អន្តរជាតិ
ក្រុមហ៊ុនមួយនៅកាណាដា​ផ្តល់បៀវត្សរ៍១០ម៉ឺន​ដុល្លារក្នុង១ឆ្នាំសម្រាប់ការងារភ្លក្ស​រសជាតិ​ស្ករគ្រាប់
13, Aug 2022 , 10:29 am        
រូបភាព
ដោយ: ធីតា

ក្រុមហ៊ុន​ស្ករគ្រាប់មួយមានមូលដ្ឋាន​នៅ​ក្រុង Mississauga រដ្ឋអង់តារីយ៉ូ ប្រទេស​​កាណាដា ប្រកាស​ផ្តល់​ប្រាក់បៀវត្សរ៍ដល់ទៅ​ប្រមាណ​១០ម៉ឺន​ដុល្លារ​ក្នុង​១ឆ្នាំ​សម្រាប់​មុខ​តំណែង «អ្នក​ភ្លក្សរសជាតិ​ស្ករគ្រាប់» ដែល​ជាផលិត​ផល​ក្រុមហ៊ុន​របស់​ខ្លួន។ នេះ​បើតាម​ការផ្សាយ​របស់​ CNBC។


អ្នក​​ដែល​មាន​សមត្ថភាព​ភ្លក្ស​ស្ករគ្រាប់​ជាង​៣៥០០គ្រាប់​ជា​រៀងរាល់​ខែ អាច​ដាក់​ពាក្យ​ប្រជែង​ការងារ​នៅ​ក្រុមហ៊ុន Candy Funhouse សម្រាប់​មុ​ខតំណែងជានាយក​ប្រតិបត្តិគ្រប់គ្រង​រសជាតិស្ករគ្រាប់ (Chief Candy Officer ជាភាសាអង់គ្លេស ឬ Directeur General des Confiseries ជាភាសាបារាំង)។ 


ក្រុមហ៊ុន​កាណាដាមួយនេះ បានអះអាង ដែល​ត្រូវ​ជ្រើសរើស នឹងទទួល​បន្ទុក​ភ្លក្ស​ស្ករគ្រាប់ជា​ប្រចាំ ហើយ​មាន​សិទ្ធិ​កោះ​ប្រជុំ​ក្រុម​ប្រឹក្សាភិបាល និង​អនុម័ត​លើ​ផលិត​ផល​ស្ករគ្រាប់ថ្មីៗ​របស់​ក្រុមហ៊ុន ជាមួយ​នឹង​ការ​ប្រើ​ប្រាស់ត្រា ត្រឹមត្រូវ។ 


ចំពោះការងារភ្លក្សវិញ គឺ​មាន​ប្រមាណ​១១៣ស្ករគ្រាប់ជារៀង​រាល់ថ្ងៃ ពោល​គឺ​លើសស្ទើរតែ​៥ដង​ជា​ងចំនួន​ដែល​បាន​ណែនាំ​លើ​ការ​បរិភោគ​ស្ករគ្រាប់​ប្រចាំថ្ងៃ។ នេះបើយោងតាមគោលការណ៍ណែនាំ​ស្តីពី​របបអាហារ ដែលចេញផ្សាយ​ដោយ​ក្រសួង​កសិកម្ម សុខាភិបាល និង​សេវាកម្ម​មនុស្ស​ជាតិសហរដ្ឋអាម៉េរិក។​


ជាមួយ​នឹងប្រាក់​បៀវត្សរ៍​ប្រមាណ​១០ម៉ឺន​ដុល្លារ​ក្នុង១ឆ្នាំ នាយក​ប្រតិបត្តិគ្រប់គ្រង​រសជាតិស្ករគ្រាប់ (CCO) ក៏​នឹង​ទទួល​បាន​នូវ​ការ​ធានារ៉ាប់រង​លើ​បញ្ហា​ធ្មេញ យ៉ាង​ពេញ​លេញ​ផងដែរ។ លក្ខខណ្ឌ​សម្រាប់មុខ​តំណែង CCO នេះ គឺ​បេក្ខជន​ត្រូវមានអាយុ​យ៉ាងតិច​៥​ឆ្នាំ និង​រស់នៅ​ក្នុងតំបន់អាម៉េរិកខាងជើង ហើយជាអ្នក​ចូល​ចិត្ត​ស្ករគ្រាប់។ 


លោក Jamal Hejazi បាន​អះអាងប្រាប់ CNBC ថា អ្នក​ជាប់​មុខ​តំណែង អាច​ធ្វើ​ការពីផ្ទះ ឬធ្វើ​ដោយផ្ទាល់នៅ​ទីស្នាក់ការនៅ​ក្រុង Newark រដ្ឋ New Jersey សហរដ្ឋអាម៉េរិក ឬ​នៅតូរ៉ុងតូ ប្រទេស​កាណាដា។ ពួក​គេអាច​ធ្វើការ​ការងារ​៤០ម៉ោង​ក្នុង១សប្តាហ៍ តែក៏នឹងមាន​ការគោរពលក្ខខណ្ឌ​ផ្សេងៗសម្រាប់អ្នកមាន​អាយុក្រោម​១៨​ឆ្នាំ។


ប្រសិន​បើ​អ្នកក្រោម​អាយុ​១៥​ឆ្នាំ ត្រូវបានជ្រើស​រើស លោក Hejazi អះអាងថា គេ​អាច​កាន់តំណែង​នេះពេញមួយជីវិត។ លោកទទួល​ស្គាល់ថា ថ្នាក់​ដឹកនាំវ័យ​ក្មេង​ អាចពិបាក​ក្នុងការដឹកនាំ និងកោះប្រជុំក្រុម​ប្រឹក្សាភិបាល ប៉ុន្តែ​លោកជឿថា អ្វីៗនឹងអាច​ទៅរួច។


កាលបរិច្ចេទ​ឈប់ទទួលពាក្យគឺនៅថ្ងៃទី​៣១ ខែសីហា ហើយ​បាន​តាម​ការផ្សាយ​របស់សារព័ត៌មាន 7sur7 ត្រឹមតែរយៈពេល​២សប្តាហ៍​ប៉ុណ្ណោះ អ្នក​ដាក់ពាក្យមាន​ជាង​១០ម៉ឺននាក់  ដោយភាគច្រើន​ជាយុវជន ប៉ុន្តែក្នុងនោះក៏មាន​កុមារ​២៥ភាគរយ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com