងណៃពិដោ នាដំណើរទស្សនកិច្ចលើកទី២ ។
(រាប់ស្ដាំដៃទី៥) លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតប្រធានអាស៊ាន ថតរូបជាមួយភាគីពាក់ព័ន្ធមីយ៉ាន់ម៉ា នៅទីក្រុងណៃពិដោ នាដំណើរទស្សនកិច្ចលើកទី២ ។
រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតប្រធានអាស៊ាន លោក ប្រាក់ សុខុន បានបញ្ចប់ដំណើរទស្សនកិច្ចលើកទី២ នៅមីយ៉ានម៉ាហើយ។ ដំណើរទស្សនកិច្ចនេះ បានជួយឱ្យលោក ប្រាក់ សុខុន បានយល់ច្បាស់មួយកម្រិតទៀត ពីស្ថានភាពនៅមីយ៉ាន់ម៉ា។

«លើកនេះ ខ្ញុំបានស្ទាប់ស្ទង់សភាពការណ៍ក្នុងស្រុកបានកាន់តែច្រើន ដោយផ្អែកលើការផ្លាស់ប្តូរយោបល់ជាមួយតួអង្គផ្សេងៗស្តីពីវឌ្ឍនភាព និងឧបសគ្គនានាជុំវិញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច»។ នេះបើតាមសំណេររបស់លោក ប្រាក់ សុខុន នៅលើហ្វេសប៊ុក មុននឹងវិលត្រឡប់មកមាតុប្រទេសវិញ។
 
លោក ប្រាក់ សុខុន មិនបានលម្អិតព័ត៌មានពីអ្វីដែលលោកបានដឹងជាសាធារណៈឡើយ។ ប៉ុន្តែលោក បានរំលេចសំណេរថា ៤ថ្ងៃនៃការជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ នៅមីយ៉ាន់ម៉ានេះ គឺបានផ្តោតសំខាន់លើការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចខិតខំគាំទ្រមីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ បើតាម លោក ប្រាក់ សុខុន កត្តាទាំងនេះនឹងចូលរួមចំណែកដល់ការសម្រេចបាននូវគោលបំណងស្នូលនៃ «កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌អាស៊ានជូនមីយ៉ាន់ម៉ា» នៅភ្នំពេញ កាលពីដើមខែឧសភានេះ។
 
ប្រេសិតប្រធានអាស៊ានរូបនេះ បានសង្កត់ធ្ងន់ថា៖«ខ្ញុំក៏បានបន្តជំរុញភាគីពាក់ព័ន្ធទាំងអស់ ឱ្យមានការយោគយល់គ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងធ្វើការចរចារសម្របសម្រួលបន្ថែមទៀត ដោយសារនេះគឺជាមាគ៌ាជាក់ស្តែងបំផុតដើម្បីវិលទៅរកភាពប្រក្រតី ព្រមទាំងស្វែងរកនូវសន្តិភាព និងស្ថិរភាពយូរអង្វែង»។
 
ក្នុងដំណើរទស្សនកិច្ច ចាប់ពីថ្ងៃទី២៩ មិថុនា ដល់ ៣ កក្កដានេះ លោក ប្រាក់ សុខុន ប្រេសិតប្រធានអាស៊ាន និងលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) បានជួបពិភាក្សាជាមួយលោក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា(SAC) លើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន និងស្ថានភាពនយោបាយ និងមនុស្សធម៌។ ប្រេសិតប្រធានអាស៊ាន និងប្រតិភូអម ក៏បានពិភាក្សាការងារជាមួយលោក វ៉ុនណា ម៉ោងល្វីន និងឯកឧត្តម កូ កូ ឡាំង ប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ និងលោក យ៉ា ព្យេ ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) ពីការអនុវត្តបទឈប់បាញ់ និងជំនួយមនុស្សធម៌ផងដែរ។
 

Tag:
 ប្រាក់ សុខុន
 អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com