ជាតិ
រថយន្ត
ជាអ្នកស្នេហារថយន្តបុរាណ លោក FOUSSAT Georges ​មានឡានCITROËN ​​ដល់ទៅ​៥គ្រឿង
18, Jul 2022 , 7:59 pm        
រូបភាព
ប្រទេសបារាំង៖ នៅ​ឯប្រទេស​បារាំង មាន​អ្នកស្នេហា​រថយន្ដ​បុរាណ​ជា​ច្រើន។ ឆ្នាំ​១៩៩៤ លោក ហ្វ៊ូសា ស (FOUSSAT Georges) បាន​ឡាន១គ្រឿង ដែល​មាន​អាយុកាល ៣០ឆ្នាំ​ហើយ។ បន្ទាប់​មកជាមួយ​ប្អូន​ប្រុស​បង្កើត​របស់​គាត់ ព្រម​ទាំងកូន​ប្រុសរបស់​គាត់ គាត់​បន្ត​ប្រមូលរថយន្ដ​ចាស់ៗ រហូតដល់ ២១​គ្រឿង ដែលត្រូវបាន​​ផលិត​ពី​ឆ្នាំ១៩៣៩ ទៅ​ឆ្នាំ​១៩៩០។ ដោយសារ​គាត់​មាន​ឡាន​ច្រើន​ពេក ឆ្នាំ​២០១៥ គាត់​ទិញ​អតីតរោងចក្រ​ត្បាញ​មួយ​អគារ ក្នុង​ភូមិ​របស់​គាត់ ដើម្បី​ចត និង​ជួសជុល​ឡាន​បុរាណ​ទាំង​អស់​នោះ។ ក្នុង​ឃ្លាំង​នេះ មានទាំង​រថយន្ដ​ម៉ាក PANHARD ៦គ្រឿង, រថយន្ដ​ម៉ាក SIMCA ៣គ្រឿង, ​រថយន្ដ​ម៉ាក PEUGEOT ៣គ្រឿង, រថយន្ដ ​ម៉ាក BMW ៣គ្រឿង, ​រថយន្ដ​ម៉ាក MINI ១គ្រឿង, រថយន្ដ​ម៉ាក CITROËN (ស៊ីត្រូអ៊ែន) ៥គ្រឿង ៣ប្រភេទ​ផ្សេង​ពីគ្នា គឺCITROËN ប្រភេទ DS CITROËN ប្រភេទ 2CV និង CITROËN ប្រភេទ BX ។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
លោក FOUSSAT មានឡាន CITROËN ប្រភេទ DS ៣គ្រឿង​តែ​ម្ដង ផលិត​ឆ្នាំ​១៩៧០ ​ទាំង៣។ មុន​ដំបូង​គាត់​ទិញ DS ពណ៌​ខៀវ ខូចច្រើន ដែល​ជិះ​ស្ទើរតែ​មិនបាន​។ បំណង​របស់​គាត់ ​គឺទុក​ពេលមួយ​ពីរឆ្នាំ​ ធ្វើ​ទំនើបកម្ម។ លោក ស ចូល​និវត្តន៍​យូរ​ហើយ។ ដូច្នេះ​គាត់​មាន​ពេលទំនេរ​ច្រើន​គ្រប់គ្រាន់។ ក៏ប៉ុន្តែពេល​ចាប់ផ្ដើម គាត់​ខ្វះ​ជំនាញ ព្រោះ​មិនមែន​ជា​ជាង​រថយន្ដ​អាជីពទេ​។ ហេតុនេះ​ គាត់​ទិញ DS មួយ​ទៀត ពណ៌ខ្មៅ ដែល​អាច​ជិះ​បាន និង​ដែល​មាន​សភាព​ដូច​ថ្មី ដើម្បី​មាន​គំរូ​ក្នុងការ​ធ្វើ​ទំនើបកម្ម។ ជាចុងក្រោយ គាត់​ទិញ DS មួយទៀត ពណ៌​ពងមាន់ ដែលខូច​អស់រលីង ដើម្បី​កុំ​ឱ្យ​ខ្វះ​​គ្រឿង​បន្លាស់ ! លោក ស ទិញ​ DS ពីឆ្នាំ​ដូចគ្នា​ទាំង​អស់ ដើម្បី​​គ្រឿងទាំង​អស់​ត្រូវនឹងឡាន​១ណា​ក៏បាន។
 
អក្សរ DS អានថា [deɛs] ដូចពាក្យបារាំង déesse ដែលមានន័យថាទេពធីតា។ ចាប់តាំងពីឆ្នាំ២០១៤ DS គឺជាម៉ាកមួយតែម្ដង បង្កើតឡើងដោយក្រុមហ៊ុន CITROËN ។ រថយន្ដ CITROËN ប្រភេទ DS ត្រូវបានផលិត ១ ៤៥៥ ៧៤៦ គ្រឿង ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ នៅតាមរោងចក្រនានា នៅទ្វីបអឺរ៉ុប ដូចជាប្រទេសបារាំង ប្រទេស​បែលហ្ស៊ិក ប្រទេស​អង់គ្លេស និងប្រទេស​ព័រទុយហ្កាល់។ សូម​បញ្ជាក់​ថា នៅ​ប្រទេស​កម្ពុជា ក៏មានរថយន្ដ CITROËN DS ១គ្រឿង​ដែរ។


 
ឡាន CITROËN ប្រភេទ 2 Chevaux Vapeur ជា​ប្រភេទ​ឡាន ដែលពេញ​និយម នៅ​ប្រទេស​បារាំង ក្នុង​ចំណោម​អ្នក​ស្នេហា​រថយប្ដ​បុរាណ។ ដូច្នេះ​ លោក ស ក៏បាន​ទិញ​មួយ​ដែរ។ គឺ​ជា​ម៉ូឌែល 6 ផលិត​ឆ្នាំ​១៩៧៧ ដែល​មិន​ទាន់បាន​ធ្វើ​ទំនើបកម្មទេ ប៉ុន្តែដែល​អាច​ជិះ​បាន។ "2 Chevaux Vapeur" គឺជាប្រភេទ​កម្លាំង​រថយន្ដ​​សម្រាប់​រដ្ឋបាល​ពន្ធដារ​តែ​ម្ដង។ ប៉ុន្តែតាម​ពិតជាភាសា​និយាយគេ​ហៅថា "2 Chevaux" (ឌើ​សឺវោ) និង​សរសេរ​ជា​អក្សរ​កាត់​ថា 2CV ។ រថយន្ដ CITROËN 2CV គឺ​ជា​ប្រភេទ​រថយន្ដ​មួយ​ដ៏​ប្រជាប្រិយណាស់។ ទូទាំង​ពិភពលោក ​មាន​សមាគមច្រើន សម្រាប់ម្ចាស់ 2CV។ នៅ​ប្រទេស​បារាំង​ ពួកគេ​ជួបជុំ​ទាំងអស់គ្នា ​ជា​រៀងរាល់​ឆ្នាំ តាំង​ពីឆ្នាំ​២០០២ ដែល​មាន CITROËN 2CV ជិត​៣០០០គ្រឿងម្ដង​ចូលរួម។ ឡាន 2CV ក៏​មាន​ក្នុង​រឿង​ភាពយន្ដ​ផ្សេងៗ​ដូចជា James BOND ក្នុង​រឿង​ល្ខោន​ក៏ធ្លាប់មាន ក្នុងឃ្លីប​​វីដេអូ​​ក៏ធ្លាប់​មាន ក្នុង​កម្មវិធី​ទូរទស្សន៍​ក៏ធ្លាប់​មាន ក្នុង​ហ្គែម​ក៏ធ្លាប់​មាន ក្នុង​រឿង​ប្រលោមលោកក៏ធ្លាប់មាន ក្នុង​សៀវភៅ​តុក្កតា​ក៏ធ្លាប់មាន និង​លើ​តែម​ប្រៃសណីយ៍ក៏ធ្លាប់​មានដែរ។
 
ក្រុមហ៊ុន CITROËN បានដំឡើងរថយន្ដ CITROËN ប្រភេទ 2CV ពីឆ្នាំ១៩៥៨ រហូតដល់ឆ្នាំ១៩៦២ នៅខេត្តព្រះសីហនុ ដោយសហការជាមួយក្រុមហ៊ុនខ្មែរផលិតរថយន្ត ហៅកាត់ថា SKMA (Société Khmère de Montage Automobile) និងក្រោមការគ្រប់គ្រងរបស់លោក DESRUES Georges ។ គឺ​ជា​រោងចក្រ​ផលិត 2CV តែ​១គត់ នៅ​ក្រៅ​ទ្វីប​អឺរ៉ុប។ ទោះយ៉ាងណា ក្រោយសង្គ្រាម មិនមានសេសសល់រថយន្តម៉ាក CITROËN ដែលដំឡើងនៅកម្ពុជានោះទេ។ កាលជំនាន់​សង្គម​រាស្ត្រនិយម ទីតាំងចែកចាយរថយន្តម៉ាក CITROËN ក៏ត្រូវបានសាងសង់ឡើងដែរ ប៉ុន្តែគឺនៅរាជធានីភ្នំពេញ ពោលគឺលើវិថីព្រះវិហារ (ផ្លូវ៨២) សង្កាត់ស្រះចក ខណ្ឌដូនពេញ។ សព្វថ្ងៃនេះ គេនៅឃើញឈ្មោះ CITROËN នៅជាប់នឹងអាគារ​នេះនៅឡើយ ប៉ុន្តែវាបានក្លាយទៅជាហាងកាហ្វេ និងបន្ទប់ជួលសម្រាប់ពលរដ្ឋវិញ។ សូម​បញ្ជាក់​ថា ក្រុមហ៊ុន CITROËN ក៏បានផ្ដល់ម៉ាស៊ីនសម្រាប់រថយន្ដម៉ាក ANGKOR ផលិត​មុនសង្គ្រាម នៅខេត្តបាត់ដំបងដែរ។


 
CITROËN 2CV ត្រូវ​បាន​ផលិត​អស់ ៥ ១១៤ ៩៦១ គ្រឿង ពី​ឆ្នាំ​១៩៤៨ ដល់​ឆ្នាំ​១៩៩០។ វា​ស្រាល​មែនទែន គឺត្រឹមកន្លះ​តោន​ប៉ុណ្ណោះ។ គឺជារថយន្តដ៏កម្រនៅកម្ពុជា ខណៈដែលទូទាំងប្រទេស ទំនងមានរថយន្តប្រភេទនេះតែ ៥គ្រឿងប៉ុណ្ណោះ ប៉ុន្តែ​ទាំង​អស់ ​ត្រូវ​បាន​នាំ​ចូល​ពី​បរទេសមក​ នាពេល​ថ្មីៗ​នេះ។
 
លោក ស ក៏មានឡាន CITROËN ប្រភេទ BX ផលិត​ឆ្នាំ​១៩៩០ ១គ្រឿង​ដែរ។ វា​មាន​ម៉ាស៊ីន​ម៉ាស៊ូត និង​រូបរាង​ជ្រុងច្រើន តាមវានិយម​សម័យ​នោះ។ រថយន្ដ CITROËN ប្រភេទ BX ត្រូវបានផលិត ២ ៣៣៧ ០១៦ គ្រឿង ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩៤ នៅតាមរោងចក្រផ្សេងៗ នៅប្រទេស​បារាំង និង​នៅ​ប្រទេស​អេស្ប៉ាញ។
 
ក្រុមហ៊ុន CITROËN ត្រូវបានបង្កើតឡើងនាឆ្នាំ១៩១៩ នៅប្រទេសបារាំង ដោយលោក CITROËN André ។ សព្វថ្ងៃនេះ គឺជាកម្មសិទ្ធិរបស់ក្រុមសម្ព័ន្ធ PSA ៕













 

Tag:
 យានយន្ត
  ឡានបុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com