Cristiano Ronaldo ខ្សែប្រយុទ្ធក្រុម Manchester United ជាកំពូលកីឡាករបាល់ទាត់មានប្រជាប្រិយភាព និងមានអ្នកស្គាល់ច្រើននៅជុំវិញពិភពលោក។ ដោយសារភាពលេចធ្លោក្នុងវិស័យនេះបានធ្វើឲ្យប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្លាយជាសេដ្ឋីមានប្រាក់រយលានដុល្លារ។ Ronaldo បានចំណាយប្រាក់ច្រើនសន្ធឹកទិញរថយន្តទំនើប ដោយក្នុងនោះរថយន្តម៉ាក Bugatti មានដល់ទៅ៤សេរី ដែលចំណាយអស់ជាង២០លានដុល្លារ។
មិនមែនមានតែរថយន្ត Bugatti នោះទេ Ronaldo ដែលសព្វថ្ងៃមានវ័យ៣៧ឆ្នាំ មានរថយន្តប្រណីតៗជាច្រើនគ្រឿងទៀតដែលរួមមានទាំង Mercedes, Rolls Royce, Ferrari, McLaren, Porsche និង Lamborghini ជាដើម ដែលសរុបជិត២០គ្រឿងឯណោះ។
យ៉ាងណាក៏ដោយ ថ្ងៃនេះយើងចង់បង្ហាញលោកអ្នកតែរថយន្តម៉ាក Bugatti ចំនួន៤គ្រឿង ៤សេរីផ្សេងគ្នារបស់ Ronaldo ប៉ុណ្ណោះ ដោយក្នុងនោះរថយន្តស្ព័ររបស់ក្រុមហ៊ុនបារាំងមួយនេះមានតម្លៃចាប់ពី២លានដុល្លារ ដល់ ជាង១២លានដុល្លារ។
បើតាមការចុះផ្សាយរបស់កាសែត The Sun ខ្សែប្រយុទ្ធក្រុមបិសាចក្រហមរូបនេះ ទើបតែបានបញ្ជាទិញរថយន្ត limited edition Bugatti Centodieci ផលិតឆ្នាំ២០២០ ដែលមានតម្លៃ១០,៥លានដុល្លារបន្ថែមទៀត ខណៈរូបគេនឹងក្លាយជាមនុស្សទី១០លើលោក ដែលមានសំណាងប្រើរថយន្តសេរីមួយនេះ។
ខាងក្រោមនេះជារថយន្ត Bugatti ៤សេរីផ្សេងគ្នាដែល Ronaldo ប្រើប្រាស់សព្វថ្ងៃ៖
១- Bugatti Veyron ឆ្នាំ២០១៦ តម្លៃជាង២លានដុល្លារអាមេរិក
២- Bugatti Chiron ឆ្នាំ២០១៧ តម្លៃ ២,៦១លានដុល្លារ
៣- Bugatti Centodieci ផលិតឆ្នាំ២០១៩ តម្លៃ ៩លានដុល្លារអាមេរិក
៤- Bugatti La Voiture Noire ឆ្នាំ ២០២១ តម្លៃ ១២,៥លានដុល្លារ៕