ជាតិ
យុវជនសកម្ម សេវាល្អ
លោក អ៊ីង ជា៖ ចំណេះដឹងសិស្សានុសិស្សមានភាពប្រសើរឡើង ក្រោយចូលរៀនពេញលេញវិញ
07, Aug 2022 , 12:59 pm        
រូបភាព
ដោយ៖ យុវជនឃុំត្រពាំងធំ
 
ស្រុកទឹកឈូ, កំពត៖  លោក អ៊ីង ជា នាយកសាលាបឋមសិក្សាតូនីតាកេ ដែលស្ថិតនៅក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត អះអាងថា ចំណេះដឹងរបស់សិស្សានុសិស្សក្នុងសាលាខ្លួន មានភាពប្រសើរឡើង ក្រោយពួកគេបានចូលរៀនពេញលេញឡើងវិញ។ មុននឹងមានលទ្ធផលល្អប្រសើរនេះ លោក អ៊ីង ជា ក៏បានអះអាងថាដែរថាលោកគ្រូ អ្នកគ្រូ ក៏បានខិតខំបង្រៀនយ៉ាងយកចិត្តទុកដាក់ដល់សិស្សានុសិស្សផងដែរ។  លោក អ៊ីង ជា បញ្ជាក់បន្ថែម៖ «ឆ្លងតាមរយៈ ២-៣ខែ នៃសិស្សចូល(រៀន) មកដល់ឆមាសទី១ ជិតចូលឆមាសទី២នេះ ចំណេះដឹងគាត់មានការប្រែប្រួល។ គាត់អាចអានបាន។ គាត់អាចមើល ធ្វើលំហាត់ បានល្អប្រសើរ»។ ទន្ទឹមនឹងការមើលឃើញពីភាពប្រសើរឡើងនៃការសិក្សារបស់សិស្ស លោក អ៊ីង ជា ក៏លើកឡើងទាំងត្រេកអរ  ចំពោះទិដ្ឋភាពអ៊ូអររបស់សិស្សានុសិស្ស ក្នុងបរិវេណសាលាខ្លួនឡើងវិញដែរ។
 
 
បើតាមនាយកសាលាបឋមសិក្សាតូនីតាកេ ក្នុងឆ្នាំសិក្សា២០២១-២០២២ នេះសាលាបឋមសិក្សាតូនីតាកេ  មានសិស្សានុសិស្សសរុបចំនួន ៥២នាក់ កំពុងសិក្សាពីថ្នាក់ទី១ ដល់ទី៦ក្នុងនោះសិស្សស្រីមានចំនួន ២៨នាក់។  លោក អ៊ីង ជា បញ្ជាក់ទៀតថា នៅសាលារបស់ខ្លួន ពុំទាន់មានសិស្សដែលមានពិការភាពនៅឡើយ។ ទោះជាយ៉ាងនេះក្តី លោក អ៊ីង ជា បានយល់អំពីការលំបាកក្នុងការផ្លាស់ទីរបស់អ្នកដែលមានពិការភាព ប្រសិនបើអគារសិក្សាគ្មានជម្រាលសម្រាប់ជនមានពិការភាព។  នាយករូបនេះ បញ្ជាក់បន្តថា ខ្លួនក៏នឹងគិតគូរ សង់ជម្រាលសម្រាប់ជនមានពិការភាពដែរ ប្រសិនបើថ្ងៃមុខ សាលាខ្លួនមានសិស្សដែលមានពិការភាពនោះ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 

Tag:
 សេវាសាធារណៈ
  ពលរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com