អន្តរជាតិ
ចិនថាខ្លួនមានសិទ្ធិគ្រប់យ៉ាង ដើម្បីចាត់វិធានការសងសឹកលើសកម្មភាពបង្កអរិភាពរបស់អាម៉េរិក 13, Aug 2022 , 1:59 pm
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ ខែសីហា។ រូបភាពយកពីក្រសួងការបរទេសចិន
× អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១២ ខែសីហា បានប្រតិកម្មយ៉ាងខ្លាំងចំពោះសម្តីរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក ហៅតៃវ៉ាន់ជាប្រទេស។ ត្រង់ចំណុចនេះ មន្រ្តីក្រសួងការបរទេសចិន បានព្រមានថា រដ្ឋាភិបាលក្រុងប៉េកាំង មានសិទ្ធិគ្រប់យ៉ាង ដើម្បីចាត់វិធានការសងសឹកលើសកម្មភាពអរិភាព ដែលបង្កដោយក្រុងវ៉ាស៊ីនតោន។
ក្នុងសន្និសីទសារព័ត៌មានមួយនៅជប៉ុនក្នុងថ្ងៃទី៥ ខែសីហា លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក បានហៅតៃវ៉ាន់ថាជាប្រទេស បើទោះរដ្ឋាភិបាលអាម៉េរិកប្រកាសទទួលស្គាល់គោលការណ៍ចិនតែមួយក៏ដោយ។ ការហៅបែបនេះ បានធ្វើឱ្យចិនប្រតិកម្មយ៉ាងខ្លាំង ដោយចាត់ទុកជាសកម្មភាពបង្កអរិភាព និងបំពានគោលការណ៍ចិនតែមួយ រួមទាំងកិច្ចព្រមព្រៀងរវាងចិន-អាម៉េរិកផ្សេងទៀត។ បើតាមក្រសួងការបរទេស រដ្ឋាភិបាលក្រុងប៉េកាំងមានសិទ្ធិគ្រប់បែបយ៉ាង ដើម្បីចាត់វិធានការឆ្លើយតបបែបនោះ។
«ចិនមានសិទ្ធិគ្រប់យ៉ាង ដើម្បីចាត់វិធានការឱ្យខ្លាំងបំផុត ក្នុងការឆ្លើយតបនឹងសកម្មភាពបង្កអរិភាពរបស់អាម៉េរិក»។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា សកម្មភាពបែបនោះ ពិតជាសំខាន់ណាស់ ក្នុងកាលៈទេសៈបែបនេះ។ មន្រ្តីក្រសួងការបរទេសរូបនេះ បានយល់ឃើញថា ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី មិនអាចសម្រេចអ្វីទាំងអស់ ក្រោមការប្រើប្រាស់ហេតុផលប្រជាធិបតេយ្យ។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឌឺដងថា ប្រសិនបើលោកស្រីប្រធានសភាតំណាងអាម៉េរិកខ្វល់ពីបញ្ហាប្រជាធិបតេយ្យ លោកស្រីគួរធ្វើទស្សនកិច្ចនៅអាហ្វហ្កានីស្ថាន អ៊ីរ៉ាក់ ស៊ីរី និងលីប៊ី។ មិនតែប៉ុណ្ណោះ លោក Wang ជំទាស់ជាថ្មីចំពោះទស្សនកិច្ចរបស់លោកស្រីផេឡូស៊ីនៅតៃវ៉ាន់។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកនៅក្រុងតៃប៉ិ បានធ្វើឱ្យក្រុងប៉េកាំងរិះគន់យ៉ាងខ្លាំង ហើយថែមប្រកាសដាក់ទណ្ឌកម្មលើលោកស្រី ផេឡូស៊ី និងគ្រួសារថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com