អត្ថបទពាណិជ្ជកម្ម
Smart Axiata សហការ​ជាមួយអង្គការ CRST ផ្តល់​ការ​បណ្តុះបណ្តាល​អំពី​សារសំខាន់​​នៃការ​កាត់បន្ថយ​​ប្លាស្ទិក
12, Aug 2022 , 5:36 pm        
រូបភាព
 ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២៖ ក្រុមហ៊ុន Smart Axiata បាន​ធ្វើ​​​​ដំណើរ​​​ទៅកាន់​ខេត្ត​សៀមរាប​សម្រាប់​សកម្មភាព​​​​អប់រំ​​បរិស្ថាន​​​រួម​ជា​​មួយ​អង្គការជឿ​ជាក់​លើ​សិស្ស​ជនបទ​កម្ពុជា (CRST) ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​បដិសេធ​ប្រើប្រាស់​ ការ​កាត់បន្ថយ ការ​ប្រើប្រាស់​ឡើងវិញ និង​ការ​កែច្នៃ​សំរា​ម​ប្លាស្ទិក។
 
គំនិត​ផ្តួចផ្តើម​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​​​គម្រោង  អ (Project R) ដែល​មាន​គោលបំណង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​​ប្លាស្ទិកដែលប្រើប្រាស់​បាន​​តែម្តងនៅ​ក្នុង​និង​ជុំវិញ​ខេត្ត​សៀមរាប តាម​រយៈ​ការ​អប់រំ ការធ្វើ​សកម្មភាព និង​ការ​បំផុស​គំនិត។ ក្រុមការងារ​របស់​​ក្រុមហ៊ុន Smart Axiata ដែល​មាន​សមាជិក​ចំនួន ​២៥​នាក់​បាន​​ធ្វើដំណើរ​​ទៅ​កាន់​​ខេត្ត​សៀមរាប ដើម្បី​ធ្វើ​ការ​បណ្តុះ​បណ្តាល​ស្តីពី​សារៈ​សំខាន់​នៃ​​ការ​​បដិសេធ​​​ប្រើប្រាស់​ ការ​កាត់បន្ថយ ការ​ប្រើប្រាស់​ឡើង​វិញ និង​ការ​កែច្នៃ​សំរាម​ប្លាស្ទិក​។


 
ជាផ្នែក​នៃ​ការ​ធ្វើ​ដំណើរ​​នេះ សមាជិកក្រុម​ការងារ​របស់​ក្រុមហ៊ុន Smart Axiata បាន​ធ្វើ​​​ទស្សនកិច្ចសិក្សា​មួយ​ទៅ​កាន់ភូមិព្រះដាក់​ដែលជា​ភូមិ​គំរូ​នៅ​​ក្នុង​ស្រុក​បន្ទាយស្រី។ អាជ្ញាធរថ្នាក់មូលដ្ឋាន​​បាន​ពន្យល់​បង្ហាញ​​អំពី​គំរូ​អភិវឌ្ឍន៍​ ការគ្រប់គ្រង​បរិស្ថាន និង​ការ​ចូល​​រួម​របស់​សហគមន៍​នៅ​​​​ស្រុក​​បន្ទាយស្រី ។
 
ក្រុម​ការងារ​របស់​​ក្រុមហ៊ុន Smart Axiata ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ការិយាល័យ​របស់​អង្គការ CRST ផងដែរ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​គម្រោង​អប់រំប្លាស្ទិក ដែលជាផ្នែក​មួយ​នៃគំនិតផ្តួចផ្តើម​របស់​គម្រោង អ។ នៅថ្ងៃបន្ទាប់ ត្រូវនឹងថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ២០២២ ក្រុម​ការងារ​ដែលមាន​សមាជិក​ចំនួន ២៥នាក់​មក​ពី​ក្រុមហ៊ុន Smart Axiata បាន​ទៅ​ទស្សនកិច្ច​​នៅ​វិទ្យាល័យ​កៀន​សង្កែ និង​​បាន​ចូលរួម​ជា​មួយ​អ្នក​តំណាង​របស់អង្គការ CRST ក្នុង​ការ​បង្រៀន​សិស្ស​អំពី​របៀប​កាត់​បន្ថយ​ និង​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​ និង​កាក​សំណល់​​​​ប្លាស្ទិករបស់​ពួកគេ។
 


ក្នុង​ដំណើរ​ទស្សនកិច្ច​​អប់រំអំពី​បរិស្ថាន​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ ក្រុមហ៊ុន Smart Axiata បាន​បរិច្ចាគមួក ថង់យួរ ដប​​ទឹក និង​សម្ភារ​សិក្សា​ដល់​សិស្សានុ​សិស្ស ដើម្បី​ជួយ​ដល់​ការ​សិក្សា និង​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​ពួកគេ​ក្នុង​ការ​រស់​នៅ​ប្រកប​ដោយ​និរន្តរភាព។ លើស​ពី​នេះ ក្រុម​ការងារ​របស់​ក្រុមហ៊ុន Smart Axiata ក៏​បាន​ដាំ និងផ្តល់​ជូន​​​ដើម​ឈើ​សរុប​ចំនួន ១០០ដើម​​​នៅ​វិទ្យាល័យកៀន​សង្កែផងដែរ។
 
កញ្ញា មី ម៉ាប់ អ្នកគ្រប់គ្រង​ទូទៅ​របស់​គម្រោង អ របស់អង្គការ CRST បាន​​មាន​ប្រសាសន៍​ថា «យើង​មាន​​កិត្តិយស​ណាស់​ដែល​អាច​បង្រៀន​យុវជនកម្ពុជា​អំពី​សារៈ​សំខាន់​នៃ​ការ​កាត់​បន្ថយ​បរិមាណ​ប្លាស្ទិក​​​ប្រើ​ប្រាស់​បាន​តែ​ម្តង​​នៅ​ក្នុងប្រទេសកម្ពុជា​។ យើង​ក៏សូមកោតសរសើរយ៉ាងខ្លាំង​ផងដែរដល់​​ក្រុមហ៊ុន Smart Axiata ដែល​បាន​ធ្វើ​ការងារ​ជា​មួយ​ក្រុមការងារយើង និង​ជួយ​យើង​ក្នុង​ការ​ផ្តល់​​ឧបករណ៍ និង​សម្ភារ​​​ចាំបាច់ ដើម្បី​ជួយ​ជំរុញ​គំនិត​ផ្តួចផ្តើម​នេះ​ឱ្យ​ទៅ​មុខ»។
 
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖  «យើង​មាន​មោទនភាព​ដែល​បាន​សហការ​គ្នា​ជា​មួយអង្គការ CRST ព្រោះថា​ ការ​លើក​កម្ពស់​ និង​ការ​រក្សា​និរន្តរភាព​បរិស្ថាន​បៃតង​តែងតែ​ជា​អាទិភាព​ចម្បង​សម្រាប់​យើង​នៅ​ក្រុមហ៊ុន Smart Axiata ហើយ​យើង​​ក៏មាន​ចំណាប់​អារម្មណ៍ខ្ពស់ក្នុងការសិក្សាអំពី​​​គំរូអភិវឌ្ឍន៍​ភូមិ​ពីអាជ្ញាធរថ្នាក់មូលដ្ឋាន​​ស្រុក​បន្ទាយស្រី​ផងដែរ ដើម្បី​​ស្វែង​យល់​ពី​អ្វី​ដែល​ភាគី​ពាក់​ព័ន្ធ​កំពុង​ធ្វើ​នៅ​ថ្នាក់​មូលដ្ឋាន»។​
 

លោក ឃឹម ហ្វីណង់ អភិបាលស្រុក​​បន្ទាយស្រី​បានមានប្រសាសន៍ថា៖ «យើង​សូម​​អរគុណ និង​មាន​កិត្តិយស​ណាស់ដែ​ល​​​ក្រុមហ៊ុន Smart Axiata បានរៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​​មក​កាន់​ស្រុក​របស់​យើង និង​ចូល​រួម​ចំណែក​ជា​វិជ្ជមាន​ដល់ការគ្រប់គ្រង​បរិស្ថាន និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ យើង​ក៏​សង្ឃឹម​ផង​ដែរ​ថា​ ក្រុមហ៊ុន Smart Axiata នឹងយក​ដំណើរ​ទស្សន​កិច្ចសិក្សា​នេះ​ធ្វើ​ជា​​បទពិសោធ​សិក្សា​មួយ​​​ដែល​យើង​អាច​សម្លឹង​ឆ្ពោះទៅ​មុខ​ទៅ​រក​​បរិស្ថាន​កាន់​តែ​​ស្អាត​ និងអនាគត​កាន់តែ​ភ្លឺ​ថ្លា​​សម្រាប់​ប្រទេស​កម្ពុជា​មួយ​ជំហាន​ម្តងៗ»។
 
ដោយ​បានផ្តល់​ការ​​អប់រំ​សិស្ស​ជាង ១៥ ០០០​នាក់​នៅ​ឆ្នាំ២០២១ និង២០២២ មកពី​សាលារៀន​ចំនួន​៣១ ​នៅ​​ទី​​ជនបទ​ក្នុង​ខេត្ត​សៀមរាប​ជាមួយ​នឹង​គ្រូ​​ចំនួន ៦៤នាក់ អង្គការ CRST ​រំពឹង​ថា​នឹង​អប់រំ​សិស្ស​ចំនួន ១២ ០០០​នាក់​បន្ថែម​ទៀត​នៅ​ឆ្នាំ២០២៣។ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​នេះ ភាគី​​ពាក់​ព័ន្ធ​នានា​ក៏​មាន​បំណង​បំពាក់​ធុង​សំរាម​​​​ចំនួន ១០០ធុង​​ផងដែរ​នៅ​សាលារៀន​និងសាកល​វិទ្យាល័យ​​​ចំនួនជាង​៥០ និង​ផ្តល់​ឱ្យ​សិស្ស​​ចំនួន ៤០ ០០០​នាក់​នូវដប​​ទឹក​ផឹក​​ដែល​អាច​ប្រើ​ឡើង​វិញ​បាន និងថង់​យួរ​ធ្វើ​ពី​កប្បាស​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន​​ចំនួន ១៥ ០០០​ថង់។
 
គិត​ត្រឹម​ពេល​នេះ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ក្រុមហ៊ុន Smart Axiata អង្គការ CRST បាន​ផលិត​ថង់យួរ​បាន​ចំនួន ១០ ០០០ថង់​ ហើយ​បាន​និង​កំពុង​ធ្វើ​ការ​ផលិត​ដប​​ទឹក​ចំនួន ១០ ០០០​ ព្រម​ទាំង​ដំឡើង​​ម៉ាស៊ីន​ចម្រោះ​ទឹក​​ស្អាត​ចំនួន២ ក្នុង​កិច្ចខិតខំ​ប្រឹង​ប្រែង​រួមគ្នា​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​​ដែល​ប្រើប្រាស់​បាន​តែម្តង។


 
កាល​ពី​ដើម​ឆ្នាំនេះ ក្រុមហ៊ុន Smart Axiata គឺជា​អ្នក​ឧបត្ថម្ភធំ​មួយ​ដល់​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី (Earth Hour) នៅកម្ពុជា​ដោយ​ធ្វើការងារ​រួមគ្នា​ជាមួយ​​ក្រសួង​និង​ស្ថាប័ននានា​របស់​​រាជ​រដ្ឋាភិបាល​កម្ពុជា សហគមន៍​មូលដ្ឋាន យុវជន ស្ថាប័ន​សាធារណៈ​និងឯកជន អង្គការ​មិន​មែន​រដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​បង្ហាញ​​​សកម្មភាព​របស់​ពួកគេ​ឆ្ពោះ​ទៅ​រក អនាគត​ដែលកាន់តែ​មាននិរន្តរភាព​ និងភាពប្រសើរ​​សម្រាប់​ទាំង​អស់​គ្នា។ លើស​ពី​នេះ ក្រុមហ៊ុន Smart Axiata ក៏​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អាកាសធាតុ​​បន្ទាន់ តាម​រយៈ​ការ​​ពិនិត្យតាម​ដាន និង​ការ​គ្រប់គ្រងបរិមាណ​​កាបូន​ឌីអុកស៊ីត​របស់​ក្រុមហ៊ុន​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​​ប្រឹង​​ប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើក​កម្ពស់​និរន្តរភាពផងដែរ។
 
សម្រាប់​​ព័ត៌មាន​​បន្ថែមអំពី​​កិច្ច​ប្រឹង​ប្រែង​ទាក់ទង​នឹង​បរិស្ថាន​​​របស់​​​ក្រុមហ៊ុន Smart Axiata សូម​តាមដាន​​ទំព័រ​​ហ្វេសប៊ុក Smart​ for Cambodia តាមរយៈ​គេហទំព័រ ​www.facebook.com/smartforcambodia
 

ក្រុមហ៊ុន​ Smart Axiata Co., Ltd.
No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង
កញ្ញា  តៅ  សុជាតា
ទូរស័ព្ទ៖​ +855 10 202 316
អ៊ីម៉ែល៖​  [email protected]











(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com