ជាតិ
ជប៉ុនផ្តល់អាហារូបករណ៍ដល់មន្ត្រីខ្មែរ២៦នាក់ទៀត សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត​
13, Aug 2022 , 2:29 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្តី្រក្រសួងអប់រំ យុវជន និងកីឡា_។ រូបថត៖ ក្រសួងអប់រំ
លោក ហង់ជួន ណារ៉ុន រដ្ឋមន្តី្រក្រសួងអប់រំ យុវជន និងកីឡា_។ រូបថត៖ ក្រសួងអប់រំ
ដោយ៖ ចៀន និតា
 
រដ្ឋភិបាលជប៉ុនប្រកាសផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតដល់មន្ត្រីកម្ពុជា ២៦នាក់ទៀត សម្រាប់ឆ្នាំ២០២២។​ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា អាហារូបករណ៍ទាំងពីរកម្រិតនេះ គឺមានមុខជំនាញសិក្សាចំនួន៩ ដែលចាប់ទទួលពាក្យពីថ្ងៃទី២២សីហា ដល់២៥តុលា ឆ្នាំ២០២៣។
 
មន្ត្រីរាជការទាំងពីរភេទ អាចដាក់ពាក្យបន្តការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិត តាមរយៈកម្មវិធីអាហារូបករណ៍ជប៉ុន ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា(JDS)។​ សេចក្តីជូនដំណឹងរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ នាថ្ងៃទី១០សីហា ឆ្នាំ២០២២ បានបញ្ជាក់ថា  រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ដល់មន្ត្រីខ្មែរយ៉ាងច្រើនត្រឹម(អតិបរមា) ២៤នាក់ និងថ្នាក់បណ្ឌិត២នាក់។​
 
សម្រាប់មុខជំនាញដែលត្រូវសិក្សាលើថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតនេះ មាន៖ ១.ជំនាញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ(Infrastructure Development) ២. ជំនាញអភិវឌ្ឍវិស័យឯកជន(Private Sector Development) ៣. ជំនាញកែលម្អគុណភាពអប់រំ(Improvement of Education Quality)។ ៤. ជំនាញអភិវឌ្ឍជនបទ និងកសិកម្ម(Agriculture and Rural Development)៥. ជំនាញកែលម្អគុណភាពរស់នៅទីក្រុង (Improvement of Urban Living Environment) ៦. ការកែលម្អប្រព័ន្ធថែទំសុខភាព និងសន្តិសុខសង្កម(Improvement of Healthcare and Social Security System) ៧. ការកែលម្អមុខងាររដ្ឋបាល (Improvement of Administrative Function)។ ៨. ការអភិវឌ្ឍន៍ផ្នែកច្បាប់ និងតុលាការ(Legal and Judicial Development) និង៩. ជំនាញសាងសង់ទំនាក់ទំនងអន្តរជាតិ(Building of International Relations)។ 
 
បើតាមលោក ហង់ជួន ណារ៉ុន​ មន្ត្រីដែលអាចដាក់ពាក្យយកអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញបត្រ គឺត្រូវមានអាយុចន្លោះពី២២-៣៩ឆ្នាំ គិតដល់ថ្ងៃទី១មេសា ឆ្នាំ២០២៣ និងមានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់។ លើសពី​នេះ​ បុគ្គលរដ្ឋត្រូវមានបទពិសោធន៍ការងារពេញម៉ោងនៅតាមស្ថាប័នពាក់ព័ន្ធយ៉ាងហោចណាស់២ឆ្នាំ និងមានសុខភាពល្អបរិបូណ៍ទាំងកាយសម្បទា និងសតិបញ្ញា។​
 
ដោយឡែក​​ សម្រាប់ការពាក្យយកអាហារូបករណ៍សិក្សាលើថ្នាក់បណ្ឌិត  មន្ត្រីទាំងពីរភេទគឺត្រូវមានអាយុក្រោម៤៥ឆ្នាំ, ត្រូវមានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សាថា្នក់អនុបណ្ឌិតក្រោមកម្មវិធីអាហារូបករណ៍JDS និង​ ត្រូវមានអត្ថបទពិនិត្យរួមគ្នាមួយអត្ថបទ ដែលបោះពុម្ពផ្សាយក្នុងពេលទស្សនាវដ្តីវិទ្យាសាស្ត្រដែលទទួលស្គាល់ជាអន្តរជាតិ។ បេក្ខជនដែលចាប់អារម្មណ៍សិក្សានៅប្រទេសជប៉ុន គឺអាចបំពេញសំណុំឯកសារផ្សេងៗ មកផ្ញើការិយាល័យJICE-JDS នៅអគារ AURA Condominium ជាន់ទី៣ ផ្ទះលេខ៨៧ ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូណពេញ រាជធានីភ្នំពេញ។ 
 
រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ថា​ អាហារូបករណ៍ទាំង២កម្រិតនេះ គឺមិនផ្តល់ឱ្យគ្រូបង្រៀន​, មន្ត្រីជាន់កិច្ចសន្យា​  និងមន្ត្រីបម្រើការងារនៅតាមវិទ្យាស្ថានបណ្តុះបណ្តាលក្រោមក្រសួង ប៉ូលិស​ និងមន្ត្រីផ្នែកពន្លត់អគ្គិភ័យឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com