ជាតិ
យុវជនសកម្ម សេវាល្អ
ទោះគ្មានជម្រាលជនពិការ អ្នកស្រី បូកណ្ណារី ខិតខំផ្ដល់សេវាសុខភាពឱ្យកាន់តែល្អដល់អ្នកមានពិការភាព
07, Aug 2022 , 3:59 pm        
រូបភាព
ដោយ៖ ង៉ែត ស្រីកា
 
កំពត៖ អ្នកស្រី ជឹង បូកណ្ណារី ជាប្រធានមណ្ឌលសុខភាព អ៊ី ទួនស៊ាង នៅឃុំជុំគ្រៀល ដែលបានខ្នះខ្នែងផ្ដល់សេវាសុខាភិបាលដល់ពលរដ្ឋនៅក្នុងឃុំបានយ៉ាងល្អ ជាពិសេសពលរដ្ឋមានពិការភាព។  ប្រធានមណ្ឌលសុខភាពរូបនេះ តាំងចិត្តផ្ដល់សេវាសុខភាពជូនពលរដ្ឋនៅក្នុងឃុំ ដោយគ្មានការរើសអើង ដើម្បីភាពរីកចម្រើនក្នុងសហគមន៍ ។

 
មណ្ឌលសុខភាព អ៊ី ទួនស៊ាង ជុំគ្រៀល មានទីតាំងនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ មណ្ឌលសុខភាពនេះ ប្រៀបដូចជាកន្លែងព្យាបាលដ៏ទំនើបសម្រាប់ពលរដ្ឋក្មេងចាស់ ជាពិសេសពលរដ្ឋមានជីវភាពខ្វះខាត ប្រចាំឃុំជុំគ្រៀល។ ផ្លូវចូលមណ្ឌលសុខភាព មិនមានជណ្ដើរឡើងនោះទេ ហើយក៏គ្មានជម្រាលសម្រាប់ជនពិការដែរ។ ទោះបីជានៅមណ្ឌលសុខភាព គ្មានជម្រាលជនពិការក្ដី តែអ្នកស្រី ជឹង បូកណ្ណារី បានផ្តល់អទិភាពដល់ជនពិការច្រើនជាងប្រជាពលរដ្ឋទូទៅ នៅពេលមកទទួលសេវាសុខាភិបាល។ 
 
«ចំពោះជនពិការ ខាងយើងក៏យកចិត្តទុកដាក់ដូចប្រជាជនទូទៅដែរ។ ប៉ុន្តែនៅពេលជនពិការមក គឺត្រូវផ្តល់អទិភាពដល់ពួកគាត់មុន។ នៅខាងមណ្ឌលគ្មានជម្រាលសម្រាប់ជនពិការព្រោះតាំងពីផ្លូវចូលមកមណ្ឌលវាលក្ខណៈរាបស្មើ ហើយការធ្វើជម្រាលនេះលុះត្រាតែមណ្ឌលសុខភាពណាដែលមានជណ្តើរឡើងខ្ពស់ជនពិការមិនអាចឡើងបានទើបធ្វើជម្រាល»។
 
បើតាមប្រធានមណ្ឌលសុខភាពដដែល ពលរដ្ឋមានពិការភាព មកទទួលសេវាសុខាភិបាលជារឿយៗ ហើយភាគច្រើនមកទទួលសេវាសុខាភិបាល ដូចជា ផ្តាសាយ លាងរបួស និងថ្នាំឈឺក្បាលជាដើម។ 
 
អ្នកស្រី បានបន្ថែមថា ពលរដ្ឋមានពិការភាព ដែលបានមកទទួលសេវានៅមណ្ឌលសុខភាព ត្រូវបានយកចិត្តទុកដាក់ ដូចប្រជាពលរដ្ឋទូទៅ និងបានផ្ដល់អទិភាពទៀតផង។ លើសពីនេះ ខាងមណ្ឌលសុខភាពក៏ លើកលែងការបង់ប្រាក់ទៅលើសេវាផ្សេងៗផងដែរ។
 
 អ្នកស្រី ជឹង បូកណ្ណារី  អះអាងថា៖ « គាត់ (ពលរដ្ឋពិការ) មកទទួលសេវាសុខភាព កុំខ្លាចបើនៅមណ្ឌលអាចព្យាបាលគាត់បានគឺនិងព្យាបាលឱ្យអស់ពីសមត្ថភាព តែបើខាងមណ្ឌលមិនអាចព្យាបាល យើងនឹងបញ្ចូនគាត់ទៅមន្ទីរពេទ្យបង្អែក»។ 
 
អ្នកស្រី ជឹង បូកណ្ណារី មានការតាំងចិត្ត បម្រើសេវាសុខភាពដល់ពលរដ្ឋ ជាពិសេសអ្នកមានពិការភាពឱ្យបានល្អ ដើម្បីភាពរីកចម្រើនក្នុងសហគមន៍ ក្នុងការការពារ និងថែរក្សាសុខភាពជូនដល់ពលរដ្ឋដោយគ្មានការរើសអើងឡើយ។ អ្នកស្រី បានលើកឡើងដូច្នេះថា៖«កាលណាប្រជាពលរដ្ឋនៅក្នុងភូមិឃុំ មានសុខភាពល្អ នោះសហគមន៍ក៏មានការរីកចម្រើន ទៅតាមនោះដែរ»៕ 
 
 
អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ៕
 
 

Tag:
 យុវជនឃុំជុំគ្រៀល
© រក្សាសិទ្ធិដោយ thmeythmey.com