ជាតិ
រថយន្ត
NADA៖ ពណ៌រថយន្ត​ដ៏ពេញនិយមបំផុតនៅអាម៉េរិកគឺ ស, ខ្មៅ, ប្រផេះ, ទឹកប្រាក់, ក្រហម
29, Aug 2022 , 8:19 pm        
រូបភាព
ដោយ: ធីតា
ផ្អែក​លើ​ទិន្នន័យនៃការលក់ចេញលើទីផ្សារ​យានយន្តអាម៉េរិក សមាគមជាតិចែកចាយយានយន្ត (National Auto Dealers Association-NADA) កំណត់បាន​បញ្ជីពណ៌​រថយន្ត​ដែលពេញនិយម​បំផុត​នៅ សហរដ្ឋអាម៉េរិក នារយៈពេល​ចុងក្រោយនេះ។
 
រថយន្តពណ៌ស ជារថយន្ត​ដែលពេញនិយម​ជាងគេ​បំផុត​នៅ​សហរដ្ឋអាម៉េរិក ដោយមាន២៣,៩ភាគរយ​ក្នុងចំណោម​អ្នក​ប្រើ​ប្រាស់។ នេះ​បើតាម​ការលើក​ឡើង​របស់ NADA ដែលត្រូវបាន​ចេញផ្សាយនៅ​លើ​គេហទំព័រ Infoscope។
 


ការ​ប្រើ​ប្រាស់​រថយន្តពណ៌​ខ្មៅ ក៏មាន​តួលេខ​ប្រកៀកគ្នា​ផងដែរ ដោយមាន​២៣,២ភាគរយ ខណៈរថយន្តពណ៌ប្រផេះ ស្ថិតនៅ​លំដាប់ទី៣ ដោយមាន​១៥,៥ភាគរយ។ រថយន្តពណ៌ទឹកប្រាក់ និងពណ៌ក្រហម ស្ថិតក្នុងចំណោម​ Top 5 ដែលមានតួលេខ​ក្នុងចំណោម​អ្នកប្រើប្រាស់១៤,៥ភាគរយ និង១០,៣ភាគរយ។
 
ពណ៌​ផ្សេងៗទៀត មាន​ការ​ប្រើ​ប្រាស់​ក្រោម​១០ភាគរយ​ក្នុងចំណោម​អ្នកប្រើ​ប្រាស់រថយន្តនៅសហរដ្ឋអាម៉េរិក។ រថយន្តពណ៌ខៀវស្ថិតនៅ​លេខ​រៀងទី៦ ដោយមាន​៩ភាគរយ បន្ទាប់មក គឺរថយន្តពណ៌ត្នោត ដែលមាន​១,៤ភាគរយ។
 
អត្រាប្រើ​ប្រាស់​ក្រោម​១ភាគរយ រួមមាន ពណ៌​បៃតង ដែលមាន​០,៧ភាគរយ ខណៈការប្រើ​ប្រាស់​រថយន្តពណ៌ត្នោតខ្ចី និង​រថយន្តពណ៌​ទឹកក្រូច មាន​០,៤ភាគរយ​ដូចគ្នា។


 
ក្រៅពី​ពណ៌​ទាំង​១០​ខាងលើ រថយន្តបីពណ៌ទៀត ក៏​មាន​ការពេញនិយម​ផងដែរពីបណ្តាអ្នក​ប្រើ​ប្រាស់នៅ​សហរដ្ឋអាម៉េរិក។ បើតាម NADA រថយន្តទាំងនោះ មាន ពណ៌មាស (០,៣ភាគរយ), ពណ៌លឿង (០,២ភាគរយ) និងពណ៌ស្វាយ (០,១ភាគរយ)។
 
ទាក់ទងនឹងពណ៌រថយន្ត អ្នកជំនាញ​បានលើកឡើងថា រថយន្តពណ៌ខ្មៅ ស្រូបកាំរស្មីព្រះអាទិត្យច្រើនជាង​រថយន្តពណ៌ស រីឯ​រថយន្តពណ៌ងងឹតស្រូបពន្លឺ​បានល្អជាងរថយន្តពណ៌ស្រាល។ ដោយសារ​តែ​ហេតុ​បែបនេះ ហើយ ទើប​រថយន្តពណ៌ខ្មៅ ឬងងឹត ច្រើនតែក្តៅជាង​រថយន្តពណ៌ស្រាល៕
 












© រក្សាសិទ្ធិដោយ thmeythmey.com