ជាតិ
សេដ្ឋកិច្ច
កម្ពុជានឹងបាន៧០ភាគរយនៃ​តម្លៃប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដែលបាត់កន្លងមក
09, Aug 2022 , 8:59 pm        
រូបភាព
លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល  ជាមួយនឹងស្ថានណីយ៍បូមប្រេងឆៅនៅប្លុកA ដែលប្រតិបត្តិការដោយក្រុមហ៊ុន KrisEnergy កន្លងមក។
លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ជាមួយនឹងស្ថានណីយ៍បូមប្រេងឆៅនៅប្លុកA ដែលប្រតិបត្តិការដោយក្រុមហ៊ុន KrisEnergy កន្លងមក។
ការចរចាទាមទារយកប្រេងឆៅប្រមាណ៣០ម៉ឺនបារ៉ែលរបស់កម្ពុជាមកវិញ គឺជិតឈានដល់ការបញ្ចប់ហើយ​។  លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល រំពឹងថា កម្ពុជា​នឹងអាចចុះកិច្ចព្រមព្រៀងលើសំណុំរឿងប្រេងឆៅនេះ ជាមួយភាគីម្ចាស់កប៉ាល់ MT Strovolos និងជាម្ចាស់បំណុលរបស់ក្រុមហ៊ុន KrisEnergy នៅដំណាច់ខែកញ្ញា។ លោក អះអាង​ថា កម្ពុជានឹងបានប្រយោជន៍៧០ភាគរយនៃតម្លៃប្រេងឆៅសរុបទាំងជិត៣០ម៉ឺនបារ៉ែលនេះ។​
 
លទ្ធផលនៃការចរចារបស់ក្រសួងរ៉ែ និងថាមពល ក្នុងការទាមទារយកប្រេងឆៅកម្ពុជាចំនួន ២៩០ ២៥៤បារ៉ែល ពីម្ចាស់កប៉ាល់ MT Strovolos  វិញ នឹងឈានដល់ការបញ្ចប់នៅដំណាច់ខែកញ្ញា ឆ្នាំ២០២២ ។ នេះជាការលើកឡើងរបស់លោក ម៉េង សក្តិធារ៉ា ដោយបញ្ជាក់ថា លទ្ធភាពនេះក្រសួងនឹងសុំការសម្រេចពីសម្តេច ហ៊ុន សែន ដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ប្រេងឆៅក្នុងកប៉ាល់ទាំងជិត៣០ម៉ឺននោះ។
 
ក្នុងសន្និសីទកាសែតស្តីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩សីហា ម៉េង សក្តិធារ៉ា បានថ្លែងដូច្នេះ៖« លទ្ធផលនៃការចរចានេះ យើងនឹងរាយការណ៍ជូនសម្តេចហ៊ុន សែន ដើម្បីស្នើសុំការឯកភាព។ ប៉ុន្តែយើងទាមទារបានជារួម គឺ៧០ភាគរយនៃប្រេងទាំងអស់, ២៦ភាគរយសម្រាប់ទូទាត់ទៅឲ្យថ្លៃកប៉ាល់ និង៤ភាគរយសម្រាប់ម្ចាស់បំណុលក្រុមហ៊ុន KrisEnergy ដែលក្ស័យធនទៅហើយនោះ»។ 
 
បើតាមលោករដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លទ្ធផលនេះ ​គឺកម្ពុជាទទួលបានផលប្រយោជន៍ច្រើន ដោយបន្ថែមពីលើ៧០ភាគរយនៃតម្លៃប្រេងសរុបហើយនោះ កម្ពុ​ជាក៏រឹបអូសប្រាក់តម្កល់ចំនួន៥លានដុល្លារ រួមទាំងសម្ភារនិងឧបករណ៍នានា សម្រាប់បូមប្រេងរបស់ក្រុមហ៊ុន  KrisEnergy ដែលតម្លៃជាង១៤ដុល្លារ ថែមទៀតផងដែរ។​ 
 
លោកបានបន្ថែមថា ៖ «យើងត្រូវការពេលវេលាបន្ថែម ដើម្បីធ្វើកិច្ចព្រមព្រៀងលម្អិតចុងក្រោយ បើអត់មានបញ្ហាអីកើតឡើងទៀត យើងរំពឹងថានឹងអាចលក់ប្រេង ដើម្បីយកផលចូលថវិកាជាតិរបស់យើង នៅដំណាច់ខែកញ្ញាខាងមុខនេះ»។
 
ដោយឡែក ជុំវិញនៃតំបន់បូមប្រេងនៅប្លុកអេ(អប្សរា)របស់កម្ពុជា នាពេលបច្ចុប្បន្ន គឺមានក្រុមហ៊ុន Enercam Resource Co. ltd មកពីប្រទេសកាណាដា កំពុងសិក្សានូវលទ្ធភាពក្នុងការវិនិយោគលើវិស័យបូមប្រេងនៅប្លុកនេះ បន្តពីក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរី ដែលបានប្រកាសក្ស័យធនកន្លងមក។ លោក ម៉េង សក្តិធារ៉ា បានបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងធ្វើប្រតិបត្តិការបូមប្រេងពីប្លុកអេ នាពេលឆាប់ៗ ផងដែរ។ 
 
សូមរំឭកថា ប្រេងឆៅរបស់កម្ពុជាជិត៣០ម៉ឺនបារ៉ែលនេះ ត្រូវបានក្រុមហ៊ុនMT Strolovos លួចដឹកចេញពីដែនទឹកកម្ពុជា កាលពីយប់ថ្ងៃទី៤មិថុនា ឆ្នាំ២០២១។​ ការលួចដឹកប្រេងរបស់កម្ពុជានេះ​ ភាគីក្រុមហ៊ុននាវាដឹកប្រេង បានអះអាងថា ដោយសារតែKrisEnergy ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិបូមប្រេងក្នុងប្លុកA របស់កម្ពុជា មិនបានបង់ប្រាក់មកឱ្យខ្លួន ក្រោយក្រុមហ៊ុននេះប្រកាសក្ស័យធន់៕ 
 

Tag:
 ប្រេងឆៅ
© រក្សាសិទ្ធិដោយ thmeythmey.com