ជាតិ
កញ្ញា ប៊ួ អាយយូង ចាប់អាជីពគ្រូបង្រៀន ព្រោះចង់ផ្ដល់ចំណេះវិជ្ជាដល់កុមារនៅស្រុកកំណើត
13, Aug 2022 , 4:59 pm        
រូបភាព
កញ្ញា ប៊ួ អាយយូង គ្រូបង្រៀននៅ សាលាបឋមសិក្សាម្នាង នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
កញ្ញា ប៊ួ អាយយូង គ្រូបង្រៀននៅ សាលាបឋមសិក្សាម្នាង នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
កោះកុង៖​ កញ្ញា ប៊ួ អាយយូង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេស នៅសាកលវិទ្យាល័យ មួយកន្លែងនៅរាជធានីភ្នំពេញ។ ក្រោយបញ្ចប់ការសិក្សានេះ​ កញ្ញាសម្រេចត្រលប់មកស្រុកកំណើតវិញ ដោយចាប់អាជីពជាគ្រូបង្រៀនដល់កុមារនៅសាលាបឋមសិក្សាម្នាង ស្ថិតនៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
 
ប៊ួ អាយយូង ជាយុវតីមួយរូប ដែលស្រឡាញ់ការងារជាគ្រូបង្រៀនតាំងពីកុមារភាពមកម្លេះ។ ក្រោយ ប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅអំឡុងឆ្នាំ២០១៤ អាយយូង បានបន្តការសិក្សាផ្នែកអក្សរសាស្ត្រអង់គ្លេសថ្នាក់បរិញ្ញបត្រនៅសាកលវិទ្យាល័យ ខេមរៈ ជាមួយនឹងការតាំងចិត្តខ្ពស់ក្នុងការពាំនាំយកចំណេះជំនាញ និងបទពិសោធន៍ល្អៗពីសាលា មកជួយអភិវឌ្ឍសហគមន៍ តាមរយៈការអប់រំ​និងផ្តល់ចំណេះវិជ្ជាដល់កុមារក្រីក្រជនបទ។ 
 
បច្ចុប្បន្នយុវតីវ័យ២៥ឆ្នាំរូបនេះ ជាគ្រូបង្រៀននៅសាលាបឋមសិក្សា​ម្នាង ដែលស្ថិតនៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង បន្ទាប់ពីនាងរៀនចប់ថ្នាក់បរិញ្ញបត្រ ព្រមទាំងបញ្ចប់ការសិក្សានៅសាលាគរុកោសល្យ នៅក្នុងឆ្នាំ២០១៨។  ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ(ThmeyThmey)អាយយូង បាននិយាយដូច្នេះ៖ «នៅឆ្នាំ២០១៦ ដែលកាលណោះ ខ្ញុំកំពុងសិក្សាឆ្នាំទី២ ខ្ញុំបានឆ្លៀតចូលប្រលងគ្រូ នៅសាលាគរុកោសល្យ ហើយក៏បានជាប់ និងមានឱកាសចូលរៀនគរុកោសល្យ រយៈពេល២ឆ្នាំនៅទីនោះ។ ក្រោយមកនៅឆ្នាំ២០១៨ ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេស ហើយក៏រៀនចប់ពីសាលាគរុកោសល្យ នាពេលនោះដូចគ្នាដែរ»។ 
 
ការរៀនចប់ពីសាលាគរុកោសល្យនេះ គឺជាភាពជោគជ័យមួយដែលធ្វើឱ្យ អាយយូង​ ឈានដល់ការសម្រេចបាននូវក្តីស្រមៃ ក្នុងការក្លាយខ្លួនជាគ្រូបង្រៀនក្របខ័ណ្ឌរដ្ឋ នៅក្នុងទឹកដីនៃស្រុកកំណើតរបស់ខ្លួនដល់ទល់បច្ចុប្បន្ន។​ បើតាម អាយយូង ការសម្រេចចិត្តមកធ្វើជាគ្រូបង្រៀននៅស្រុកកំណើតនេះ ក៏ព្រោះនាងតែចង់នៅជិតឪពុកម្ដាយ ជួបជុំគ្រួសារ និងបងប្អូនជាដើម។ លើសពីនេះ គឺនាងចង់ផ្ដល់ចំណេះដឹងដល់ក្មេងៗនៅក្នុងស្រុកកំណើតរបស់ខ្លួន និងចង់ឃើញពួកគេធំធាត់ឡើងដោយមានចំណេះដឹងគ្រប់ៗគ្នា។
 
ស្ថិតនៅក្នុងសម្លៀកបំពាក់អាវដៃវែងពណ៌ផ្ទៃមេឃនិងសំពត់បត់វែងពណ៌ខ្មៅ ដែលជាឯកសណ្ឋានគ្រូបង្រៀន អ្នកគ្រូសម្បុរស្រអែមវ័យក្មេងរូបនេះបានបញ្ជាក់ថា ៖«ខ្ញុំចូលចិត្តការបង្រៀន និងចង់ជួយកុមារតូចៗ ពិសេសក្មេងៗក្នុងស្រុកភូមិឱ្យមានចំណេះដឹង និងការអប់រំល្អ ដែលចេញពីសាលាត្រឹមត្រូវ»។ ការបង្រៀនសិស្សពីមួយទៅមួយឆ្នាំនារយៈបីឆ្នាំមកនេះ បានជំរុញទឹកចិត្តអ្នកគ្រូក្រមុំរូបនេះឱ្យកាន់តែស្រឡាញ់ និងសប្បាយចិត្តក្នុងកិច្ចការងារអប់រំ បើទោះបីមានការលំបាកមួយចំនួនកើតឡើងក៏ដោយ។​
 
«អារម្មណ៍ពេលខ្លះសប្បាយ ពេលខ្លះក៏ពិបាកដែរ ព្រោះការបង្រៀនក្មេងគឺពិបាកគ្រប់គ្រងពួកគាត់ក្នុងការបង្រៀន ជាពិសេសក្មេងៗថ្នាក់ទី១ ទី២ និងទី៣ រៀងពិបាកគ្រប់គ្រង»។ នេះជាលើកឡើងរបស់អ្នកកគ្រូ ប៊ូ អាយយូង ដោយបន្ថែមថា ៖ «ខ្ញុំសប្បាយចិត្តនៅពេលឃើញក្មេងតូចៗចង់មករៀន ចេះសរសេរ និងចេះអានអក្សរ។ នេះជាក្ដីសង្ឃឹមរបស់ខ្ញុំដែលចង់ឃើញសិស្សឬក្មេងៗក្នុងស្រុកកំណើតមានចំណេះវិជ្ជា។​ ខ្ញុំប្ដេជ្ញាបង្រៀន និងអប់រំសិស្សខ្ញុំគ្រប់រូបឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម»៕
 
 

Tag:
 ប៊ួ អាយយូង
 គ្រូបង្រៀន
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com