ជាតិ
រថយន្ត
លោក មីស៊ែល អ្នកស្នេហាឡានបុរាណនៅបារាំង មានឡានចំណាស់ជិត១០០ឆ្នាំ​មួយគ្រឿង
22, Aug 2022 , 7:59 pm        
រូបភាព
បារាំង៖ នៅ​ឯ​ប្រទេស​បារាំង មាន​អ្នក​ស្នេហា​រថយន្ដ​បុរាណ​ច្រើន។ ពួកគេ​ឧស្សាហ៍​ប្រមូលផ្តុំ​គ្នា។ ឧទាហរណ៍​ដូច​លោក រ៉ាម៉ាស មីស៊ែល ដែល​ចូលរួម​ព្រឹត្តិការណ៍ auto-rencard រៀងរាល់​ខែ លើកលែង​តែ​ករណីធ្លាក់​ភ្លៀង​ ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​ឡាន​កញ្ចាស់​របស់​គាត់។ អ្នក​ចូល​និវត្តន៍​មួយរូប​នេះ មាន​រថយន្ដ​បុរាណ​ម៉ាក RENAULT ​២គ្រឿង ​ដូច​ជាប្រភេទ 4CV ដែលមាន​អាយុ​កាល៧០ឆ្នាំ និង​ប្រភេទ 6CV ម៉ូឌែល KJ ផលិត​ខែតុលា ឆ្នាំ​១៩២៣ ! លោក មីស៊េល បាន​ទិញ​ឡាន RENAULT 4CV នោះ​យូរ​ហើយ។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោម៖
 
 
ប៉ុន្តែ​គាត់​ចង់​បាន​រថយន្ដ​ចាស់​ជាង​នេះ ដូច​ដែល​ត្រូវ​បាន​ផលិត​មុន​ឆ្នាំ​១៩៤០។ ​លោក រ៉ាម៉ាស មីស៊ែល បន្ថែមថា៖ «ជាង១០ឆ្នាំ​មុន បន្ទាប់​ពី​ខ្ញុំបានយករថយន្ដម៉ាក រ៉ឺណូ ប្រភេទ ៤សេស មក​ធ្វើ​ទំនើបកម្ម​រួចរាល់ហើយ ខ្ញុំ​ចាប់​ផ្ដើមរក​​ឡាន​បុរាណជាងនេះទៀត។ ពេល​នោះ​ ខ្ញុំ​ចង់បាន​រថយន្ដ​ពី​មុន​សង្គ្រាម​​លោក​លើក​ទី​២​។ ខ្ញុំ​ឃើញ១គ្រឿង​នេះ​ ដែល​ខូច​អស់​រលាង​។ ដូច្នេះ​មុន​ដំបូង ខ្ញុំ​ដក​គ្រឿង​ចេញ ហើយ​សំអាត ជួសជុល ឬដូរ​គ្រឿង​នី១ៗ យ៉ាង​លម្អិត ទាំង​ដែក ទាំង​ក្រណាត់​កៅស៊ូ ទាំង​ឈើ។ ខ្ញុំ​រៀន​បច្ចេកទេស ​ធ្វើ​ឱ្យ​ឈើ​ស្អាត​ដូច​ដើម និង​បច្ចេកទេស​កាត់​ឈើ​ថ្មី ​ធ្វើ​ឱ្យ​ដូច​ពី​ដើម។ ខ្ញុំ​ក៏​បាន​ដក​គ្រឿង​ម៉ាស៊ីន​ចេញ​ទាំងអស់ និង​រៀន​បន្ថែម​អំពីមេកានិក​បុរាណ។ បំណងរបស់​ខ្ញុំ ​គឺ​ទុក​គ្រប់គ្រឿង​ទាំង​អស់ ដែល​មិន​ចាំបាច់​ដូរ​។​»​។ 
 


គ្រឿង​ថ្មី ដែលគាត់​បាន​​ទិញសុទ្ធ​តែ​គ្រឿង​ធ្វើ​ដូច​សម័យមុន លើកលែងតែ​កញ្ចក់ឆ្លុះ និង​ស៊ីញ៉ូ ដែលពីដើម​មិន​មាន​ទេ។
 
ច្បាស់ហើយរថយន្ដ​ ដែល​មាន​អាយុកាល១០០ឆ្នាំ មាន​មេកានិក ​ខុស​ពី​រថយន្ដ​បច្ចុប្បន្ន​ឆ្ងាយ​។ លោក មីស៊ែល ក៏ពន្យល់​ប្រាប់​អំពី​របៀបបញ្ឆេះ​ម៉ាស៊ីនទាំង​២ ៖ « ឡាន​កញ្ចាស់​ដូច​នេះ ត្រូវ​ថែ​ទាំ​ឱ្យ​បាន​ល្អ​បំផុត។ កុំ​ធ្វើ​បែប​សើចលេង​ឱ្យ​សោះ !​ មុនបញ្ឆេះ ​រៀងរាល់​ដង​ត្រូវ​ពិនិត្យមើលកម្រិត និងបើកប្រព័ន្ធ​ទឹក ប្រេង និងសាំង​។ រួចហើយ​ ប្រសិនបើ ​មាន​អាគុយ ត្រូវតែ​ចុច​ប៊ូតុង​ដេ​ខាង​ក្នុង​ប៉ុណ្ណោះ។ បើ​មិន​មាន​អាគុយ​វិញ ត្រូវ​បង្វិល​ម៉ានីវ៉ែល ដែល​ស្ថិត​នៅខាង​មុខ [មិនមាន​ដែកកាង​ទេ] ដែល​ជា​ប្រព័ន្ធបែបដូច​ឌីណាម៉ូកង់ដែរ។»​។ 
 
 
រថយន្ដ RENAULT 6 Chevaux Vapeur ត្រូវបាន​ផលិតពី​ឆ្នាំ​១៩២៣ រហូតដល់​ឆ្នាំ​១៩២៩។ មាន​ម៉ូឌែល​៣ ដែលតាម​ពិត​ជា​ជំនាន់ ដូចជាម៉ូឌែល NN ផលិតពីឆ្នាំ១៩២៤ ដល់ឆ្នាំ​១៩២៩ ម៉ូឌែល​ MT ផលិតពីឆ្នាំ​១៩២៤ ដល់​ឆ្នាំ​១៩២៦ និង​ម៉ូឌែល KJ ផលិតពីឆ្នាំ​១៩២៣ ដល់​ឆ្នាំ​១៩២៤។ "6 Chevaux Vapeur" គឺជាកំលាំងម៉ាស៊ីន​​ ៦សេស ​តែម្ដង។ ប៉ុន្តែតាម​ពិតជាភាសា​និយាយគេ​ហៅថា "6 Chevaux" (ស៊ី​សឺវោ) និង​សរសេរ​ជា​អក្សរ​កាត់​ថា 6CV ។ ម៉ូឌែល​ KJ ត្រូវបាន​បង្ហាញ​ទៅ​សធារណជន​លើក​ដំបូង ឆ្នាំ​១៩២២ នៅ​ពិព័រណ៍​រថយន្ដ​អន្តរជាតិ នៅ​ប្រទេស​បារាំង។ វា​ស្រាល : ៨៦០គីឡូក្រាម​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​វា​មិន​អាច​ជិះ​ល្បឿន​លើស​ពី ៦០គីឡូម៉ែត្រ​ក្នុង​១ម៉ោង​បានទេ។ RENAULT 6CV KJ មាន​ទ្វារ​តែ១ប៉ុណ្ណោះ ស្ថិតនៅ​ខាង​ស្ដាំ។ ខាង​មុខ មាន​កៅអី​តែ១ប៉ុណ្ណោះ ប៉ុន្តែ​អាច​ដាក់​កៅអីបន្ថែម​ខាង​ស្ដាំក៏បាន សំរាប់​កុមារ​។ នៅប្រទេស​កម្ពុជា មាន​ឡាន​តែ​១គ្រឿងគត់ ​ពី​សម័យដូចគ្នា ប៉ុន្តែ​ត្រូវ​បាន​នាំ​វាចូល​ពីប្រទេស​បារាំងមក​ជា​ថ្មីៗ​នេះ។
 


បងប្អូន​បង្កើត​ RENAULT Fernand និង Marcel បាន​បង្កើតក្រុមហ៊ុន RENAULT ​ឆ្នាំ​១៨៩៨ នៅ​ទីក្រុង Boulogne-Billancourt ប្រទេស​បារាំង។ បើតាមចំនួនរថយន្ដ​ផលិត​ ឆ្នាំ​២០២១ ក្រុម​សម្ព័ន្ធ RENAULT-NISSAN-MITSUBISHI ជា​ក្រុម​សម្ព័ន្ធចំណាក់ថ្នាក់លេខ​៣ ​ទូទាំង​ពិភព​លោក។
 
គេ​រៀបចំ​ព្រឹត្តិការណ៍ auto-rencard រៀងរាល់ខែ ថ្ងៃ​អាទិត្យ​ដំបូង ក្នុង​ភូមិ​មួយ នៅ​ខេត្ត រ៉ូណាល ប្រទេស​បារាំង។ តាម​ធម្មតា​មិន​មាន​ប្រធានបទទេ។​ រថយន្ដ ឬទោចក្រយានយន្ដទាំងអស់ ដែល​មាន​អាយុកាល​ចាប់​ពី៣០ឆ្នាំឡើង​ទៅ អាច​ជិះ​ទៅ​ចូល​រួមបាន មិន​ថាសម័យណា ​ម៉ាកណា ឬពីប្រទេស​ណាទេ។ លោក មីស៊ែល ​បញ្ចប់​ដោយ​អះអាងថា ៖ « ខ្ញុំ​ឧស្សាហ៍​មក​បង្ហាញ​រថយន្ដ​បុរាណ​របស់​ខ្ញុំ​នៅ​ទីនេះ។ គ្រាន់​តែ​បាន​ឈប់​ពេល​ជំងឺ​កូវីដ​ផ្ទុះ​ខ្លាំង។ ឥឡូវនេះ ខ្ញុំ​មក​រៀងរាល់​ខែ ថ្ងៃ​អាទិត្យ​ដំបូង ដូច​មុន​វិញ»៕
 





 

Tag:
 
 យានយន្ត
 រថយន្ត
  ឡានបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com