កីឡាជាតិ
ជាតិ
CAMSOC គ្រោងដាក់វិញ្ញសា ជាង ៥០០ សម្រាប់ការប្រកួតស៊ីហ្គេម ២០២៣
12, Aug 2022 , 3:59 pm        
រូបភាព
កិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យការងាររបស់សហព័ន្ធកីឡាជាតិ។ រូបពី Cambodia2023
កិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យការងាររបស់សហព័ន្ធកីឡាជាតិ។ រូបពី Cambodia2023
ដោយ៖ហៀក ឆក

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម២០២៣(CAMSOC)  គ្រោងដាក់វិញ្ញសា ជាង ៥០០ សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ២០២៣។ CAMSOC បានប្រជុំពិភាក្សា ត្រួតពិនិត្យការងាររបស់សហព័ន្ធកីឡាជាតិ និងផ្នែកពាក់ព័ន្ធ ដើម្បីសម្រេចលើវិញ្ញាសា ក្នុងការដាក់បញ្ចូលទៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
 
កីឡា ៣៩ប្រភេទ រួមទាំងកីឡាសម្ដែង ១ប្រភេទដែរ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ហើយ កាលពីខែកក្កដា ឆ្នាំ២០២២ ។ បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC វិញ្ញាសានៃប្រភេទកីឡាទាំងនេះ នឹងត្រូវសម្រេចជាផ្លូវការ នាសប្ដាហ៍ក្រោយនៅប្រទេសថៃ។
 
អគ្គលេខាធិការ CAMSOCរូបនេះ បានលើកឡើងថា៖« យើងបានប្រជុំថ្ងៃនេះគឺកំណត់វិញ្ញាសា ដែលត្រូវដាក់ចូលក្នុងការប្រកួតប្រភេទកីឡានីមួយៗ ដែលត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានសម្រេចរួចហើយ។ អ៊ីចឹងអ្វីដែលយើងទទួលបាននូវធាតុចូលសំខាន់ៗពីគ្រប់ប្រភេទកីឡាទាំងអស់ ដោយដាក់វិញ្ញាសារបស់ខ្លួន គឺដើម្បីសប្ដាហ៍ក្រោយនេះ (ថ្ងៃច័ន្ទ អង្គារ៍ ពុធ) គឺជាថ្ងៃដែលប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅឯទីក្រុងបាងកក»។ 
  

កិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យការងាររបស់សហព័ន្ធកីឡាជាតិ នាទីស្នាក់ការកណ្តាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។  រូបពី Cambodia2023

លោក បន្តថា៖ «យើងនឹងបង្ហាញគេអំពីប្រភេទវិញ្ញាសា ដែលយើងត្រូវបានសម្រេចដាក់នៅក្នុងស៊ីហ្គេម។ អ៊ីចឹងបើយើងបូកទៅគឺជាង ៥០០វិញ្ញាសាស្មើនឹងជាង ៥០០មេដាយដែលយើងត្រូវរៀបចំនៅស៊ីហ្គេម ២០២៣»។
 
កីឡាករ-កីឡាការិនី គឺជាតួឯកនៅក្នុងស៊ីហ្គេម២០២៣ ។ ដូច្នេះសហព័ន្ធត្រូវយកចិត្តទុកដាក់មើលការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិ ជំរុញផ្នែកចិត្តសាស្ត្រ កម្លាំងកាយ និងបច្ចេកទេសឲ្យបានស្របគ្នា។ នេះបើតាមលោកអគ្គលេខាធិការ៕
 

Tag:
 ស៊ីហ្គេម
 វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com