រថយន្ត
សង្គមអន្តរជាតិ​
អន្តរជាតិ
ម្តាយម្នាក់នៅចិនថា គ្រូជិះកង់ទៅបង្រៀន​ផ្តល់​ពីគំរូមិនល្អ ព្រោះកូនគាត់ជិះ BMW តាំងពីកើត..
22, Aug 2022 , 6:59 pm        
រូបភាព
ដោយ: ធីតា
ផ្ទុះការរិះគន់ពេញបណ្តាញសង្គមនៅក្នុងប្រទេសចិនទៅលើស្ត្រីម្នាក់ ក្រោយការបែកធ្លាយការសន្ទនាការឆ្លើយឆ្លងសារគ្នាមួយក្នុងក្រុម WeChat រវាងគ្រូ និងអាណាព្យាបាល។ យោងតាម​ការផ្សាយ​របស់ South China Morning Post ប្រតិកម្ម​របស់​ម្តាយ​រូបនោះ ត្រូវបាន​គេ​វាយ​តម្លៃថា មាន​ជាមនុស្សសម្ភារនិយម សំដីអសុរោះ និងមាន​ចរិត​រើសអើង។
 
រឿងរ៉ាវ​បាន​កើតឡើង​កាលពីអំឡុង​ខែ​មិថុនា ដោយ​សារព័ត៌មាន qq.com ​រៀបរាប់ពីគ្រូបង្រៀនម្នាក់ឈ្មោះ Wang ដែលបានជិះកង់ទៅបង្រៀន និង​បានជួប​កូន​សិស្ស​ម្នាក់តាមផ្លូវ។ ពេល​ទៅ​សាលា គាត់​បាន​ចូលអានក្រុម WeChat សម្រាប់គ្រូ និងឪពុកម្តាយ ហើយស្រាប់តែឃើញ​សារមួយ​ពីអាណាព្យាបាលម្នាក់។
 
កិច្ចសន្ទនា ដែលត្រូវបាន​ថតទុក (Screenshot) បាន​បង្ហាញឲ្យឃើញថា ម្តាយ​របស់សិស្ស រិះគន់គ្រូថា ក្រីក្រ​ជ្រុល រហូត​ដល់មិនមានលទ្ធភាពទិញ​ឡាន។ ចំពោះ​ករណីនេះ ស្ត្រីរូបនោះ យល់ថា ផ្តល់គំរូមិនល្អសម្រាប់កូនគាត់ ហើយ​អាចឲ្យគេគិតថា «ការសិក្សាគឺគ្មានន័យ»។
 
«លោកគ្រូ Wang សូមកុំជិះកង់ទៀតអី។ លោកគ្រូ​គួរ​ទិញ​ឡាន​ហើយ»។ ម្តាយរបស់សិស្ស​ឈ្មោះ Rongrong បាន​សរសេ​រយ៉ាង ដូច្នេះនៅក្នុង Group Chat ដែលមាន​សមាជិករួម​៥៨នាក់។ លោក Wang បាន​ឆ្លើយទៅវិញថា៖ «អរគុណម៉ាក់របស់ Rongrong ដែលបានយកចិត្តទុកដាក់។ តែវាជាបទពិសោធន៍​ដ៏រីករាយ​មួយចំពោះការជិះកង់។ អ្វី​ដែលពិសេសនោះ គឺ​ពីផ្ទះខ្ញុំទៅ​សាលា មិន​សូវឆ្ងាយនោះឡើយ»។
 
យោងតាម South China Morning Post ការឆ្លើយ​ឆ្លងបន្តមានទៅមានមក។ ម្តាយ​របស់​សិស្សនៅតែជំរុញ​ឲ្យ​លោក Wang ទិញឡាន ពិសេសងាយស្រួលពេលភ្លៀង។ លោកគ្រូបន្ត​ឆ្លើយថា៖ «​ប្រសិន​បើភ្លៀង ខ្ញុំនឹងមិនជិះកង់ឡើយ។ ខ្ញុំនឹងទទូរឆ័ត្រ ហើយ​ដើរទៅសាលា។ ម្យ៉ាងវិញទៀត ការដើរ កាន់តែពិសេស​សម្រាប់ខ្ញុំ»។
 
ម្តាយ​របស់ Rongrong នៅតែ​មិនអស់ចិត្តដោយគាត់បន្ត​បង្ហាញ​ហេតុផលផ្សេងៗដើម្បីជំរុញឲ្យគ្រូ Wang ទិញឡាន។ អ្នកស្រី​បាន​សរសេរថា៖ «កូន​ប្រុស​របស់ខ្ញុំជិះឡាន BMW តាំងពី​កើត​មក។ មនុស្សនៅជុំវិញ​គេ​សុទ្ធតែមានរថយន្តទំនើបៗ។ លោកជាគ្រូបង្រៀន​របស់គេ ហើយលោកជិះកង់។ តើគេ​នឹងគិតយ៉ាងណា បើតាមយោបល់​របស់លោក?»។
 
អ្នកស្រី​បាន​បន្ត​ថា រាល់ថ្ងៃគាត់ជំរុញកូន​ឲ្យ​ប្រឹងរៀនសូត្រ ប៉ុន្តែបែរជាគ្រូ​របស់គេជិះកង់ទៅវិញ ដូច្នេះ​វានឹងនាំឲ្យកូន​គាត់គិតថា គ្រូ​បង្រៀនមិនអាចរកលុយបាន​ ហើយ​ការ​សិក្សាគឺគ្មាន​ប្រយោជន៍។ អ្នកស្រី​បាន​ប្រៀបធៀបថា លោក Wang ធ្វើការពាក់កណ្តាលជីវិតទៅហើយ ប៉ុន្តែនៅ​តែ​មានស្តង់ដារស់នៅក្រោម​កូន​របស់គាត់ ដែលអង្គុយក្នុង BMW ​តាំងពីការ​កើត​មក។
 
លោកគ្រូ Wang ទំនងជាមិនមាន​ការតបតទៀតឡើយ ប៉ុន្តែក្នុងនោះ សារបង្ហាញពីការ​ចូលរួមមតិយោបល់​​របស់អាណាព្យាបាល​មួយចំនួន។ អាណាព្យាបាល​ម្នាក់​បានសរសេរថា៖ «ម៉ាក់ Rongrong អើយ តាំងពីគ្រួសារអ្នកស្រីមានធនធានធូរធា អ្នក​បែរជាស្អប់លោកគ្រូ Wang ដែលមិនមានឡាន។ ហេតុអ្វីបានជាអ្នកមិនទិញឡានមួយជូន​គាត់តែម្តងទៅ?»។
 
ក្រៅពីអាណាព្យាបាលផ្សេងទៀតនៅក្នុង Group Chat មតិជាច្រើន​ក៏បាន​លើកឡើង​ផងដែរនៅលើបណ្តាញសង្គម ជាពិសេស Weibo, Heilongjiang ដ៏ពេញនិយមនៅចិន។ អ្នកខ្លះ​រិះគន់ម៉ាក់​ Rongrong ថា ជាមនុស្ស​រើសអើង និងផ្តោត​លើ​សម្ភារនិយមជ្រុល​។
 
ក្នុងចំណោមអ្នកទាំងនោះ គ្រូបង្រៀនម្នាក់បាន​សរសេរថា៖​ «ខ្ញុំជាគ្រូបង្រៀនម្នាក់ ខ្ញុំធ្លាប់ឆ្លងកាត់បទពិសោធន៍បែបនេះ។ សិស្សមួយចំនួន​មើលងាយគ្រូដែលមិនមានឡានជិះ។ ខ្ញុំគិត​ថា ប្រការ​ដែលគួរធ្វើ​ប្រញាប់បំផុតនោះ គឺ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍គ្រូបង្រៀន»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com