ជាតិ
រថយន្ត
លោក ភឿង កុម្ភៈ ស្រឡាញ់ឡាន BMW បុរាណ ដូចដែលលោកស្រឡាញ់ល្ខោនស្បែកដែរ
08, Aug 2022 , 7:59 pm        
រូបភាព
លោក ភឿង កុម្ភៈ រីករាយនៅពេលបើកបររថយន្ដរបស់គាត់ ដែលមានអាយុកាល ៣៥ឆ្នាំហើយ។ បុរសវ័យ ៤០ឆ្នាំរូបនេះ ក៏ចូលចិត្តល្ខោនស្បែកដែរ។ តាមធម្មតា គាត់ប្រើឡានម៉ាក BMW ប្រភេទ Série 3 ពីឆ្នាំ១៩៨៧ របស់គាត់ ដើម្បីទៅតាមខេត្ត។ ដោយមានមោទកភាពផង និងសើចផង គាត់ពន្យល់ថា ៖ «ខ្ញុំធ្លាប់ជិះទៅគ្រប់ខេត្តទាំងអស់ ជាមួយឡាននេះ។» ។
 
លោក ភឿង កុម្ភៈ ​ជាប្រធាន​សមាគមសិល្បករ​គោក​ធ្លក។ ដោយឡែក ឆ្នាំ២០២០ នៅពេលដែលមេរោគកូរ៉ូណាចាប់ផ្ដើមរាលដាលក្នុង​ប្រទេសកម្ពុជា ការសម្តែងល្ខោនស្បែក នៅក្នុងបរិវេណបណ្ណាល័យជាតិ របស់សមាគមរបស់លោក ក៏ត្រូវផ្អាកមួយរយៈដែរ។ ពេលដែលសម្តែងនៅក្រៅវិញ សមាគមល្ខោនស្បែកនេះ ​ប្រើថយន្ដធុនធ្ងន់ជួល ក៏ប៉ុន្តែវាដឹកសម្ភារច្រើនជាងដឹកមនុស្ស។ ហេតុនេះហើយ ទើបលោកកុម្ភៈ ដែលជាប្រធាន​សមាគមន ស្ម័គ្រចិត្ត​​ជិះឡានបុរាណរបស់ខ្លួនទៅ។


 
 
រៀងរាល់ដង គាត់ទន្ទឹងរង់ចាំថ្ងៃដែលត្រូវបើកបររថយន្ដបុរាណនោះ ដែលធ្វើឱ្យគាត់នឹករឭកកុមារភាព។ ការផ្ដល់តម្លៃទៅលើយានមួយ ដែលច្រើនចាត់ទុកជាវត្ថុចាស់អត់ប្រយោជន៍ គឺជារបៀបដែលលោក កម្ភៈ តវ៉ាទំនើបនិយមជ្រុល។ ល្ខោនស្បែកពីដើម ដែលគាត់តែងតែលើកកម្ពស់ មាន៣ទម្រង់ គឺល្ខោនស្បែកធំ ស្បែកតូច និងស្បែកពណ៌។ លោក កុម្ភៈ ជួយបន្តសិល្បៈបុរាណខ្មែរ។ ទន្ទឹមនឹងនេះ គាត់បន្តថែរក្សារថយន្ដមួយ ដែលគាត់មិនមែនជាម្ចាស់ដើមទេ។ 
 

មុននឹងក្លាយជាកម្មសិទ្ធិរបស់គាត់ BMW Série 3 ម៉ូឌែល E30 នោះ ធ្លាប់មានពលរដ្ឋកូរ៉េម្នាក់ជាម្ចាស់។ ហើយមុននឹងនេះទៀត ត្រូវបាននាំវាចូលប្រើប្រាស់ហើយពីបរទេស។ ទោះបីជាគេបានជួសជុលវា និងបាញ់ថ្នាំទ្រង់ទ្រាយ ព្រមទាំងផ្នែកជ័រខាងក្រៅ ដែលមានបិតលើទ្វារ និងលើដែកកាងមុខក្រោយ​ក៏ដោយ រថយន្ដនេះ ត្រូវការដូរ​គ្រឿង​ខ្លះ។ ត្រូវដូរកញ្ចក់ឆ្លុះខាងស្ដាំ និងកញ្ចក់រាងត្រីកោណខាងក្រោយ។ ប៉ុន្តែគ្រឿងបន្លាស់បែបនេះ ពិបាកឃើញណាស់ក្នុងប្រទេស។ វាដូចរោងល្ខោនដែរ។ បន្ទាប់ពីមិនបានទទួលភ្ញៀវរយៈពេលជិត២ឆ្នាំ វាត្រូវការជួសជុលដែរ។ អ្នកទទួលខុសត្រូវ បានគិតអំពីបញ្ហានេះហើយ ក៏ប៉ុន្តែ «មិនទាន់បានឃើញលុយទេ»។ តាមពិតទៅសព្វថ្ងៃនេះ មិនសូវមានភ្ញៀវច្រើនប៉ុន្មានទេ។ លោក កុម្ភៈ បានចំណាយថវិកាខ្លួនឯងច្រើនហើយសម្រាប់សមាគមសិល្បករ​គោក​ធ្លកនេះ ហើយ​គាត់​សង្ឃឹមឃើញសប្បុរសជនធំណាម្នាក់។
 


ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោម៖ 
 
 
BMW Série 3 ជំនាន់​ទី២ (ក៏ហៅម៉ូឌែល E30 ដែរ) ត្រូវ​បានផលិតចំនួន ២ ៣៣៩ ២៥១ គ្រឿង ពីឆ្នាំ​១៩៨២ ដល់​ឆ្នាំ​១៩៩៤ ក្នុង​រោងចក្រចំនួន៧ ដោយរោងចកម្រ​មួយ ​នៅ​ទ្វីប​អាម៉េរិក មួយ​នៅ​ទ្វីប​អាហ្វ្រិក ពីរ​នៅ​ប្រទេស​អាល្លឺម៉ង់ និង​៣តែម្ដង នៅ​ទ្វីប​អាស៊ី​​។ ​ ​BMW Série 3 ត្រូវបានផលិតតាំង​ពីឆ្នាំ​១៩៧៥។ នៅ​ពេល​បច្ចុប្បន្ន​ ដល់​ជំនាន់​ទី៧​ហើយ។ ឆ្នាំ​២០១៥ ក្រុមហ៊ុន BMW បាន​ធ្វើ​កម្មវិធី​អបអរសាទរ Série 3 ទី ១០លាន ដែល​ត្រូវបាន​ផលិត​។ BMW ជា​ម៉ាក​អាល្លឺម៉ង់​បង្កើត​ឡើង​ឆ្នាំ​១៩១៦៕
 





អត្ថបទទាក់ទង
 

Tag:
 ភឿង កុម្ភៈ
  រថយន្ត
  យានយន្ត
  ឡានបុរាណ
  ល្ខោនស្បែក
© រក្សាសិទ្ធិដោយ thmeythmey.com