អន្តរជាតិ
កូរ៉េខាងជើង ប្រកាសលើកចោលវិធានពាក់ម៉ាស់នៅក្នុងប្រទេស បន្ទាប់ពីជ័យជម្នះលើជំងឺកូវីដ-១៩
13, Aug 2022 , 4:29 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ រូបភាព៖ AFP
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ រូបភាព៖ AFP
កូរ៉េខាងជើង នៅថ្ងៃទី១៣ ខែសីហា បានប្រកាសលើកចោលបម្រាមពាក់ម៉ាស់ និងបន្ធូរបន្ថយការរឹតត្បិត ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផ្សេងទៀត។ ការប្រកាសនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលក្រុងព្យុងយ៉ាងប្រកាសពីជ័យជម្នះលើជំងឺកូវីដ-១៩។

 
 
៣ខែក្រោយការប្រកាសពីការផ្ទុះករណីជំងឺកូវីដ-១៩ ដំបូង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាន​ប្រកាសជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងកិច្ចប្រជុំមួយថ្ងៃទី១០ ខែសីហា។ បន្ថែមពីនេះ កូរ៉េខាងជើងបាន​ប្ដេជ្ញាសងសឹក​កូរ៉េ​ខាងត្បូង ដោយចោទថា ធ្វើឱ្យមានផ្ទុះការឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរចូល​ក្នុងប្រទេសខ្លួន។ 
 
បន្ទាប់ពីការប្រកាសខាងលើ កូរ៉េខាងជើង បានសម្រេចលើកចោលបម្រាមពាក់ម៉ាស់ និងបន្ធូរបន្ថយវិធានរឹតត្បិតជំងឺកូវីដ-១៩។ 
 
«វិធានរឹតត្បិតទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវបានបន្ធូរបន្ថយ ស្របពេលវិបត្តិសុខភាពសាធារណៈ ដែលត្រូវបានបង្កើតឱ្យមាននៅក្នុងប្រទេស ត្រូវបានលុបបំបាត់»។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានចុះផ្សាយបែបនេះ ដោយបន្តថា ដែនដីទាំងមូល ត្រូវបានប្រែក្លាយកន្លែងគ្មានវីរុសឆ្លង ត្រឹមរយៈពេលខ្លីបំផុត។
 
ទន្ទឹមនេះ ទីភ្នាក់ងារព័ត៌មានដដែល បានចុះផ្សាយថា បម្រាមពាក់ម៉ាស់ត្រូវបានលុបចោលនៅក្នុងតំបន់ទាំងអស់ លើកលែងតែតំបន់ និងក្រុងជាប់ព្រំដែន។ បន្ថែមពីនេះ ការរក្សាគម្លាត និងវិធានប្រឆាំងជំងឺឆ្លងផ្សេងទៀត ក៏ត្រូវលុបចោលផងដែរ លើកលែងតែតំបន់ព្រំដែន។ ដោយឡែក ប្រជាជនដែលចេញរោគសញ្ញាជំងឺផ្លូវដង្ហើម គឺតម្រូវឱ្យពាក់ម៉ាស់ ដើម្បីបង្ការជំងឺឆ្លង៕ 
 

Tag:
 កូរ៉េខាងជើង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com