ជាតិ
សេដ្ឋកិច្ច
អាម៉េរិក បន្តលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា ហើយកំពុងដំណើរការផ្ដល់GSPវិញ
11, Aug 2022 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ ៖ ធន់ សេងហុង 
 
កម្ពុជា និងអាម៉េរិក បន្តចែករំលែកបច្ចុប្បន្នភាពព័ត៌មានជាមួយគ្នាទៅវិញទៅមក ទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិនានា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ។ បន្ថែមពីនេះ អាម៉េរិកកំពុងដំណើរការនីតិវិធីផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជាវិញ។

 
តំណាងពាណិជ្ជកម្មអាម៉េរិក (USTR) លោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានជួបពិភាក្សាការងារជាមួយលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងប្រមូលបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា កាលពីថ្ងៃទី ១០សីហា ។ 
 
លោក បួន សារៈមុនី បានឱ្យដឹងថា កម្ពុជាកំពុងប្រឹងប្រែងឥតឈប់ឈរ ដើម្បីឱ្យបរិយាកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា កាន់តែមានភាពទាក់ទាញ និងអំណោយផលដល់វិនិយោគិនអន្តរជាតិនានា។
 
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ បានលើកឡើងពីវឌ្ឍនភាព ក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ដែលកំពុងមានសន្ទុះខ្លាំងក្លា រួមមានបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងបច្ចេកវិទ្យានៃការទូទាត់ឆ្លងប្រទេស ដោយប្រើ QR Code ជាដើម ដែល បានរួមចំណែកបង្កបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ។


 លោកស្រី Wallis Yu តំណាងពាណិជ្ជកម្មអាម៉េរិក (USTR) និងជានាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ។ រូបពី MOC ។

លោកស្រី Wallis Yu បានស្នើសុំឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដល់តំណាងពាណិជ្ជកម្មអាម៉េរិក (USTR ) ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគធំៗ ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta (Facebook) ជាដើម។
 
អាម៉េរិកកំពុងដំណើរការនីតិវិធីវាយតម្លៃលក្ខខណ្ឌនានា ដើម្បីសម្រេចថា នឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់ប្រទេសទទួលបានអត្ថប្រយោជន៍នេះ រួមទាំងកម្ពុជាផងដែរ។ នេះបើតាមលោកស្រី Wallis Yu ។
រូបទី១ Insert
 
កាលពីថ្ងៃទី ១៣ ខែកក្កដាកន្លងមក លោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានលើកឡើងថា ការអនុគ្រោះពន្ធ GSP សម្រាប់កម្ពុជា គឺនៅតែស្ថិតក្រោមការត្រួតពិនិត្យ ដោយសមាជិកសភាសហរដ្ឋអាម៉េរិក។ 
លោកបញ្ជាក់យ៉ាងដូច្នេះ ៖ «ខ្ញុំ​សូមសង្កត់​ធ្ងន់​ទៅ​កាន់​មិត្ត​កម្ពុជាថា ការអនុគ្រោះពន្ធ GSP សម្រាប់កម្ពុជាគឺនៅតែស្ថិតក្រោមការត្រួតពិនិត្យដោយសភាសហរដ្ឋអាម៉េរិក។ យើងនឹងបន្តរំលឹកនៅក្នុងការប្រជុំពិសេសជាបន្តបន្ទាប់»។
 
សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអាម៉េរិក សម្រេចបានក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៤,៨១ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ២០២២​។ ទំហំនេះ បានកើនឡើងខ្ពស់ក្នុងអត្រាជិត ៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណ ៣,១៧ពាន់លានដុល្លារ។ នេះបើតាមទិន្ន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕
 

Tag:
 អាម៉េរិក ទំហំពាណិជ្ជកម្ម វិនិយោគ GSP
© រក្សាសិទ្ធិដោយ thmeythmey.com