ជាតិ
ក្រសួងវប្បធម៌ នឹងរៀបចំសិក្ខាសាលាស្ដីពីវឌ្ឍនភាព ៤ឆ្នាំ នៃល្ខោនខោលកម្ពុជា ក្រោយចុះបញ្ជីយូណេស្កូ
13, Aug 2022 , 3:29 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាអំពី «ល្ខោនខោលកម្ពុជា» ដើម្បីរៀបចំរបាយការណ៍ ៤ឆ្នាំជូនអង្គការយូណេស្កូ និងដើម្បីពិគ្រោះយោបល់គ្នារវាងក្រុមល្ខោនខោលនានា ក្នុងការរិះរកនិងកំណត់យន្តការអភិរក្សទៅអនាគត។ សិក្ខាសាលានេះ គ្រោងធ្វើឡើងនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
 

 
​ល្ខោនខោលជាប្រភេទល្ខោនមួយយ៉ាងចំណាស់​ ក្នុងចំណោមទម្រង់សិល្បទស្សនីភាពកម្ពុជា  ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី  កាលពីថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៨ ។ ដូច្នេះសិក្ខាសាលានេះ នឹងមានបទបង្ហាញរបស់អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងតំណាងក្រុមល្ខោននានាផងដែរ ដើម្បីពន្យល់ពីសារៈសំខាន់នៃទម្រង់សិល្បៈបុរាណមួយនេះ។
បើតាមទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ «ល្ខោនខោលកម្ពុជា ៖ការរៀបចំរបាយការណ៍វឌ្ឍនភាព៤ឆ្នាំ» ធ្វើនៅសាលសម្ដែងនៃនាយកដ្ឋានសិល្បៈទស្សនីភាព ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីទម្រង់ អត្ថន័យ បរិបទនៃល្ខោនខោលកម្ពុជាដោយបង្ហាញអំពីសាវតា វិវឌ្ឍន៍ និងដំណើរទៅអនាគត។
ល្ខោន​ដ៏​ចំណាស់​របស់​ខ្មែរ​មួយ​នេះ ស្ថិតក្នុង​ចំណោម​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់ (Urgent Safeguarding List)​ដូច​បេតិកភណ្ឌ​ផ្សេងទៀត​ពី​អាល់​ហ្សេ​រី អា​សែ​បៃ​ហ្ស​ង់ អេ​ហ្ស៊ី​ប កេ​ន​យ៉ា ប៉ា​គី​ស្ថាន និង​ស៊ី​រី​។​
 
យោងតាម​សៀវភៅ «​បញ្ជីសារពើភ័ណ្ឌ​បេតិកភណ្ឌ​វប្បធម៌​អរូបី​​កម្ពុជា​» (Inventory of Intangible Cutural Heritage of Cambodia) ល្ខោនខោល បាន​វិ​វ​ឌ្ឍ​ចេញពី​ល្ខោន​ព្រះរាជ​ទ្រ​ព​ទៅជា​ល្ខោន​ដែល​សំដែង​ដោយ​មនុស្ស​ប្រុស​សុទ្ធ​។​
 
ល្ខោនខោល មាន​សំដែង​តែ​រឿង​រាមកេរ្តិ៍​ប៉ុណ្ណោះ ហើយ​ការសំដែង​មាន​អមដោយ​ពំនោល​សាច់រឿង និង​កំដរ​ដោយ​ភ្លេងពិណពាទ្យ​។ កាលពីដើម ល្ខោនខោល មាន​៦​ក្រុម ប៉ុន្តែ​បែកខ្ញែក​គ្នា​អស់​នៅ​សម័យ​សង្គ្រាម ហើយ​ក្រុម​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ជា​ក្រុម​តែមួយគត់​ដែល​នៅ​សេសសល់​។​
 
​សហគមន៍​វត្ត​ស្វាយ​អណ្ដែត​ដែល​ស្ថិតក្នុង​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​ថែរក្សា​ល្ខោនខោល និង​បង្រៀន​គ្នា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ពី​គ្រូ​ទៅ​សិស្ស រួមទាំង​ការសម្ដែង​ទៅតាម​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​របស់​សហ​គម​ន៍ ពេល​ចូលឆ្នាំ​ដើម្បី​សិរី​សួស្ដី និង​សុំ​ទឹកភ្លៀង​ធ្វើស្រែ​ចម្ការ​នៅ​ឆ្នាំ​បន្ទាប់ និង​កម្មវិធី​ផ្សេងៗ​ទៀត​។​
 
សូមបញ្ជាក់ដែរថា ចំពោះសាធារណជន សិល្បករ សិស្សនិស្សិត និងអ្នកស្រាវជ្រាវដែលមានបំណងចង់ចូលរួម អាចចូមរួមបានដោយមិនបង់ថ្លៃ។ ដោយកន្លែងមានកំណត់និងដើម្បីជួយសម្រួលដល់ការរៀបចំសូមចុះឈ្មោះឱ្យបានឆាប់ ចុះឈ្មោះបានតាមរយៈអ៊ីមែល [email protected] ឬ តាមលេខទូរស័ព្ទ ០១៧ ៤៣១ ៣០១ ឬ ០៩៦ ៧៥ ៨២ ២១៣៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com