អន្តរជាតិ
ប៉ូលិសថៃស្នើឱ្យអតីតមេដឹកនាំស្រីលង្កាកុំចាកចេញពីកន្លែងស្នាក់នៅក្រោមហេតុផលសុវត្ថិភាព
13, Aug 2022 , 7:29 pm        
រូបភាព
អតីតប្រធានធិបតីស្រីលង្កាលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា។ រូបភាព៖ AFP
អតីតប្រធានធិបតីស្រីលង្កាលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា។ រូបភាព៖ AFP
អតីតប្រធានធិបតីស្រីលង្កាលោក ហ្គោតាបាយ៉ា​ រ៉ាចាប៉ាក់សា កំពុងតែស្នាក់នៅសណ្ឋាគារ មួយនៅកណ្ដាលទីក្រុងបាងកក ដោយប៉ូលិសថៃបានណែនាំមិនឱ្យលោកចាកចេញពីទីនោះ ឡើយក្រោមហេតុផលសុវត្ថិភាព។ នេះបើតាមប្រភពមួយដែលបានរាយការណ៍ប្រាប់កាសែត Bangkok Post នៅថ្ងៃទី១២ ខែសីហា។
 
តាមប្រភពមួយដែលបានរាយការណ៍ប្រាប់កាសែត Bangkok Post លោក ហ្គោតាបាយ៉ា​ រ៉ាចាប៉ាក់សា បានធ្វើដំណើរទៅដល់ថៃជាមួយមនុស្ស៣នាក់ផ្សេងទៀតតាមជើងហោះហើរត្រង់ពីសិង្ហបុរីទៅអាកាសយនដ្ឋានដុនមឿង ក្រុងបាងកកនៅម៉ោង៨យប់ ក្នុងថ្ងៃទី១១ ខែសីហា។
 
ប្រភពដដែលបានបញ្ជាក់ថា យន្តហោះរបស់លោករ៉ាចាប៉ាក់សា គ្រោងចុះនៅខេត្តភូកេត ប៉ុន្តែដោយសារតែបារម្ភពីការបែកធ្លាយព័ត៌មានជើងហោះហើររបស់លោក ក៏ត្រូវប្តូរទៅចុះនៅក្រុងបាងកកវិញ។ ពេលទៅដល់លោករ៉ាចាប៉ាក់សា ត្រូវបានអមដោយប៉ូលិស និងទាហានថៃ។
 
ខណៈនៅសណ្ឋាគារវិញ ទីតាំងជាក់ស្ដែងមិនត្រូវបានបង្ហាញជាសាធារណៈនោះឡើយ ហើយ ប៉ូលិសមកពីការិយាល័យផ្នែកពិសេស (Special Branch Bureau) ក៏ត្រូវបានដាក់ពង្រាយ ដើម្បីការពារសុវត្ថិភាពផងដែរ។ ទន្ទឹមនេះ មន្ត្រីបូលិសក៏បានស្នើសុំឱ្យអតីតមេដឹកនាំ ស្រីលង្ការូបនេះនៅតែក្នុងសណ្ឋាគារ និងមិនចេញទៅណាអំឡុងពេលស្នាក់នៅថៃ។
 
បន្ថែមពីនេះ ក្រុមសិទ្ធិមនុស្ស «គម្រោងការពិត និងយុត្តិធម៌អន្តរជាតិ» ដែលមានមូលដ្ឋាននៅ អាហ្វ្រិកខាង ត្បូងកាលពីខែមុន បានស្នើសុំសិង្ហបុរីជាផ្លូវការឱ្យចេញបទចោទប្រកាន់អតីត ប្រធានាធិបតីស្រីលង្កាពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងអំឡុងពេលសង្គ្រាមស៊ីវិលរយៈពេលជាច្រើនទសវត្សរ៍ក្រោមអាណត្តិរបស់លោក។
 
ក្រុមសិទ្ធិមនុស្សនោះបាននិយាយថា ខ្លួនបានជំរុញសិង្ហបុរីឱ្យអនុវត្តយុត្តាធិការសកលដើម្បី ចាប់ខ្លួនអតីតប្រធានាធិបតីពីបទបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។ យ៉ាងណាមិញ គេ​មិន​ដឹង​ថា​តើ​ការ​ស្នើ​សុំ​ដូច​គ្នា​នេះនឹង​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​ថៃដែរឬយ៉ាងណាឡើយ។
 
គួររំលឹកថា នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចន្ទអូចា បានអនុញ្ញាតឱ្យលោករ៉ាចាប៉ាក់សា ជ្រកកោនថៃបណ្ដោះអាសន្ន ក្រោមហេតុផលមនុស្សធម៌ ហើយថៃនឹងជួយរកប្រទេសទី បីឱ្យលោកជ្រកកោនជាអចិន្ត្រៃយ៍។ បន្ថែមពីនេះរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Don Pramudwinai បានបញ្ជាក់ថា លោករ៉ាចាប៉ាក់សា មានសិទ្ធិនៅថៃចំនួន ៩០ ថ្ងៃតែប៉ុណ្ណោះ៕
 

Tag:
 ថៃ
  ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com