អន្តរជាតិ
ករណីទឹកជំនន់ពេញក្រុង អភិបាលក្រុងបាងកកថា៖ «កុំបន្ទោសអ្នកដទៃ ត្រូវបន្ទោសខ្ញុំ»!
22, Jul 2022 , 4:27 pm        
រូបភាព
ទិដ្ឋភាពទឹកជំនន់នៅក្នុងក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ និងរូបក្នុងរង្វង់ជាអភិបាលក្រុង លោក Chatchart Sittpunt។ រូបថត  Khaosod English
ទិដ្ឋភាពទឹកជំនន់នៅក្នុងក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ និងរូបក្នុងរង្វង់ជាអភិបាលក្រុង លោក Chatchart Sittpunt។ រូបថត Khaosod English
ដោយ: រួបរួម
លោក Chatchart Sittipunt អភិបាលក្រុងបាងកក បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ថា លោកទទួលខុសត្រូវ១០០ភាគរយចំពោះករណីទឹកជំនន់នៅក្នុងក្រុងបាងកក ក្រោយភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ Khaosod English។
 
«កុំបន្ទោសអ្នកដទៃ ត្រូវបន្ទោសខ្ញុំ។ ទឹកជំនន់គឺស្ថិតក្រោមទំនួលខុសត្រូវរបស់ខ្ញុំទាំងស្រុង។ ខ្ញុំទទួលខុសត្រូវ១០០ភាគរយ»។ នេះជាការបញ្ជាក់ររបស់លោក Chatchart Sittipunt ដែលទើបកាន់តំណែងជាអភិបាលក្រុងបាងកក ទី១៧ បានប្រមាណជាង២ខែ។
 
លោក Chatchart Sittpunt ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ក្រោមរដ្ឋបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានអះអាងថា លោកនឹងព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការដោះស្រាយបញ្ហាទឹកជំនន់ក្នុងក្រុងបាងកក ទាំងតាមផែនការខ្លី និងផែនការយូរអង្វែង។

បើតាមការផ្សាយរបស់បាងកកប៉ុស្តិ៍  ទីតាំងសំខាន់ៗជិត៣០ និងផ្លូវជាច្រើននៅទូទាំងក្រុងបាងកក បានរងនូវការលិចលង់យ៉ាងខ្លាំងនាព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីភ្លៀងជាច្រើនមេនាពេលយប់។ រដ្ឋបាលក្រុងបាងកក (BMA) បានអះអាងថា កម្ពស់ទឹកឡើងចម្លោះពី៧សង់ទីម៉ែត្រទៅជិត៣០សង់ទីម៉ែត្រ។
 
នាយកដ្ឋានឧតុនិយមថៃ បានព្យាករថា ភ្លៀងនៅតែបន្តធ្លាក់ ដោយសារតែកម្លាំងខ្យល់មូសុងបោកបក់ឆ្លងកាត់សមុទ្រថៃ Andaman Sea និងឈូងសមុទ្រថៃតែម្តង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com