ដោយ៖ ហេង ស្រីលីន
វិស័យវាយនភណ្ឌ ជាច្រវ៉ាក់ផលិតកម្មក្នុងឧស្សាហកម្មកាត់ដេរ ដូចជា ការផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបជាដើម។ ការងារ ត្រូវការកម្មករ-កម្មការិនីជាច្រើនផ្នែកដូចជា កម្មករកាត់ដេរ អ្នករៀបចំពុម្ព ធ្វើគំរូសម្លៀកបំពាក់ គ្រប់គ្រងការផលិត និងផ្នែកបញ្ជាទិញ រួមទាំងមុខងារផ្សេងទៀតសុទ្ធតែសំខាន់។ ដូច្នេះ ដើម្បីអភិវឌ្ឍខ្លួនក្នុងវិស័យវាយនភណ្ឌ តើបុគ្គលទាំងនោះត្រូវមានលក្ខណៈបែបណាខ្លះ នៅកន្លែងការងារ?
ថ្ងៃនេះសារព័ត៌មានThmeyThmey នឹងចែករំលែកនូវចំណេះដឹងមួយចំនួន សម្រាប់អ្នកដែលចាប់អារមុ្មណ៍ ធ្វើការងារនៅក្នុងវិស័យកាត់ដេរ ដោយដកស្រង់ពី សៀវភៅតម្រង់ទិសវិជ្ជាជីវៈ «ឧស្សាហកម្មកាត់ដេរ» របស់អង្គការស៊ីប៉ា។ ខាងក្រោយនេះ ជាអ្វីដែលអ្នកគួរយល់ដឹងពីលក្ខណៈពិសេសណាមួយក្នុងរោងចក្រ៖
តើអ្នកអាចធ្វើការជាក្រុមបានទេ?
ការងារក្រុម ពិតជាសំខាន់ក្នុងដំណើរការធ្វើអ្វីមួយទទួលបានជោគជ័យ។ បើក្រឡេកមក ការងារក្នុងរោងចក្រកាត់ដេរវិញ គឺមានប្រតិបត្តិការក្រុមការងារជាច្រើនធ្វើការរួមគ្នា ដើម្បីសម្រេចគម្រោងនីមួយៗ។ បុគ្គលម្នាក់ៗ ជាចំណែកសំខាន់ក្នុងច្រវ៉ាក់ផលិតកម្មការងារដ៏មមាញឹក និងស្មុគស្មាញនេះ។ ដូច្នេះ អ្នកត្រូវចេះសម្របខ្លួនតាមកាលៈទេសៈ ដើម្បីធ្វើការបានល្អជាមួយសមាជិកក្នុងក្រុម និងជាមួយក្រុមផ្សេងៗជារឿងចាំបាច់។
តើអ្នកចង់ឡើងដំណែងទេ?
ទោះជាអ្នកធ្វើការក្នុងផ្នែកផលិត ឬការគាំទ្រផ្នែកផលិតក៏ដោយ ការយកចិត្តទុកដាក់លើការងារ ជារឿងសំខាន់ណាស់ មិនថាការងារតូច ឬធំនោះទេ។ អ្នកត្រូវប្រាកដប្រជារាល់ចំណុចទាំងអស់នៃផ្នែកលម្អិតតូចៗទាំងនោះ។ អ្នកមិនត្រូវភ្លេចភ្លាំងច្រើន ឬធ្វើការដោយមិនយកចិត្តទុកដាក់បានទេ។ អ្នកត្រូវតែធ្វើការឱ្យបានល្អ ដូចការរំពឹងទុក និងត្រូវចេះវិភាគការបំពេញការងារខ្លួនឱ្យបានច្បាស់ ពិនិត្យព័ត៌មានឱ្យបានដិតដល់ និងចេះគ្រប់គ្រងផលិតកម្មឱ្យបានល្អ។
តើអ្នកជាមនុស្សពូកែដោះស្រាយបញ្ហាទេ?
ទោះអ្នកជាមនុស្សម៉ត់ចត់យ៉ាងណា ក៏រាល់ផែនការការងាររបស់អ្នកតែងតែជួបបញ្ហាជាក់ជាមិនខាន។ អ្នកមិនអាចកំណត់បញ្ហា និងស្វែងរកដំណោះស្រាយទុកជាមុនបានទេ។ ផ្ទុយទៅវិញ បុគ្គល ដែលពូកែដោះស្រាយបញ្ហា គឺជាអ្នកដែលចេះវិភាគពីបញ្ហា ដោយមិនជ្រួលច្របល់ និងធ្វើការសម្រេចចិត្តមួយៗតាមរយៈការលើកហេតុផល។
តើអ្នកអាចធ្វើតាមបញ្ជា និងអាចគ្រប់គ្រងក្រុមការងារបានទេ?
អ្នកធ្វើការក្នុងរោងចក្រកាត់ដេរមានតួនាទី និងទំនួលខុសត្រូវកំណត់យ៉ាងច្បាស់លាស់ សម្រាប់ជំនាញផ្សេងៗក្នុងកន្លែងការងារ។ ហេតុនេះ ដើម្បីធានាគុណភាពនៃផលិតកម្ម គេត្រូវបែងចែកលំដាប់លំដោយនៃមុខតំណែងតាមជំនាញបុគ្គលម្នាក់ៗ។
ចំពោះ អ្នកគ្រប់គ្រងការងារ ត្រូវរៀបចំកិច្ចការ សម្រាប់អ្នកធ្វើការនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ចំណែកអ្នកទទួលបង្គាប់ ត្រូវមានទំនួលខុសត្រូវលើការងារដែលអ្នកគ្រប់គ្រងខ្លួនដាក់ជូន។ តួនាទីនីមួយៗសុទ្ធតែសំខាន់ ដូច្នេះដើម្បីការងារដំណើរការដោយរលូន អ្នកត្រូវគោរពការសម្រេចចិត្តរបស់អ្នកគ្រប់គ្រងការងារ។
តើអ្នកមានជំនាញខាងទំនាក់ទំនងល្អទេ?
ជំនាញទំនាក់ទំនង ពិតជាសំខាន់ ជាពិសេសសម្រាប់អ្នកធ្វើការផ្នែកបញ្ជាទិញ គឺត្រូវការនិយាយជាមួយអតិថិជនជានិច្ច។ លើសពីនេះ ទោះជាអ្នកធ្វើការនៅផ្នែកផលិតក៏ដោយ អ្នកត្រូវតែមានជំនាញទំនងទំនងសម្រាប់ធ្វើជាទុន ក្នុងការធ្វើការងារដែរ។ វាជាអ្វីដែលបុគ្គលនីមួយៗគួរមាន មិនថាវិស័យណានោះទេ។ ការផ្តល់យោបល់ឱ្យគ្នាទៅវិញទៅមកជាវិធីសាស្រ្តល្អបំផុតនៅក្នុងការងាររបស់អ្នក។ ដូច្នេះអ្នកត្រូវពង្រឹងជំនាញទំនាក់ទំនង ដើម្បីបង្កើតឱកាសឱ្យខ្លួនឯងមានភាពប្រសើរឡើងជាងមុន៕