ជាតិ
បទវិភាគ
ការចូលព្រះវស្សា៖ ចំណុចផ្ដើមនៃកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង និងអភិបាលកិច្ចពុទ្ធសាសនា
14, Jul 2022 , 11:04 am        
រូបភាព
លិខិតមិត្តអ្នកអាន

ដោយ សាន ពិសិទ្ធិ
សាកលវិទ្យាល័យតាល់តិក (TalTech) ក្រុងតាលីន, ប្រទេសអ៊ីស្តូនី, សហភាពអ៊ឺរ៉ុប
ថ្ងៃពុធ ១៥ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២

ពួក​សមណៈ​ជា​សក្យបុត្តិយ៍​​មិនសមបើ​នឹង​ដើរទៅ​កាន់​ចារិក​អស់​ហេមន្តរដូវ​ខ្លះ​ ​អស់​គិម្ហរដូវ​ខ្លះ​ ​អស់​វស្សានរដូវ​ខ្លះ​ ​ដើរ​ជាន់​ស្មៅ​ស្រស់​ទាំងឡាយ​​បៀតបៀន​នូវ​វត្ថុ​ដែល​មានជីវិត​ ​មាន​ឥន្ទ្រិយ​តែ១​ ​ញុំាង​សត្វ​តូច​ៗ​ជាច្រើន​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​សោះ​ ​សូម្បី​ពួ​ក​បរិ​ព្វា​ជ​ក​ ​មាន​លទ្ធិ​ដទៃ​ទាំងនេះ​ ​ដែល​ជា​អ្នកពោល​ធម៌​អាក្រក់​ ​ម្តេច​គង់​នឹង​សម្ងំ​ឈប់សម្រាក​នៅចាំ​វស្សា​ ​សូម្បី​ទាំង​ពួក​សត្វស្លាប​នេះ​ទៀតសោត​​ ​ក៏​គង់​ធ្វើ​សំបុក​លើ​ចុងឈើ​ទាំងឡាយ​​ហើយនឹង​សម្ងំ​ឈប់សម្រាក​នៅចាំ​វស្សា​ដែរ​ ​ចំឡែក​តែ​ពួក​សមណៈ​ជា​សក្យបុត្តិយ៍​នេះ​នៅតែ​ដើរទៅ​កាន់​ចារិក​ ​អស់​ហេមន្តរដូវ​ខ្លះ​ ​អស់​គិម្ហរដូវ​ខ្លះ​ ​អស់​វស្សានរដូវ​ខ្លះ​ ​ដើរ​ជាន់​ស្មៅ​ស្រស់​ទាំងឡាយ​ ​បៀតបៀន​នូវ​វត្ថុ​ដែល​មានជីវិត​ ​មាន​ឥន្ទ្រិយ​តែ១​ ​ញុំាង​សត្វ​តូច​ៗ ​ជាច្រើន​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​។​
  វស្សូបនាយិកក្ខន្ធកៈ  មហាវគ្គៈ វិន័យបិដកខ្មែរ ភាគទី ៧ ទំព័រ ១
 
ឃ្លាខាងលើនេះ គឺជាពាក្យដែលមនុស្សទាំងឡាយពោលទោសតិះដៀល បន្តុះបង្អាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា ដែលឃើញមានកត់ត្រានៅក្នុងគម្ពីរវិន័យបិដក នៅត្រង់ចំណុច  វស្សូបនាយិកក្ខន្ធ។ ព្រឹត្តិការណ៍នេះបានកើតឡើងខណៈពេលដែលព្រះពុទ្ធអង្គកំពុងគង់នៅក្នុងវត្តវេឡុវ័ន ដែលជាវត្តពុទ្ធសាសនាដំបូងបង្អស់ កសាងថ្វាយដោយព្រះបាទពិម្ពិសារ ព្រះចៅដែនមគធៈ ដែលបច្ចុប្បន្ននេះកន្លែងមួយនេះស្ថិតនៅក្នុងរដ្ឋពិហារ ភាគខាងកើតនៃប្រទេសឥណ្ឌា។ 
 
បន្ទាប់ពីបានព្រះសណ្ដាប់ពាក្យពោលទោសតិះដៀលរបស់អ្នកស្រុកហើយ ព្រះពុទ្ធអង្គបានអនុញ្ញាតឱ្យព្រះភិក្ខុសង្ឃចូលព្រះវស្សារយៈពេល ៣ខែ រាល់វស្សានរដូវ ឬរដូវភ្លៀងធ្លាក់ ​ចាប់​ពី​ថ្ងៃ ១​រោច ខែ​អាសាឍ ហើយ​ចេញ​វស្សា​នៅ​ថ្ងៃ​១៥ កើត ខែ​អស្សុជ (បុរិមិកាវស្សា)។ បើភិក្ខុសង្ឃអង្គណាមានធុរៈ មិនអាចចូលវស្សានៅថ្ងៃ ១ ​រោច ខែ​អាសាឍខាងលើបានទេ ក៏មានការអនុញ្ញាតឱ្យចូលវស្សានៅថ្ងៃ ១​ រោច ខែ​ស្រាពណ៍ ជំនួសវិញ ប៉ុន្តែត្រូវរង់ចាំរហូតដល់ថ្ងៃ ១៥ ​កើត ខែ​កត្តិក ទើបអាច​ចេញ​វស្សាបាន (បច្ឆិមិកាវស្សា)។ 
 
នៅក្នុងរយៈពេលបីខែនៃវស្សានរដូវនេះ តម្រូវឲ្យព្រះភិក្ខុសង្ឃត្រូវគង់នៅទីវត្តណាមួយជាប្រចាំចំនួន ៣ ខែ ដោយមិនអនុញ្ញាតឱ្យចេញទៅសឹង ឬដេកនៅទីណាក្រៅពីវត្តដែលខ្លួនកំពុងស្នាក់នៅទេ។ បើសមាជិកសង្ឃរូបណាមិនអនុវត្តតាមទេ ​នឹងត្រូវមាន​ទោស​ឈ្មោះថា «ទុក្កដ» ដែលជាទោសកម្រិតទី ៦ ក្នុងចំណោមទោសទាំង ៧ កម្រិត របស់ព្រះភិក្ខុសង្ឃ។ ប្រសិនបើមានភិក្ខុសង្ឃអង្គណាមានធុរៈចាំបាច់ត្រូវនិមន្តធ្វើដំណើរទៅឆ្ងាយ ក៏មានការអនុញ្ញាតឱ្យចេញទៅរយៈ ៧ ថ្ងៃដែរ។   នៅក្នុងអត្ថបទមួយនេះ ខ្ញុំកូណាអាត្មាភាព សូមសាកល្បងសិក្សាទៅលើចំណុចផ្ដើមនៃកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង និងអភិបាលកិច្ចពុទ្ធសាសនា តាមរយៈពុទ្ធានុញ្ញាតឱ្យមានការកំណត់ពេលវេលាជាក់លាក់នៃការចូលកាន់វស្សារបស់ព្រះភិក្ខុសង្ឃ។
 
នៅក្នុងព្រឹត្តិការណ៍ដែលបានកត់ត្រាពាក់ព័ន្ធនឹងសាច់រឿងនៃការចូលព្រះវស្សា របស់ភិក្ខុសង្ឃនេះ បានបង្ហាញនូវរបត់ដ៏សំខាន់ៗ នៅក្នុងព្រះពុទ្ធសាសនាជាច្រើនចំណុច ដែលអាចអនុញ្ញាតឱ្យយើងយកមកធ្វើការសិក្សា និងវិភាគដើម្បីពង្រឹងការយល់ដឹងរបស់ខ្លួននៅក្នុងគោលការណ៍គ្រប់គ្រង និងអភិបាលកិច្ចព្រះពុទ្ធសាសនាកាន់តែស៊ីជម្រៅបន្ថែមមួយកម្រិតទៀត។ការកើនឡើងចំនួនសមាជិកភាព និងភាពចម្រុះគ្នានៅក្នុងសង្គមសង្ឃ អាចជាមូលហេតុដ៏សំខាន់មួយ នៅក្នុងការទាញចំណាប់អារម្មណ៍របស់អ្នកស្រុកនាសម័យនោះ ឱ្យមកចាប់អារម្មណ៍ខ្លាំងទៅលើព្រឹត្តិកម្ម ឬឥរិយាបថណាមួយរបស់សមាជិកសង្គមសង្ឃ។ 
 
ត្រឹមតែរយៈពេល ៩ខែដំបូង នៃការផ្សព្វផ្សាយគោលការណ៍របស់ខ្លួន ពុទ្ធសាសនាទទួលបានសមាជិកល្អបំផុតចំនួន ១២៥០ រូប ដែលជាព្រះអរហន្ត ហើយបានបួសជាភិក្ខុដោយផ្ទាល់ក្នុងសំណាក់ព្រះពុទ្ធអង្គ (ចំនួននេះមិនបានរាប់បញ្ចូលចំនួនអ្នកជឿពុទ្ធសាសនា ដែលជាគ្រហស្ថ មិនមែនជាអ្នកបួសនោះទេ)។ ដោយផ្អែកលើទេពកោសល្យព្រះពុទ្ធអង្គ និងព្រះភិក្ខុសង្ឃទាំង ១២៥០រូប នៅក្នុងការផ្សព្វផ្សាយគោលការណ៍ពុទ្ធសាសនា កំណើននៃការចូលជាសមាជិកពុទ្ធសាសនា មានការកើនឡើងគួរឱ្យកត់សម្គាល់។ បើព្រះភិក្ខុមួយរូបមានលទ្ធភាពអាចនាំយកបេក្ខជនពីររូបជាមធ្យមមកបួសជាភិក្ខុក្នុងមួយឆ្នាំនោះ កំណើនសមាជិកសង្ឃ ក៏អាចកើនឡើងដល់ទៅ ២៣០០ ​អង្គក្នុងមួយឆ្នាំដែរ។ ការកើនឡើងនៃសមាជិកភាពនេះហើយ ដែលតម្រូវឱ្យសង្គមសង្ឃមានការប្រុងប្រយ័ត្នខ្ពស់រាល់សកម្មភាពដែលចេញពីឥរិយាបថរបស់ខ្លួន​ តាមរយៈការពង្រឹងគោលការណ៍គ្រប់គ្រង និងអភិបាលកិច្ចឱ្យល្អប្រសើរជាងមុន។
 
អ្វីដែលគួរឱ្យគត់សម្គាល់នោះ គឺហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងរាជគ្រឹះ ដែលជាទីក្រុងសម្បូរសប្បាយទាំងផ្នែកសេដ្ឋកិច្ច កម្លាំងយោធា ជាកន្លែងបណ្ដុំដោយពួកអភិជន ពួកពាណិជ្ជ សេដ្នី បញ្ញវន្ត និងមេលទ្ធិសាសនាល្បីៗជាច្រើន។ ការរិះគន់និងការយកពុទ្ធសាសនាដែលជាស្ថាប័នថ្មីថ្មោងមួយនាសម័យនោះ ទៅជជែកពិភាក្សាប្រៀបធៀបជាមួយនឹងសាសនាដទៃបែបនេះ អាចជារឿងមួយដែលពលរដ្ឋនៅក្នុងសង្គមរីកចម្រើនពីអតីតកាលមួយនេះនិយមធ្វើ ដើម្បីអនុវត្តនូវសិទ្ធិនិងសេរីភាពបញ្ចេញមតិរបស់ខ្លួន នៅក្នុងស្ថាប័នសាសនាដែលពួកគេគោរពបូជា។ មានឃ្លាមួយដែលបានកត់ត្រានៅក្នុងពាក្យរិះគន់នោះថា៖ «សូម្បី​ពួ​ក​បរិ​ព្វា​ជ​ក​ ​មាន​លទ្ធិ​ដទៃ​ទាំងនេះ​ ​ដែល​ជា​អ្នកពោល​ធម៌​អាក្រក់​ ​ម្តេច​គង់​នឹង​សម្ងំ​ឈប់សម្រាក​នៅចាំ​វស្សា» ជាដើម ដែលបញ្ជាក់បានថាក្រៅពីពុទ្ធសាសនា ក៏មានសកម្មភាពសាសនាដទៃផ្សេងៗទៀត ដែលត្រូវបានអ្នកស្រុកនេះពោលសរសើរដែរ។ ជាក់ស្ដែង នៅក្នុងសម័យនោះ សាសនាជេន ឬសាសនាអចេល ដែលមានអាយុកាលស្របាលគ្នានឹងពុទ្ធសាសនាដែរនោះ បានហាមប្រាមសមាជិកខ្លួនកុំឱ្យដើរត្រាច់ចរពីភូមិមួយទៅភូមិមួយនារដូវភ្លៀងធ្លាក់ ដើម្បីចៀសវាងការបំផ្លិចបំផ្លាញការបង្ករកំណើតនៃសត្វនិងរុក្ខជាតិទាំងឡាយ នាវស្សានរដូវ។
 
ចំណុចនេះក៏បានបង្ហាញឱ្យយើងឃើញថា ស្ថាប័នពុទ្ធសាសនាបានផ្ដល់តម្លៃការចូលរួមជាសាធារណៈ ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងអភិបាលកិច្ចពុទ្ធសាសនាផងដែរ។ ព្រះពុទ្ធអង្គបានបញ្ជាក់ថាអនាគតពុទ្ធសាសនា អាចរីកចម្រើនឬអន់ថយ អាស្រ័យទៅលើការចូលរួមក្នុងការគិត ការពិភាក្សា និងការអនុវត្តពីសំណាក់មនុស្ស ៤ក្រុម គឺ៖ ភិក្ខុ (អ្នកបួសជាបុរស) ភិក្ខុនី (អ្នកបួសជាស្រី្ដ) ឧបាសក និងឧបាសិកា។ ការយកមតិរិះគន់របស់អ្នកស្រុកទៅពិភាក្សាដើម្បីធ្វើកំណែទម្រង់បែបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះពុទ្ធអង្គមិនបានកំណត់តួនាទីអ្នកស្រុកត្រឹមតែជាអ្នកឧបត្ថម្ភចង្ហាន់បិណ្ឌបាត ឬបច្ច័យ ៤ តែម្យ៉ាងនោះទេ ប៉ុន្តែសិទ្ធិចូលរួម និងសេរីភាពបញ្ចេញមតិទៅលើប្រព័ន្ធគ្រប់គ្រងសង្គមសង្ឃរបស់ពួកគេ ក៏ត្រូវបានទទួលស្គាល់និងឱ្យតម្លៃពីសំណាក់ព្រះពុទ្ធអង្គផងដែរ តាំងតែ ២៦០០ ឆ្នាំមុនមកម្លេះ។
 
ការរិះគន់របស់អ្នកស្រុកនេះ ក៏អាចជាសារមួយដាស់តឿនសង្គមសង្ឃថា៖ កំណែទម្រង់ត្រូវតែធ្វើជាចាំបាច់ដើម្បីសម្រួលផ្ទៃក្នុងសង្គមសង្ឃផង និងដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃសង្គមខាងក្រៅផងដែរ។ កំណែទម្រង់គឺជាការកែប្រែ។ ការកែប្រែគឺជាជាការផ្លាស់ប្ដូរ។​  ការផ្លាស់ប្ដូរគឺជាអនិច្ចតាធម៌ ដែលព្រះពុទ្ធអង្គតែងដាស់តឿនយើងរឿយៗថា អ្វីៗតែងមានការផ្លាស់ប្ដូរជានិច្ច។​ បើព្រះពុទ្ធសាសនាមិនបានរៀបចំផែនការណ៍យុទ្ធសាស្រ្ដដើម្បីផ្លាស់ប្ដូរខ្លួនឯងឱ្យសមស្របទៅនឹងបរិបទសង្គមណាមួយទេ ព្រះពុទ្ធសាសនាអាចនឹងត្រូវបានគេផ្លាស់ប្ដូរវិញជាក់ជាមិនខាន។
 
នៅក្នុងមហាសន្និបាតពុទ្ធសាសនាដំបូង ដែលមានសមាជិកជាព្រះភិក្ខុសង្ឃចូលរួមចំនួន ១២៥០អង្គ នោះ ព្រះពុទ្ធអង្គបានសម្ដែងធម្មនុញ្ញសាសនាត្រឹមតែ ១១ ចំណុចប៉ុណ្ណោះ ដោយចាប់ផ្ដើមពីការចៀសវាងអំពើបាបទាំងពួង និងបញ្ចប់ដោយកិរិយាព្យាយាមធ្វើចិត្តឱ្យទៅជាអធិចិត្ត។ ប៉ុន្តែ   រយៈពេល ៤៥ ឆ្នាំនៃការបំពេញបេសកកម្មរបស់ទ្រង់ ច្បាប់នៅក្នុងសង្គមសង្ឃបានកើនឡើងដល់ទៅ ២២៧ មាត្រា​ ដែលនេះអាចជាភស្ដុតាងមួយបង្ហាញថាកំណែទម្រង់ត្រូវតែធ្វើជាប់ជានិច្ច ដើម្បីសេចក្តីសុខនៅក្នុងសង្គមសង្ឃផង និងដើម្បីសម្របខ្លួនជាមួយនឹងការវិវត្តនៃបរិបទសង្គមខាងក្រៅផង។​
 
កំណែទម្រង់នេះ បានធ្វើឱ្យវត្តអារាមប្ដូរពីកន្លែងស្នាក់នៅធម្មតារបស់អ្នកបួស ក្លាយទៅជាមជ្ឈមណ្ឌលសិក្សាដ៏ពេញលេញមួយ។ នៅក្នុងពុទ្ធដីកានៃការប្រកាសបេសកម្មដំបូងរបស់ទ្រង់ ព្រះពុទ្ធអង្គបានណែនាំភិក្ខុទាំង ៦០ អង្គថា៖ «ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរទៅកាន់ទីចារិកគឺភូមិ និគម ជនបទ និងធានី ហើយសម្ដែងធម៌ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ជនជាច្រើន...អ្នកទាំងឡាយកុំទៅពីរនាក់ក្នុងផ្លូវជាមួយគ្នាឡើយ.....សត្វទាំងឡាយរមែងមានធូលីគឺកិលេសតិចក៏មាន សត្វទាំងនោះនឹងសាបសូន្យចាកសន្តិភាព ព្រោះមិនបានស្ដាប់ធម៌...»។ នៅក្នុងព្រះវិន័យក៏ឃើញមានចំណុចមួយដែលមិនអនុញ្ញាតឱ្យអ្នកបួសស្នាក់នៅកន្លែងណាមួយហួសពី ៣រាត្រី ដែរ ដែលចំណុចនេះ អាចអនុញ្ញាតឱ្យយើងយល់យ៉ាងច្បាស់ថា អ្នកបួសក្នុងពុទ្ធសាសនាគឺជាជនមានប្រក្រតីត្រាច់ចរពីមួយកន្លែងទៅមួយកន្លែងទៀត ដើម្បីនាំយកពុទ្ធដីកាទៅបង្រៀនឱ្យសាធារណជនបានយល់។

ការអនុញ្ញាតឱ្យព្រះភិក្ខុសង្ឃស្នាក់នៅជុំគ្នា ៣ខែ ក្នុងវស្សានរដូវនេះ អាចជាការធ្វើកំណែទម្រង់ដ៏សំខាន់មួយនៅក្នុងប្រព័ន្ធគ្រប់គ្រងនិងអភិបាលកិច្ចសង្ឃផងដែរ។ ការអនុញ្ញាតឱ្យមនុស្ស ៥០ រូប ឬ ១០០ រូបដែលមិនមែនជាសាច់សារលោហិតនឹងគ្នា មកនៅជុំគ្នាក្នុងកន្លែងតែមួយរយៈពេល ៣ ខែបែបនេះ គឺមិនមែនជារឿងងាយស្រួលឡើយ។ ចំណុចនេះ ធ្វើឱ្យយើងអាចយល់បានថា ដើម្បីធានាបានសេចក្តីសុខនៅក្នុងក្រុម អ្វីដែលសង្គមសង្ឃនាសម័យនោះត្រូវគិតជាចម្បងគឺ៖
ប្រព័ន្ធគ្រប់គ្រង់និងអភិបាលកិច្ចមួយ ដែលអាចធានាបានថា សមាជិកទាំង ៥០រូប ឬ ១០០​រូបនោះ អាចរស់នៅជាមួយគ្នាបានដោយមានសេចក្តីសុខ មានសាមគ្គីភាពនឹងគ្នា និងពុំមានទំនាស់ផលប្រយោជន៍ណាមួយដែលអាចកើតឡើងរវាងសមាជិកណានីមួយ នៅក្នុងក្រុម។ មូលហេតុនេះហើយដែលតម្រូវឱ្យសង្គមសង្ឃត្រូវតែធ្វើការសម្រេចចិត្តថា តើគួរគ្រប់គ្រងសង្គមខ្លួនតាមប្រព័ន្ធអត្តាធិបតេយ្យ (ការយកបុគ្គលជាធំ) តាមប្រព័ន្ធលោកាធិបតេយ្យ (ការយកមតិភាគច្រើនជាគោល) ឬក៏ត្រូគ្រប់គ្រងតាមប្រព័ន្ធធម្មាធិបតេយ្យ (ការយកគោលការណ៍ធម៌ជាធំ)។
 
ប្រព័ន្ធសុខាភិបាលល្អមួយដើម្បីធានាបានថាតើការរស់នៅបែបណាទើបសមាជិកខ្លួនអាចមានសុខភាពល្អទាំផ្នែកផ្លូវកាយ​និងផ្លូវចិត្ត មិនងាយឆ្លងជម្ងឺ និងមានវិធីព្យាបាលនៅពេលដែលមានជម្ងឺណាមួយកើតឡើងក្នុងសង្គមសង្ឃ។
 
ប្រព័ន្ធអប់រំល្អមួយដែលអាចធានាបានថាការរស់នៅជាមួយគ្នារយៈពេល ៣ ខែនោះ មិនមែនត្រឹមជាការជួបជុំនិយាយគ្នាលេង ឆាន់ សឹង តែម្យ៉ាងនោះទេ ប៉ុន្តែត្រូវមានកម្មវិធីសិក្សាជាក់លាក់ណាមួយ ដើម្បីអាចធានាថាសមាជិកខ្លួនពិតជាទទួលបានការអប់រំដ៏ល្អ។ ការអនុញ្ញាតឱ្យមានការសម្រាកនៅមួយកន្លែងរយៈពេល ៣ ខែ ជាការបង្កើតបរិយាកាសមួយដើម្បីសម្រួលដល់សង្គមសង្ឃក្នុងការហ្វឹកហាត់ការបញ្ចេញប្រតិកម្មរបស់បុគ្គលម្នាក់ៗទៅលើសង្គមជារួម​ (សីលសិក្ខា) ការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងចិត្ត (សមាធិសិក្ខា) និងការអភិវឌ្ឍការគិតការវិភាគ និងការបណ្ដុះប្រាជ្ញាដើម្បីយល់ច្បាស់នូវសច្ចធម៌នៅក្នុងជីវិត (បញ្ញាសិក្ខា)។
 
ត្រូវមានប្រព័ន្ធសេដ្ឋកិច្ចមួយដែលអាចធានាបានថា ក្នុងរយៈពេល ៣ ខែនោះ សមាជិកខ្លួនអាចមានបរិក្ខារ ឬបច្ច័យ៤ ប្រើប្រាស់គ្រប់គ្រាន់។ គ្រឿងបរិក្ខារប្រើប្រាស់របស់ព្រះភិក្ខុសង្ឃ គឺអាស្រ័យនៅក្នុងផ្ទះអ្នកស្រុក។ ដូចនេះបើអ្នកស្រុកមិនមានសេដ្ឋកិច្ចល្អទេ ពួកគេក៏មិនអាចដើរតួនាទីជាអ្នកផ្គត់ផ្គង់ផ្នែករូបធម៌ ឬ បច្ច័យ ៤ ដល់សង្គមសង្ឃបានគ្រប់គ្រាន់ ឡើយ។  ដូចនេះ ព្រះសង្ឃដែលមានតួនាទីជាអ្នកផ្គត់ផ្គង់នាមធម៌ឬពុទ្ធិចំណេះដឹងដល់អ្នកស្រុកនោះ គួរតែយកមេរៀនសេដ្ឋកិច្ចដែលមាននៅក្នុងពុទ្ធសាសនា ទៅបង្ហាត់បង្រៀនអ្នកស្រុកឱ្យរស់នៅបែបសម្មាអាជីវៈ ប្រកបរបរសុខចរិត គេចចេញពីការជំពាក់បំណុលគេ និងចៀសវាងអំពើអបាយមុខនានាដែលជាមូលហេតុនាំទៅរកសេចក្តីវិនាសអន្តរាយ។  
 
ការព្យាយាមកែប្រែនិងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង​អភិបាលកិច្ចពុទ្ធសាសនា ការថែទាំសុខភាព​ ការពង្រឹងសមត្ថភាពបុគ្គល និងការផ្សារភ្ជាប់ខ្លួនទៅនឹងវិស័យសេដ្ឋកិច្ចបែបនេះហើយ ដែលបន្តិចម្ដងៗ បានប្រែក្លាយវត្តអារាមពុទ្ធសាសនាពីកន្លែងស្នាក់នៅធម្មតារបស់ព្រះភិក្ខុសង្ឃ ទៅជាស្ថាប័នអប់រំមួយដែលមានគោលការណ៍ជាក់លាក់ និងប្រែខ្លួនទៅជាគ្រឹះស្ថានសិក្សាជាន់ខ្ពស់ល្បីៗនៅក្នុងប្រវត្តិមនុស្សជាតិផងដែរ ដូចជាករណីសាកលវិទ្យាល័យនាលន្ទា ក្នុងប្រទេសឥណ្ឌា ឬវត្តមហាវិហារនៅក្នុងប្រទេសស្រីលង្ការ ជាឧទាហរណ៍ស្រាប់។   
 
អ្វីដែលកាន់តែពិសេសនោះគឺថ្ងៃចូលព្រះវស្សានេះ ត្រូវបានប្រារព្ធឡើងត្រូវនឹងទិវាប្រារព្ធបុណ្យអាសាឡ្ហបូជា ដែលប្រជាពុទ្ធបរិស័ទ្ធទូទាំងពិភពលោកនាំគ្នាប្រារព្ធឡើងដើម្បីរំលឹកដល់ការសម្ដែង «ធម្មចក្កប្បវត្តនសូត្រ» ដែលជាព្រះធម៌លើកដំបូង ដែលព្រះពុទ្ធអង្គសម្ដែងដល់អ្នកបួសចំនួន ៥ រូបនៅក្នុងព្រៃឈ្មោះឥសិបតនមិគទាយវ័ន ដែលសព្វថ្ងៃនេះ កន្លែងមួយនេះត្រូវបានគេហៅថា សារនាថ (Sarnath) ស្ថិតនៅក្នុងរដ្ឋឧត្តរប្រះដេស (Uttara Pradesh) ប្រទេសឥណ្ឌា នាបច្ចុប្បន្ននេះ។ ម្យ៉ាងទៀត ថ្ងៃមួយនេះក៏ត្រូវបានចាត់ទុកថាជាថ្ងៃកំណើតព្រះអរិយសង្ឃនៅក្នុងព្រះពុទ្ធសាសនាដំបូងផងដែរ។ នៅក្នុងសៀវភៅ «ឈ្វេងយល់ អាសាឡ្ហបូជា ទិវាវិថីជិវិតពុទ្ធបរិស័ទ» លោកធម្មបណ្ឌិត ហេង មណីចិន្តា បានដាក់ឈ្មោះថ្ងៃនេះថាជា៖ «ទិវាអរិយសច្ចៈ» ឬជា «ថ្ងៃប្រកាសវិថីជីវិតដែលមានហេតុ-ផល» ដើម្បីរំលឹកដល់ប្រជាពុទ្ធបរិស័ទខ្មែរពីសារសំខាន់នៃការរស់នៅជាមួយហេតុ-ផល និងការយកហេតុ-ផលទៅអនុវត្តនៅក្នុងការគិតការវិភាគ ទំនាក់ទំនងប្រចាំថ្ងៃ និងការប្រកបកិច្ចការទាំងពួង។
 
បន្ថែមពីលើនេះទៀត ការចូលព្រះវស្សានេះជាពេលវេលាមួយដែលសង្គមសង្ឃត្រៀមខ្លួន ដើម្បីនឹងទទួលសមាជិកថ្មី ដែលនឹងចូលខ្លួនមកបួសជាភិក្ខុឬសាមណេរនៅក្នុងព្រះពុទ្ធសាសនា ផងដែរ។  នៅក្នុងសៀវភៅ «ព្រះរាជពិធីទ្វាទសមាស» ដែលបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណិ្ឌត្យ ក្នុងព.ស. ២៥១២ បានរៀបរាប់ថា ព្រះរាជវង្សានុវង្សនិងប្រជារាស្រ្ដខ្មែរ មានកិច្ចការរវល់ខ្លាំងនៅក្នុងការប្រារព្ធពិធីបុណ្យសាសនាប្រពៃណីជាតិនាដើមរដូវនៃការចូលព្រះវស្សានេះ មានដូចជា៖ ការបំពេញព្រះរាជកុសលសិតទៀនព្រះវស្សា និងការបំពេញព្រះរាជកុសសបំបួសនាគជាដើម។ បុរាណខ្មែរយើងយល់ថា រយៈពេលបីខែនៃការចូលព្រះវស្សានេះ ជាពេលវេលាដ៏ល្អបំផុត ដែលព្រះរាជវង្សានុវង្ស មន្ត្រី​ គហបតី សេដ្ឋី ឬរាស្រ្ដប្រជា គួរបញ្ជូនកូនៗរបស់ខ្លួនទៅបួសក្នុងសំណាក់ព្រះពុទ្ធសាសនា ក្នុងគោលបំណងសិក្សាពុទ្ធិចំណេះដឹង ដើម្បីត្រៀមខ្លួនក្លាយទៅជាអ្នកដឹកនាំ និងពលរដ្ឋដែលមានសមត្ថភាព សុខភាព និងគុណធម៌ល្អ នាថ្ងៃខាងមុខផងដែរ។ ដូចនេះបានជានៅក្នុងទំនៀមខ្មែរយើង មានព្រះរាជពិធីបំបួសនាគរាស្រ្ដ ក្នុងរវាងកណ្ដាលខែជេស្ឋ​ និងព្រះរាជធិពីបំបួសនាគហ្លួង ក្នុងរវាងកណ្ដាលខែអាសាឍ ប៉ុន្តែក្នុងរាជ្យព្រះបាទសម្ដេចព្រះនរោត្តម ទ្រង់បង្រួមមកបំបួសក្នុងខែអាសាឍទាំងអស់វិញ។ មុនការសាងសង់វត្តព្រះកែវមរកត នាគហ្លួង ពោលគឺព្រះញាតិវង្សានុវង្សច្រើនតែបួសនៅក្នុងវត្តធំៗ ដែលជាទីឋិតនៅនៃសម្ដេចព្រះសង្ឃរាជ ឬសម្ដេចព្រះសង្ឃនាយក ប៉ុន្តែក្រោយពីបួសហើយក៏អនុញ្ញាតឱ្យទៅគង់នៅតាមវត្តដែលខ្លួនពេញចិត្តបាន។ ចំណែកឯការបំបួសនាគរាស្រ្ដវិញ គឺប្រព្រឹត្តទៅនៅតាមរត្តអារាមដែលមានទីតាំងនៅតាមស្រុកភូមិរបស់បេក្ខជនដែលត្រៀមខ្លួននឹងបួស។
 
មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំកូណាអាត្មាភាព សូមទាញអារម្មណ៍មិត្រអ្នកអាន មកមើលពុទ្ធភាសិតមួយកន្លែង ដែលព្រះពុទ្ធអង្គសម្ដែងថា៖ «ផ្កាឈើ​មាន​ទ្រង់ទ្រាយ​ល្អ​ ​មាន​ពណ៌​ ​(​ល្អ​)​ ​តែ​គ្មាន​ក្លិន​ ​(​ក្រអូប​)​ ​(​រមែង​មិន​ក្រអូប​ដល់​អ្នក​ដែល​ទ្រទ្រង់​)​ ​ដូចម្តេច​មិញ​ ​វាចា​ជា​សុភាសិត​ ​រមែង​គ្មានផល​ដល់​អ្នក​ដែល​មិន​ធ្វើតាម​​ដូច្នោះ(ដែរ)​» ។
 
រយៈពេល ៣ ខែនៃការចូលព្រះវស្សានេះ មិនមែនត្រឹមជាពិធីកម្មដែលធ្វើដើម្បីលម្អភ្នែកអ្នកស្រុកតែម្យ៉ាងនោះទេ ប៉ុន្តែជាពេលវេលាដ៏សមរម្យមួយ ដែលព្រះភិក្ខុសង្ឃអាចដាក់ចុះនូវភារកិច្ចខាងក្រៅរបស់ខ្លួន ហើយមកផ្ដោតសំខាន់ទៅលើការប្រតិបត្តិកិច្ចវត្តប្រចាំថ្ងៃ ការអភិវឌ្ឍសីល សមាធិ បញ្ញា ការឆ្លុះបញ្ជាំងខ្លួន និងវាយតម្លៃលទ្ធផលដែលកើតចេញពីសកម្មភាពដែលខ្លួនបានបំពេញរយៈពេល​ ៩ ខែមុនថាតើខ្លួនបានប្រតិបត្តិតាមអ្វីដែលបានបង្ហាត់បង្រៀនបានកម្រិតណាហើយ។ ម្យ៉ាងទៀត ការផ្អាកការធ្វើដំណើររបស់ព្រះភិក្ខុសង្ឃដែលមានចំនួន ៧ម៉ឺនអង្គជាង នៅក្នុងប្រទេសកម្ពុជា រយៈពេលបីខែនេះ ក៏អាចជាការចូលរួមជួយរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល នៅក្នុងការកាត់បន្ថយការឆ្លងរាលដាលនៃជម្ងឺកូរ៉ូណាមួយកម្រិតផងដែរ។ បន្ថែមពីនេះទៀត ថ្វីដ្បិតថាការចូលវស្សានេះជាវិន័យកិច្ចរបស់ព្រះភិក្ខុសង្ឃ មិនពាក់ព័ន្ធជាមួយនឹងគ្រហស្ថដោយផ្ទាល់យ៉ាងណាក៏ដោយ ក៏សម្លេងស្គរដែលផ្សាយចេញពីវត្តអារាមនានាទូទាំងប្រទេសកម្ពុជា រាល់ពេលព្រឹកព្រហាម និងរាល់ពេលល្ងាចនោះ អាចជាសារដាស់តឿនស្មារតីប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបថា៖ ពេលនេះ វេលានេះ ជាពេលដែលព្រះសង្ឃកំពុងស្វាធ្យាយធម៌ថ្វាយបង្គំព្រះ ដើម្បីចម្រើនសេចក្តីស្ងប់នៅក្នុងចិត្ត ដូចនេះអាត្មាអញគួរតែផ្អាកការប្រើប្រាស់អំពើហឹង្សា ផ្អាកការបរិភោគគ្រឿងស្រវឹង ផ្អាកការបង្កជាសម្លេងរំខានដល់ព្រះសង្ឃ ឬក៏ផ្អាកការប្រព្រឹត្តិអំពើអបាយមុខមួយម៉ោងសិន ហើយតាំងចិត្តត្រេកអរនិងការប្រព្រឹត្តល្អរបស់ព្រះសង្ឃ ក៏គង់នាំឱ្យបានសម្រេចប្រយោជន៍ដល់ខ្លួននិងគ្រួសារខ្លះជាក់ជាមិនខាន។
 
 
 
យោងសេចក្តី
វស្សូបនាយិកក្ខន្ធកៈ  មហាវគ្គៈ វិន័យបិដកខ្មែរ ភាគទី ៧ 
ធម្មបណ្ឌិត ហេង មណីចិន្តា «ឈ្វេងយល់អាសាឡ្ហបូជា ទិវាវិថីជីវិតពុទ្ធបរិស័ទ»  បោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពផ្កាឈូក ភ្នំពេញ ព.ស. ២៥៦៣ ទំព័រ ៣៩
ឧត្តមប្រីជា ចាប. ពិន «ព្រះរាជពិធីទ្វាទសមាស ភាគ ៣» បោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ ព.ស. ២៥១២ ទំព័រ ២៨
 ព្រះរាជពិធីទ្វាទសមាស)
សុតន្តបិដក  ខុទ្ទកនិកាយ ខុទ្ទកបាថា បិដកខែ្មរភាគទី ៥២ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com