ជាតិ
យុវជនសកម្ម សេវាល្អ
ពលរដ្ឋឃុំជុំគ្រៀល សប្បាយចិត្តក្រោយអាជ្ញាធរជួសជុលផ្លូវ ងាយស្រួលធ្វើដំណើរជាងមុន
08, Aug 2022 , 7:59 am        
រូបភាព
ដោយ៖ ង៉ែត ស្រីកា & រិន វិន
 
កំពត៖ ពលរដ្ឋនៅឃុំជុំគ្រៀល ជាពិសេសសិស្សានុសិស្ស ថាការធ្វើដំណើរតាមផ្លូវនៅឃុំជុំគ្រៀល មានភាពងាយស្រួលជាងមុន  និងអស់ក្តីបារម្ភពីបញ្ហាគ្រោះថ្នាក់ ក្រោយអាជ្ញាធរឃុំ បានជួសជុលផ្លូវ និងចាក់បំពេញផ្លូវដែលខូច នៅក្នុងឃុំ។ ពលរដ្ឋទាំងនោះ សប្បាយចិត្ត ដែលអាជ្ញាធរ បានយកចិត្តទុកដាក់ខិតខំដោះស្រាយបញ្ហាផ្លូវខូត ឱ្យពលរដ្ឋងាយស្រួលធ្វើដំណើរជាងមុន។
 
នៅឆ្នាំ២០២២ អាជ្ញាធរឃុំជុំគ្រៀល បានបញ្ចប់ការសាងសង់ផ្លូវបេតុងនៅចំណុចភូមិត្រពាំងធំ ចំនួន៥៧៥ម៉ែត្រ និងបានចាក់ដីបំពេញផ្លូវដែលខូចខាត នៅភូមិជុំគ្រៀលផងដែរ។ យុវតី ម៉ៅ រ៉ាមី ជាសិស្សថ្នាក់ទី៩ ហើយក៏ជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងឃុំជុំគ្រៀលបានលើកឡើងពីស្ថានភាពផ្លូវនៅក្នុងឃុំរបស់ខ្លួនថាមានភាពល្អប្រសើរ ហើយងាយស្រួលក្នុងការធ្វើដំណើរ មិនបង្កគ្រោះថ្នាក់ដូចមុនឡើយ។ 
 

ផ្លូវបេតុងនៅឃុំត្រពាំងធំ ឃុំជុំគ្រៀល ដែលទើបបញ្ចប់ការសាងសង់។ 
 
យុវតី ម៉ៅ រ៉ាមី តែងប្រើប្រាស់ផ្លូវនៅក្នុងឃុំធ្វើដំណើរទៅសាលារៀនជារៀងរាល់ថ្ងៃ។ រ៉ាមី បានរំឭកថា កាលពីឆ្នាំមុន ផ្លូវធ្វើដំណើរកន្លែងខ្លះនៅក្នុងឃុំ មានជង្ហុកធំៗ ហើយផ្លូវតូចចង្អៀតដែលងាយបង្កឱ្យមានគ្រោះថ្នាក់ ជាពិសេសនៅរដូវវស្សា ផ្លូវរអិលនិងលិចទឹក។ បើតាម រ៉ាមី មកដល់ពេលនេះ អាជ្ញាធរបានជួសជុល និងពង្រីកផ្លូវទូលាយជាងមុន ដែលផ្ដល់ភាព ងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ។ 
 
យុវតី ម៉ៅ រ៉ាមី «ការជួសជុលផ្លូវនេះ ផ្តល់ផលប្រយោជន៍ជាច្រើនដល់ខ្ញុំនិងសហគមន៍។ ប្រជាជនងាយស្រួលធ្វើដំណើរពេលទៅណាមកណា ជាពិសេសចំពោះខ្ញុំផ្ទាល់និងសិស្សានុសិស្សនៅពេលចេញពីរៀននៅពេលយប់»។


យុវតី ម៉ៅ រ៉ាមី ពលរដ្ឋនៅឃុំជុំគ្រៀល ។ 
 
មិនខុសពី យុវតី ម៉ៅ រ៉ាមី កញ្ញា ញ៉ែត សាន់នី ជាគ្រូបង្រៀនម្នាក់និងជាអ្នករស់នៅឃុំជុំគ្រៀល ក៏សាទរចំពោះការជួសជុលផ្លូវរបស់អាជ្ញាធរនៅក្នុងឃុំ ដែលបានភាពងាយស្រួលដល់ពលរដ្ឋធ្វើដំណើរ។ កញ្ញា ញ៉ែត សាន់នី  សង្កេតឃើញថា ឆ្នាំនេះ ស្ថានភាពផ្លូវមានភាពល្អ ប្រសើរជាងឆ្នាំមុនៗច្រើន ក្រោយអាជ្ញាធរបានជួសជុលរួចរាល់។ «ខ្ញុំគិតថា ពេលផ្លូវស្អាត មានសុវតិ្ថភាព នៅពេលធ្វើដំណើរ ជាពិសេសពេលយប់ ដោយគ្មានការភ័យខ្លាចដូចមុនដែរ»។ 


កញ្ញា ញ៉ែត សានី គ្រូបង្រៀន និងពលរដ្ឋនៅឃុំជុំគ្រៀល។ 
 
ជាមួយគ្នានេះ លោក សែ ហៃ មេឃុំជុំគ្រៀល បានឱ្យដឹងថា ក្រោយសាងសង់ផ្លូវបេតង់នៅក្នុងឃុំរួចរាល់  ខាងសាលាឃុំក៏ មានគម្រោងជួសជុល និងសាងសង់ផ្លូវ ទៅ ទៅតាមភូមិនីមួយៗតាមជំហានបន្តបន្ទាប់។ លោកមេឃុំ ទទួលស្គាល់ថា នៅមានផ្លូវមួយចំនួន នូវមានរងខូចខាតពិសេសក្នុងពេលរដូវវស្សា។  ទោះជាយ៉ាងមេឃុំរូបនេះ បានបេ្តជ្ញាថានឹងជួសជុលផ្លូវ ដែលខូចខាតជូនប្រជាពលរដ្ឋនៅក្នុងឃុំជុំគ្រៀលឱ្យបានទាន់លឿន៕ 
 
អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។


ផ្លូវក្រូសក្រហមស្ថិតនៅឃុំជុំគ្រៀល។ 



កញ្ញា ណែម សុជាតា ពលរដ្ឋរស់នៅឃុំជុំគ្រៀល។

Tag:
 យុវជនឃុំជុំគ្រៀល
© រក្សាសិទ្ធិដោយ thmeythmey.com