ក្រុមហ៊ុនស្ករគ្រាប់មួយមានមូលដ្ឋាននៅក្រុង Mississauga រដ្ឋអង់តារីយ៉ូ ប្រទេសកាណាដា ប្រកាសផ្តល់ប្រាក់បៀវត្សរ៍ដល់ទៅប្រមាណ១០ម៉ឺនដុល្លារក្នុង១ឆ្នាំសម្រាប់មុខតំណែង «អ្នកភ្លក្សរសជាតិស្ករគ្រាប់» ដែលជាផលិតផលក្រុមហ៊ុនរបស់ខ្លួន។ នេះបើតាមការផ្សាយរបស់ CNBC។
អ្នកដែលមានសមត្ថភាពភ្លក្សស្ករគ្រាប់ជាង៣៥០០គ្រាប់ជារៀងរាល់ខែ អាចដាក់ពាក្យប្រជែងការងារនៅក្រុមហ៊ុន Candy Funhouse សម្រាប់មុខតំណែងជានាយកប្រតិបត្តិគ្រប់គ្រងរសជាតិស្ករគ្រាប់ (Chief Candy Officer ជាភាសាអង់គ្លេស ឬ Directeur General des Confiseries ជាភាសាបារាំង)។
ក្រុមហ៊ុនកាណាដាមួយនេះ បានអះអាង ដែលត្រូវជ្រើសរើស នឹងទទួលបន្ទុកភ្លក្សស្ករគ្រាប់ជាប្រចាំ ហើយមានសិទ្ធិកោះប្រជុំក្រុមប្រឹក្សាភិបាល និងអនុម័តលើផលិតផលស្ករគ្រាប់ថ្មីៗរបស់ក្រុមហ៊ុន ជាមួយនឹងការប្រើប្រាស់ត្រា ត្រឹមត្រូវ។
ចំពោះការងារភ្លក្សវិញ គឺមានប្រមាណ១១៣ស្ករគ្រាប់ជារៀងរាល់ថ្ងៃ ពោលគឺលើសស្ទើរតែ៥ដងជាងចំនួនដែលបានណែនាំលើការបរិភោគស្ករគ្រាប់ប្រចាំថ្ងៃ។ នេះបើយោងតាមគោលការណ៍ណែនាំស្តីពីរបបអាហារ ដែលចេញផ្សាយដោយក្រសួងកសិកម្ម សុខាភិបាល និងសេវាកម្មមនុស្សជាតិសហរដ្ឋអាម៉េរិក។
ជាមួយនឹងប្រាក់បៀវត្សរ៍ប្រមាណ១០ម៉ឺនដុល្លារក្នុង១ឆ្នាំ នាយកប្រតិបត្តិគ្រប់គ្រងរសជាតិស្ករគ្រាប់ (CCO) ក៏នឹងទទួលបាននូវការធានារ៉ាប់រងលើបញ្ហាធ្មេញ យ៉ាងពេញលេញផងដែរ។ លក្ខខណ្ឌសម្រាប់មុខតំណែង CCO នេះ គឺបេក្ខជនត្រូវមានអាយុយ៉ាងតិច៥ឆ្នាំ និងរស់នៅក្នុងតំបន់អាម៉េរិកខាងជើង ហើយជាអ្នកចូលចិត្តស្ករគ្រាប់។
លោក Jamal Hejazi បានអះអាងប្រាប់ CNBC ថា អ្នកជាប់មុខតំណែង អាចធ្វើការពីផ្ទះ ឬធ្វើដោយផ្ទាល់នៅទីស្នាក់ការនៅក្រុង Newark រដ្ឋ New Jersey សហរដ្ឋអាម៉េរិក ឬនៅតូរ៉ុងតូ ប្រទេសកាណាដា។ ពួកគេអាចធ្វើការការងារ៤០ម៉ោងក្នុង១សប្តាហ៍ តែក៏នឹងមានការគោរពលក្ខខណ្ឌផ្សេងៗសម្រាប់អ្នកមានអាយុក្រោម១៨ឆ្នាំ។
ប្រសិនបើអ្នកក្រោមអាយុ១៥ឆ្នាំ ត្រូវបានជ្រើសរើស លោក Hejazi អះអាងថា គេអាចកាន់តំណែងនេះពេញមួយជីវិត។ លោកទទួលស្គាល់ថា ថ្នាក់ដឹកនាំវ័យក្មេង អាចពិបាកក្នុងការដឹកនាំ និងកោះប្រជុំក្រុមប្រឹក្សាភិបាល ប៉ុន្តែលោកជឿថា អ្វីៗនឹងអាចទៅរួច។
កាលបរិច្ចេទឈប់ទទួលពាក្យគឺនៅថ្ងៃទី៣១ ខែសីហា ហើយបានតាមការផ្សាយរបស់សារព័ត៌មាន 7sur7 ត្រឹមតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះ អ្នកដាក់ពាក្យមានជាង១០ម៉ឺននាក់ ដោយភាគច្រើនជាយុវជន ប៉ុន្តែក្នុងនោះក៏មានកុមារ២៥ភាគរយផងដែរ៕