ជាតិ
សេដ្ឋកិច្ច
ធនាគារអេស៊ីលីដា បន្តពង្រឹងការផ្តល់កម្ចីឱ្យអតិថិជន ដោយគិតពីបរិស្ថាន និងសុខុមាលភាពសង្គម
12, Aug 2022 , 10:59 pm        
រូបភាព
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារអេស៊ីលីដា
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារអេស៊ីលីដា
ភ្នំពេញ៖ ១០ឆ្នាំហើយ ដែលធនាគារអេស៊ីលីដា បានសហការជាមួយធនាគារជប៉ុនSMBC ក្នុងការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុឱ្យអតិថិជន ដែលគិតគូរអំពីបរិស្ថាន សង្គម និងអភិបាលកិច្ចសាជីវកម្មល្អ។ បើតាមលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារអេស៊ីលីដា  តាមរយៈកិច្ចសហការនេះ អេស៊ីលីដា នឹងបន្តពង្រឹងក្នុងការផ្តល់ឥណទានឱ្យអតិថិជន ដោយរក្សាបាននូវបរិស្ថាន និងសង្គមឱ្យកាន់តែប្រសើរ។


អតិថិជនរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី  ពី៩ពាន់ខ្នាតអាជីវកម្ម ដែលមានទំហំទឹកប្រាក់ត្រឹម៤០០លានដុល្លារក្នុងឆ្នាំ២០១២ បានកើនដល់២១ពាន់ខ្នាតអាជីវកម្ម ដែលមានទំហំឥណទាន ២ ០០០លានដុល្លារអាម៉េរិក នាពេលបច្ចុប្បន្ន។ នេះ គឺជាផលដែលសម្រេចបានយ៉ាងល្អប្រសើរ នារយៈពេល១០ឆ្នាំមកនេះ ក្រោមកិច្ចសហការជាមួយធនាគារជប៉ុន Sumitomo Mitsui Banking Corporation (SMBC)។ នេះជាការលើកឡើងរបស់លោក អ៊ិន ចាន់នី ដោយបញ្ជាក់ថា ក្រៅពីនេះ ធនាគារអេស៊ីលីដា ក៏បានពង្រឹងធនធានតាំងពីថ្នាក់វិជ្ជាជីវៈដល់ថ្នាក់ភាគទុននិក   និងបានបង្កើតនូវរចនាសម្ព័ន្ធឌីជីថលផ្សេងៗសម្រាប់អតិថិជន ផងដែរ។

បន្ទាប់ពីសម្រេចបាននូវសមិទ្ធផលខាងលើហើយនោះ ធនាគារអេស៊ីលី នឹងបង្កើនភាពជាដៃឱ្យកាន់តែជិតស្និទមួយកម្រិតជាមួយធនាគារជប៉ុនSMBC  ដោយផ្តោតលើមូលនិធិសម្រាប់ផ្គត់ផ្គង់ការលូតលាស់របស់ស្ថាប័ន និងពង្រឹងប្រព័ន្ធឌីជីថលឱ្យកាន់តែទំនើប ព្រមទាំងពង្រីកការធ្វើហិរញ្ញប្បទានសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ជាដើម។ បើតាមលោក អ៊ិន ចាន់នី ទាំងនេះ គឺជាអ្វីដែលធនាគារអេស៊ីលីដានិងដៃគូ ត្រូវធ្វើបន្តទៅមុខទៀតដើម្បីឈានដល់ការអភិវឌ្ឍមួយកម្រិតទៀត ព្រោះនៅក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុ គឺមានការប្រកួតប្រជែងគ្នាខ្លាំង។

លោកប្រធាននាយកប្រតិបត្តិរបស់ធនាគារអេស៊ីលីដា បន្តថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីប្រារព្ធខួប១០ឆ្នាំនៃភាពជាដៃគូ អេស៊ីលីដា និង SMBC នាព្រឹកថ្ងៃទី១២សីហា ឆ្នាំ២០២២ ដូច្នេះ៖ «រឿងសំខាន់មួយទៀត ដែលយើងផ្លាស់ប្តូរបទពិសោធន៍ជាមួយ SMBC គឺពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ចសារជីវកម្ម ដែលយើងចែករំលែកព័ត៌មានគ្នាថា តើយើងត្រូវរៀបចំអ្វីខ្លះ ដើម្បីឱ្យការផ្តល់ឥណទានដោយរក្សាបាននូវបរិស្ថានល្អ? យើងត្រូវធ្វើអ្វីថែមទៀត ដើម្បីចូលរួមសង្គម ហើយអភិបាលកិច្ចសាជីវកម្មរបស់យើងត្រូវពង្រឹងកម្រិតណាទៀត ដើម្បីឈានកម្រិតគោលដៅដែលយើងចង់បាន»។

លោក អ៊ិន ចាន់នី បានអះអាងថា ការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុ គឺមិនមែនចេះតែផ្តល់ឱ្យអតិថិជនដើម្បីបានផលចំណេញតែមួយមុនគត់ទេ។ « [សម្រាប់អេស៊ីលីដា]គឺមានការគិតអំពីបរិស្ថាន ថាតើអ្នកទទួលសេវាឥណទានយកទៅប្រើប្រាស់ហ្នឹង បានប្រើទៅតាមអ្វីដែលយើងបានឯកភាពជាមួយគ្នាទេ? ថាមានប៉ះពាល់អ្វីខ្លះដល់បរិស្ថាន គឺយើងពិនិត្យមើលលើចំណុចហ្នឹងទៀត»។ នេះជាការពន្យល់បន្ថែមលោក អ៊ិន ចាន់នី។

ចំពោះរឿងការទទួលខុសត្រូវសង្គម លោកបាននិយាយថា ធនាគារអេស៊ីលីដា នឹងពង្រឹងលើសុខុមាលភាពអ្នកពាក់ព័ន្ធផ្សេងៗ ជាពិសេសសហការី និងអតិថិជនឱ្យកាន់តែប្រសើរ។ ដោយឡែក អភិបាលកិច្ចសារជីវកម្ម ធនាគារអេស៊ីលីដា នឹងអភិវឌ្ឍខ្លួនបន្ថែមដើម្បីក្លាយជាក្រុមហ៊ុនដែលមានលក្ខណៈអន្តរជាតិ និងជាសាកល។ លោក អ៊ិន ចាន់នីបញ្ជាក់ថា ៖ «នៅក្នុងការចំណាត់ថ្នាក់បរិស្ថាននិងសង្គម គេឱ្យពិន្ទុ៥ ។ ប៉ុន្តែយើងសព្វថ្ងៃទទួលបានពិន្ទុ៣ លើមធ្យមភាគ។ អ៊ីចឹង! យើងនឹងបង្កើនវាឱ្យដល់៤ពិន្ទុ ក្នុងរយៈពេលមិនលើសពី២ឆ្នាំទេ។ ចំណែក ចំណាត់ថ្នាក់អភិបាលកិច្ចសារជីវកម្ម វាអាស្រ័យលើចំណាត់ថ្នាក់លើប្រទេស បើប្រទេសនឹងកើនយើងនឹងមានកំណើនទៅតាមនឹងដែរ»។

សូមជម្រាបថា ធនាគារអេស៊ីលីដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ជាមួយធនាគារជប៉ុនSMBC សម្រាប់សហប្រតិបត្តិការធុរៈកិច្ចដែលផ្តល់អត្ថប្រយោជន៍គ្នាទៅវិញទៅមក ចាប់តាំងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២មក។ បន្ទាប់ពីសម្រេចបាននូវអនុស្សរណៈជាមួយគ្នានេះ ធនាគារជប៉ុន SMBC បានបោះទុនវិនិយោគនិងកាន់កាប់ភាគហ៊ុនចំនួន១២,២៥ភាគរយ នៅឆ្នាំ២០១៤ ហើយកើនដល់១៨,២៥ភាគរយនៃទុនវិនិយោគសរុបរបស់អេស៊ីលីដា នាពេលបច្ចុប្បន្ន៕

© រក្សាសិទ្ធិដោយ thmeythmey.com