កីឡាជាតិ
ជាតិ
អគ្គលេខាធិការកាយសម្ព័ន្ធកម្ពុជា ដាក់គោលដៅយកមេដាយក្នុងការប្រកួត ដោយមិនយកបទពិសោធទេ 12, Aug 2022 , 7:59 am
ការសម្តែងជាក្រុមរបស់អត្តពលិកកីឡាកាយសម្ព័នកម្ពុជា នាស៊ីហ្គេមលើកទី៣១ នៅវៀតណាម។
×
ដោយ៖ហៀក ឆក
លោក ណយ ផាន់ណា អគ្គលេខាធិការកីឡាកាយសម្ព័ន្ធកម្ពុជា ដាក់គោលដៅយកមេដាយ ពីព្រឹត្តិការណ៍ប្រកួតជើងឯកកាយសម្ព័ន្ធអាស៊ីលើកទី៧ (7TH AEROBIC GYMNASTICS ASIAN CHAMPIONSHIPS) ដែលចាប់ផ្តើមពីថ្ងៃទី៣ ដល់ទី៥ ខែកញ្ញា នាខេត្តPathaya ប្រទេសថៃ។
ក្នុងដំណើរបេសកកម្មនេះ លោក ណយ ផាន់ណា បា្រប់សារព័ត៌មានថ្មីៗថា លោកបានកំណត់គោលដៅជាក់ច្បាស់ហើយក្នុងការប្រជែងយកលទ្ធផលល្អសម្រាប់កម្ពុជា ដើម្បីឈានទៅត្រៀមលក្ខណៈប្រកួតនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ខាងមុខ ។
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ថា ៖ «លើកទី៧នេះយើងក៏មានផែនការជាក់ច្បាស់នឹងចេញទៅប្រកួតនេះមិនមែនទៅដើម្បីយកបទពិសោធនោះទេគឺយើងចេញទៅដើម្បីស្វែងរកលទ្ធផលនៅក្នុងចំណោមមេដាយ៣ មានមាស ប្រាក់ និងសំរឹទ្ធនោះ យើងត្រូវតែស្វែងរកមេដាយណាមួយ»។
កីឡាករ ជឿន ចាន់បូរី សម្តែងវិញ្ញាសា AEROBIC GYMNASTICS កាលស៊ីហ្គេមលើកទី៣១ នៅវៀតណាម
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នឹងបញ្ជូនប្រតិភូគ្រូបង្វឹក-គ្រូជំនួយ កីឡាករ-កីឡាការិនី ១៨នាក់ចេញទៅចូលរួមប្រកួតនាទឹកដីថៃ ក្នុងនោះមានចៅក្រមអន្តរជាតិ ២នាក់ គ្រូបង្វឹក គ្រូជំនួយ៣នាក់ កីឡាករ៥នាក់ និងកីឡាការិនី៨នាក់។ នេះជាលើកទី៤ សម្រាប់កីឡាកាយសម្ព័ន្ធកម្ពុជា ដែលបានចូលរួមព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីនេះ ដោយលើកទី១ នាឆ្នាំ២០០៩ នៅថៃយកបានមេដាយសំរឹទ្ធ១ ,លើកទី២ឆ្នាំ២០១០ នៅវៀតណាមយកបាន ប្រាក់១ និងសំរឹទ្ធ១ និងឆ្នាំ២០១៥នៅវៀតណាមដដែល យកបានមេដាយសំរឹទ្ធ១ ផងដែរ៕
Tag:
កីឡាកាយសម្ព័ន្ធ
ណយ ផាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com