ជាតិ
យុវជនសកម្ម សេវាល្អ
ពលរដ្ឋ១០៧គ្រួសារ ក្នុងឃុំត្រពាំងធំ ស្រុកទឹកឈូ កំពុងទទួលបានប្រយោជន៍ពីបណ្ណក្រីក្រ
07, Aug 2022 , 9:59 am        
រូបភាព
ដោយ៖ (ណី ស្រីពៅ) យុវជនឃុំត្រពាំង
 
ស្រុកទឹកឈូ, កំពត៖ ពលរដ្ឋប្រមាណ ១០៧គ្រួសារ ដែលជាមនុស្សចាស់ជរា អ្នកមានពិការភាព និងមានជំងឺប្រចាំកាយជាដើម ក្នុងឃុំត្រពាំងធំ នៃស្រុកទឹកឈូ ខេត្តកំពត កំពុងទទួលបានអត្ថប្រយោជន៍ពីបណ្ណក្រីក្រ។ លោក សុខ សុវណ្ណតារា ជំទប់ទី១ ឃុំត្រពាំងធំ បានបញ្ជាក់ថា បណ្ណក្រីក្រផ្តល់ប្រយោជន៍ជាច្រើនដល់អ្នកដែលកាន់កាប់បណ្ណដូចជាថវិកាឧតបត្ថម្ភប្រចាំខែ និងការប្រើប្រាស់សេវាសាធារណៈរបស់រដ្ឋដោយឥតគិតថ្លៃ។ ពលរដ្ឋក្នុងឃុំត្រពាំងធំ ដែលកំពុងមានបណ្ណក្រីក្រ ក៏បានសាទរចំពោះការយកទុកដាក់របស់អាជ្ញាធរមូលដ្ឋាន។
 

ពលរដ្ឋប្រមាណ ១០៧គ្រួសារ ក្នុងឃុំត្រពាំងធំ កំពុងទទួលបានអត្ថប្រយោជន៍ពីបណ្ណក្រីក្រ ដែលចំនួននេះស្មើនឹងប្រមាណ១៤ភាគរយ នៃពលរដ្ឋសរុបក្នុងឃុំដែលមានចំនួន ៧៥៣គ្រួសារ។ នេះបើតាមការបញ្ជាក់របស់ លោក សុខ សុវណ្ណតារា ជំទប់ទី១ ឃុំត្រពាំងធំ នៃស្រុកទឹកឈូ ខេត្តកំពត។ លោកសុខ សុវណ្ណតារា បានឱ្យដឹងទៀតថា ពលរដ្ឋដែលទទួលបានបណ្ណក្រីក្រទាំងនោះ គឺជាមនុស្សចាស់ អ្នកមានពិការភាពអវៈយវៈ និងអ្នកមានជំងឺប្រចាំកាយជាដើម។
 

លោក សុខ សុវណ្ណតារា ជំទប់ទី១ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត
 
បើតាមលោកជំទប់ទី១ ឃុំត្រពាំងធំ បណ្ណក្រីក្រផ្តល់ប្រយោជន៍ជាច្រើនដល់អ្នកដែលកាន់កាប់បណ្ណដូចជាថវិកាឧតបត្ថម្ភប្រចាំខែ និងការប្រើប្រាស់សេវាសាធារណៈរបស់រដ្ឋដោយឥតគិតថ្លៃ។ «បណ្ណក្រីក្រចំពោះប្រជាពលរដ្ឋដែលក្រីក្រហ្នឹង គឺមានអត្ថប្រយោជន៍ច្រើនយ៉ាងចំពោះពួកគាត់។ ជួយសម្រាលជីវភាគពួកគាត់ក្នុងមួយខែទៅមួយខែ។ ឧទាហរណ៍គាត់ទៅសម្រាកព្យាបាល(នៅ)មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនានាដែលទាក់ទងជាមួយរដ្ឋ គឺគេអត់មានគិតសេវា បង់ថ្លៃអីទាំងអស់។»។
 
ក្រៅពីប្រយោជន៍ខាងលើ អាជ្ញាធរតែងចុះសួរសុខទុក្ខ ផ្តល់ការបណ្តុះបណ្តាលទាក់ទងនឹងការចិញ្ចឹមសត្វ ដាំដុះបន្លែបង្ការ ដើម្បីសម្រួលដល់ជីវភាពរបស់គាត់បន្ថែមទៀត។ លោក សុខ សុវណ្ណតារា សង្ឃឹម និងចង់ឃើញពលរដ្ឋដែលមានជីវភាពក្រីក្រនៅក្នុងឃុំរបស់ខ្លួន បន្តថយចុះបន្តិចម្តង ហើយអាជ្ញាធរលើកទឹកចិត្តពលរដ្ឋដែលកំពុងកាន់កាប់បណ្ណក្រីក្រ ប្រឹងប្រែងជួយពង្រឹងជីវភាពគ្រួសារបន្ថែមដែរ ដោយពុំរង់ចាំតែការគាំទ្រពីរដ្ឋាភិបាល។
 
លោកយាយ សំរឹត ស៊ុំ អាយុ៧៥ឆ្នាំ ជាជនចាស់ជរាមួយរូបដែលកំពុងសា្នក់នៅផ្ទះក្មួយប្រុស ក្នុងភូមិស្វាយធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។  លោកយាយ ស៊ុំ មានស្ថានភាពវង្វេង និងខ្សោយកំហើញដោយជរាភាពរបស់ខ្លួនផង។ កំពុងកាន់កាប់បណ្ណក្រីក្រប្រភេទ១។ ដ្បិតចាំថាខ្លួនបានទទួលបណ្ណនេះតាំងពីឆ្នាំប៉ុន្តែលោកយាយ អាចសំដែង ការសប្បាយចិត្តដែលអាជ្ញាធរឃុំ តែងយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ពលរដ្ឋ ពិសេសពលរដ្ឋដែលមានជីវភាពទីទ័លក្រដូចខ្លួន។ លោកយាយ ស៊ុំ បានបន្ថែមទៀតថវិកាដែលរដ្ឋឧបត្ថម្ភតាមរយៈបណ្ណក្រីក្រនេះ បានជួយសម្រួលដល់ជីវភាពរបស់ខ្លួនមួយកម្រិតដែរ។


លោកយាយ សំរឹត ស៊ុំ ជនចាស់ជរាក្នុងភូមិស្វាយធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ដែលកំពុងកាន់កាប់បណ្ណក្រីក្រប្រភេទទី១។ 
 
ពលរដ្ឋចំណាស់មួយរូបទៀត នៅក្នុងភូមិស្វាយធំនេះ គឺលោកយាយ ម៉ែន សំភីន អាយុ៦៩ឆ្នាំ ក៏ទទួលបានបណ្ណក្រីក្រប្រភេទទី១ដែរ។ ស្ត្រីចំណាស់រូបនេះ សប្បាយចិត្ត នៅពេលខ្លួនលំបាក ហើយអាជ្ញាធរភូមិ-ឃុំ យកចិត្តទុកដាក់ និងឆ្លើយតបនឹងតម្រូវការរបស់ខ្លួន។ 
 
សម្រាប់លោកយាយ សំភីន ប្រសិនបើខ្លួនមិនមានបណ្ណក្រីក្រទេ ស្ថានភាពរស់នៅរបស់ខ្លួននឹងកាន់តែលំបាក។


លោកយាយ ម៉ែន សំភីន ពលរដ្ឋក្នុងភូមិស្វាយធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ដែលកំពុងកាន់កាប់បណ្ណក្រីក្រប្រភេទទី១។ 
 
«បើសិនជាអត់ទៀតប កុន(ទ័ល)។ កុនដូចថាបើយើងចង់ប្រើទឹក ទាល់តែយើងមានលុយ។ ត្រូវការអីហ្នឹងទាល់យើងមានលុយ។ ដល់យើងមានបណ្ណក្រីក្រចឹងទៅ ទៅមណ្ឌលសុខភាពទៅ ក៏អត់(អស់លុយ)។ និយាយរួមទៅវាអត់អី បានស្រួល។ គេឃើញយើងមានបណ្ណក្រីក្រ គេយកចិត្តទុកដាក់យើងដរ។»។ លោក យាយ ម៉ែន សំភីន រៀបរាប់ដូច្នេះ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 

Tag:
 បណ្ណក្រីក្រ
 ត្រពាំងធំ
  សុខ សុវណ្ណតារា
© រក្សាសិទ្ធិដោយ thmeythmey.com