ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មុខជំនួញបែបកសិ-ទេសចរណ៍ មានតិចតួច បើធៀបនឹងវិស័យអចលនទ្រព្យទាំងមូលនៅកម្ពុជា
07, Aug 2022 , 10:59 pm        
រូបភាព
លោក សីម មករា ម្ចាស់គម្រោងបំណក់អេកូផាក
លោក សីម មករា ម្ចាស់គម្រោងបំណក់អេកូផាក
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ម្ចាស់គម្រោងតំបន់បំណក់អេកូផាក លោក សីម មករា បានប្រឡូកក្នុងមុខជំនួញបែបកសិ -ទេសចរណ៍នេះជិត៥ឆ្នាំហើយ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» អតីតពលករពីប្រទេសកូរ៉េខាងត្បូងរូបនេះ ពន្យល់ថា មុខជំនួញប្រភេទនេះ បើធៀបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា មានមិនដល់១០ភាគរយទេ ព្រោះវាទាមទារទំនួលខុសត្រូវខ្ពស់ និងចំណាយពេលមើលថែទាំចម្ការច្បារដំណាំ ព្រមទាំងសត្វចិញ្ចឹមផងដែរ។
 
អតីតពលករពីប្រទេសកូរ៉េខាងត្បូង លោក សីម មករា  ប្រឹងប្រែងអភិវឌ្ឍខ្លួន និងដាក់បេះដូងប្រឡូកក្នុងមុខជំនួញបែប កសិ- ទេសចរណ៍ជិត៥ឆ្នាំហើយ។ បច្ចុប្បន្នលោកបានវិនិយោគទៅលើផ្ទៃដីជិត២០០ ហិកតាក្នុងគម្រោងតំបន់បំណក់អេកូផាក នៃខេត្តពោធិ៍សាត់។ ក្រៅពីការពុះដីឡូលក់ជូនអតិថិជន គ្រួសារដែលមានចិត្តស្រលាញ់ធម្មជាតិដូចគ្នាមួយនេះ រៀបចំការថែទាំរដាំដុះដំណាំច្រើនប្រភេទជូនអតិថិជនខ្លួន រយៈពេល២ឆ្នាំផងដែរ។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក សីម មករា ដូចតទៅ៖
 
 
តាមរយៈបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បុរសសម្បុរស្រអែមរាងខ្ពស់ស្រលះរូបនេះ ពន្យល់ថា លោក និង ភរិយា មានចិត្តស្រលាញ់នូវមុខរបរប្រភេទនេះណាស់ ព្រោះបានចូលរួមលើកកម្ពស់វិស័យកសិកម្មក្នុងស្រុក រួមមាន ដំណាំហូបផ្លែជាច្រើនប្រភេទដូចជា ក្រូចពោធិ៍សាត់ ល្មើ ចេក ខ្នុរ មៀន ។ល។ ហើយក៏ផ្គត់ផ្គត់សត្វចិញ្ចឹមដូចជា ចៀម ត្រី គោ និងកូនឈើមានតម្លៃមួយចំនួនក្នុងតំបន់បំណក់អេកូផាកផ្ទាល់តែម្តង។ 
 
ទន្ទឹមគ្នានេះ លោកក៏ចិញ្ចឹមចិត្តក្នុងការនាំចេញប្រភេទដំណាំហូបផ្លែទាំងនោះ និងសត្វចិញ្ចឹមក្នុងដៃ ទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ ប៉ុន្តែត្រូវធានាឱ្យបាននូវការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកជាមុនសិន។
 
« យើងពិបាកនឹងនាំចេញទៅទីផ្សារខាងក្រៅបានណាស់ បើតម្រូវការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមានភាពខ្វះខាតនៅឡើយ តែយើងរំពឹងថាអ្វីដែលយើងបានធ្វើនឹងចូលរួមបំពេញក្នុងកម្រិតណាមួយ»។ ម្ចាស់គម្រោងតំបន់បំណក់អេកូផាក ឆ្លៀតបញ្ជាក់បែបនេះ។

លោក សីម មករា និង ភរិយា
 
បុរសវ័យជិត៤០ឆ្នាំរូបនេះបន្ថែមថា ក្រៅពីការចូលរួមលើកកម្ពស់ផ្នែកចំណីអាហារ ដែលទាញចេញពីអាជីវកម្មរបស់ខ្លួនក្នុងតំបន់នោះ លោក និង ភរិយា បានបណ្តុះ និង ផ្គត់ផ្គង់កូនក្រញូងហៃណាន ដែលនាំពូជចូលពីប្រទេសចិន សម្រាប់បំពេញតម្រូវការដាំដុះក្នុងគម្រោងរបស់ខ្លួនផ្ទាល់តែម្តង។ លើសពីនេះវាក៏ផ្តល់នូវភាពស្រស់ស្រាយ អាចឱ្យអ្នកទេសចរកម្សាន្តអារម្មណ៍ជាមួយធម្មជាតិផងដែរ។
 
លោក សីម មករា សង្កត់ធ្ងន់ថា បច្ចុប្បន្នអ្នកដែលប្រកបរបរដូចលោក មានប្រហែល១០ភាគរយប៉ុណ្ណោះ បើធៀបនឹងវិស័យអចលនទ្រព្យទាំងមូលនៅកម្ពុជា ព្រោះវាទាមទារចិត្តស្រលាញ់មិនបោះបង់ អំណត់ធ្មត់ ព្រមទាំងទំនួលខុសត្រូវខ្ពស់លើការថែទាំចម្ការច្បារដំណាំ និង សត្វចិញ្ចឹមទាំងនោះសឹងតែរាល់ថ្ងៃ។ 
« វាលំបាកមែនទែន ព្រោះដោយសារបើយើងធ្វើតែដីឡូ ធ្វើផ្ទះល្វែង មានន័យថា បើយើងសាងសង់ចប់គឺចប់ហើយ។  វាមិនមានការទទួលខុសត្រូវច្រើនទេ តែអ្វីដែលលំបាក គឺការទទួលខុសត្រូវក្នុងការថែទាំរយៈពេលវែង របស់ធ្វើហើយងាប់ យើងត្រូវដាំដុះ ជួសជុលឡើងវិញ»។ នេះជាសម្តី លោក មករា ផ្ទាល់។

លោកសីម មករា ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ
 
បើយោងតាមលោក មករា មុននឹងឈានដល់ការវិនិយោគលើដីជិត២០០ហិកតា ក្នុងតំបន់បំណក់អេកូផាកនេះ លោកផ្ទាល់បានសាកល្បងប្រឡូកលើការដាំដុះ និង ចិញ្ចឹមសត្វ លើដីមួយហិកតា ដោយទទួលបានលទ្ធផលជាទីគាប់រួចទៅហើយ។ 
 
«គោលបំណងយើងចង់ឱ្យបានជាលទ្ធផលចូលក្នុងទីផ្សារ បើយើងធ្វើឱ្យតែល្អមើលទេ វាបានតែប៉ុណ្ណឹង! ហើយបើយើងចង់បានចម្ការ ១០០ហិកតា ត្រូវចាប់ផ្តើមពី១ហិកតា បន្តិចម្តងៗ ទាំងពេលវេលាថែទាំ ព្រោះមានគម្រោងមួយចំនួនបរាជ័យទៅវិញ  ព្រោះចាប់ផ្តើមបើកភា្លមចង់បានធំ គម្រោងយក្សតែម្តង តែមិនមែនយក្សមកធ្វើឯណា មនុស្សយើងតើ។ បើមិនធ្លាប់ប្រឡូកទេ មិនអាចមើលស្រាលបានឡើយ»។ ម្ចាស់គម្រាងតំបន់បំណក់អេកូផាក លោក សីម មករា  ឆ្លៀតបន្ថែមសំនួនបែបនេះ៕
 

Tag:
 SME
  វិស័យ កសិ- ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com